Sunday, September 22, 2024
Homeព័ត៌មានជាតិបោកខោអាវ សាកថ្មទូរស័ព្ទ ស្តាប់ចម្រៀង ឆក់ស្លាប់

បោកខោអាវ សាកថ្មទូរស័ព្ទ ស្តាប់ចម្រៀង ឆក់ស្លាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានរាយខ្សែភ្លើងចូលក្នុងបន្ទប់ទឹក ដើម្បីសាកថ្មទូរស័ព្ទ និងបើកចម្រៀងស្តាប់បណ្តើរ បោកខោអាវបណ្តើរ ស្រាប់តែអកុសល ត្រូវចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងបន្ទប់ទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ក្នុងបន្ទប់ទឹក មានឈ្មោះមុយ វ៉ាន់ទី ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

លោកប៉ាន់ វ៉ាននី អធិការនគរបាលស្រុកបាណន់ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក ខណៈពេលជនរងគ្រោះចូលទៅបោកខោអាវ។

លោកអធិការ បានបន្តថា តាមការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានតខ្សែភ្លើងចូលទៅក្នុងបន្ទប់ទឹក ដើម្បីសាកថ្មទូរស័ព្ទផង ចាក់បទចម្រៀងស្តាប់ផង និងបោកខោអាវបណ្តើរផង ប៉ុន្តែពេលនោះ ដោយមិនដឹងថា យ៉ាងម៉េច ស្រាប់តែប៉ះចំតំណខ្សែភ្លើង ក៏ត្រូវចរន្តអគ្គិសនីឆក់ ដេកស្តូកស្តឹង និងស្លាប់ភ្លាមៗ ដោយមិនអាចជួយសង្គ្រោះបានឡើយ។

លោកអធិការ បានបញ្ជាក់ទៀតថា ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។ មូលហេតុដោយសារការធ្វេសប្រហែសរបស់ជនរងគ្រោះ ដែលបានតខ្សែភ្លើងចូលបន្ទប់ទឹក មិនមានការប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES