Sunday, September 22, 2024
Homeព័ត៌មានជាតិទុក្ខជាន់ទុក្ខ កូន៣ឈឺដេកពេទ្យ ម៉ែជាប់គុក

ទុក្ខជាន់ទុក្ខ កូន៣ឈឺដេកពេទ្យ ម៉ែជាប់គុក

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញដីកា សម្រេចឃុំខ្លួនអ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវ ចំនួន៩នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ទទួលផលចោរកម្ម” ហើយក្នុងចំណោមជនជាប់សង្ស័យទាំង៩នាក់នោះ មានស្ត្រីម្នាក់កំពុងបែកបាក់ប្តីប្រពន្ធ ដោយបន្សល់ទុកកូន ៣នាក់ កំពុងឈឺ ដោយខ្លះសម្រាកនៅផ្ទះ និងខ្លះទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ។

ជនសង្ស័យទាំង៩នាក់ រួមមាន ៖ ទី១-ឈ្មោះលី វ៉ានឆៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររុញម៉ូតូនៅហាងបញ្ចាំ ពន្លឺខ្សាច់មាស។ ទី២-ឈ្មោះធន់ ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិក។ ទី៣-ឈ្មោះស៊ុន ហាច ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ។ ទី៤-ឈ្មោះស៊ឹម សុខា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិក។ ទី៥-ឈ្មោះប៉េង ឡេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបុគ្គលិក។ ទី៦-ឈ្មោះរឿង សុវណ្ណរ៉េត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកយាមឃ្លាំង។ ទី៧-ឈ្មោះប៊ុន សុខលីម ភេទស្រី អាយុ៤២ឆ្នាំ អ្នកបោសសម្អាត និងមើលផ្ទះ។ ទី៨-ឈ្មោះនិត នឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិក និងទី៩-ឈ្មោះមួង សុណា ហៅស្រីមុំ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងខណៈបញ្ជាការឯកភាពខណ្ឌទួលគោក រាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យឃ្លាំងនិងកន្លែងទទួលបញ្ចាំយានយន្តគ្រប់ប្រភេទ នៅម្តុំឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ជាលទ្ធផល សមត្ថកិច្ច បានដកហូតម៉ូតូចំនួន ៣០គ្រឿង ពីផ្ទះរបស់ឈ្មោះមួង សុណា ដែលពុំមានឯកសារគ្រប់គ្រាន់ទេ។ ក្នុងចំណោមម៉ូតូទាំង ៣០គ្រឿងនោះ គឺមានម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ១គ្រឿង ត្រូវបានគេយកទៅបញ្ចាំ ដែលម្ចាស់ឈ្មោះធិន ស្រីយឿន អាយុ៤០ឆ្នាំ ហើយម្ចាស់បានបង់ការប្រាក់ ចំនួន៧០ដុល្លារ ក្នុង១ខែ។ ស្រាប់តែនៅថ្ងៃសមត្ថកិច្ចចុះត្រួតពិនិត្យឃ្លាំងបញ្ចាំទាំងអស់នោះ ឈ្មោះធិន ស្រីយឿន បានទៅដាក់ពាក្យប្តឹងថា មានគេដាក់ថ្នាំសណ្តំកូនប្រុសគាត់ ឱ្យយកម៉ូតូនោះទៅបញ្ចាំទៅវិញ ជាហេតុធ្វើឱ្យសមត្ថកិច្ចឃាត់ខ្លួនស្ត្រីឈ្មោះមួង សុណា ក្រោមការចោទប្រកាន់ពីបទទទួលផលចោរកម្ម។

ក្រោយពីឃាត់ខ្លួនស្ត្រីឈ្មោះមួង សុណា ហៅស្រីមុំ និងមនុស្សចំនួន ៨នាក់ទៀត សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យស្ថាប័នអយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់ជនសង្ស័យជាផ្លូវការ រួចចាត់បញ្ជូនទៅចៅក្រម ស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការជំនុំជម្រះទោសលើអង្គសេចក្តី។

ប៉ុន្តែអ្វីដែលបន្សល់ទុកនៅពីក្រោយនៃការឃុំខ្លួនជនសង្ស័យទាំង៩នាក់នោះ មានស្ត្រីម្នាក់ឈ្មោះមួង សុណា ហៅស្រីមុំ ស្នាក់នៅផ្ទះ លេខ4A ស្ថិតក្នុងភូមិ៣ ផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ជាស្ត្រីដែលរងនូវវិបត្តិធ្ងន់ជាងគេ គឺកំពុងជួបការបែកបាក់ប្តីប្រពន្ធ និងត្រូវទទួលបន្ទុកក្នុងរង្វង់គ្រួសារ មានកូនតូចៗចំនួន២នាក់ កំពុងមានជំងឺធ្ងន់ធ្ងរ ដេកនៅមន្ទីរពេទ្យ ដោយកូនប្រុសឈ្មោះ ហ៊ាង រតនៈ អាយុ៨ឆ្នាំ មានករខ្ទុះនៅក្នុងក្បាលផ្នែកខាងមុខ ហើយត្រូវការវះកាត់បន្ទាន់ និងកូនស្រីតូច អាយុ១ឆ្នាំ មានជំងឺគ្រុនឈាម កំពុងព្យាបាលបន្ទាន់ និងកូនម្នាក់ទៀត ត្រូវថែទាំដោយជីដូនចាស់ជរា។

ករណីខាងលើនេះដែរ សាច់ញាតិ និងអ្នករស់នៅក្បែរខាងជនសង្ស័យស្ត្រីឈ្មោះមួង សុណា ហៅស្រីមុំ បានលើកដៃសំពះអង្វរករដល់គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក៏ដូចជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងស្ថាប័នតុលាការ ជាពិសេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាសន្តោសប្រណី ដោះលែងជនសង្ស័យឈ្មោះមួង សុណា ហៅស្រីមុំ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីបានមើលថែទាំកូនតូចៗដែលកំពុងមានជំងឺ ត្រូវការសង្គ្រោះបន្ទាន់ ដោយខ្លះដេកផ្ទះ និងខ្លះទៀតដេក នៅមន្ទីរពេទ្យ៕

RELATED ARTICLES