Sunday, September 22, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះប្តីប្រពន្ធ បោកលុយគេរាប់ម៉ឺនដុល្លារ

វ៉ៃខ្នោះប្តីប្រពន្ធ បោកលុយគេរាប់ម៉ឺនដុល្លារ

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ពាក់ព័ន្ធទៅនឹងករណីឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់ អស់រាប់ម៉ឺនដុល្លារ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បុរសជាប្តី មានឈ្មោះជូន រីរ៉ែន អាយុ២៤ឆ្នាំ មុខរបរភ្នាក់ងារអចលនទ្រព្យ មានស្រុកកំណើតនៅភូមិចុងកោះ ឃុំកោះឧញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកស្ត្រីជាប្រពន្ធ មិនទាន់ត្រូវបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណនៅឡើយ។ ដោយឡែកជនរងគ្រោះដែលបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល មានចំនួន ១១នាក់ និងមានច្រើននាក់ទៀត ដែលមិនទាន់មកដាក់ពាក្យបណ្តឹង។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យ ជាមនុស្សស្គាល់គ្នា កន្លងមកជនសង្ស័យបានប្រើរូបភាពបោកបញ្ឆោតថា ខ្លួនជាអ្នកលក់ផ្ទះល្វែង និងដីឡូត៍ ហើយបានមកលួងលោមសុំខ្ចីលុយជនរងគ្រោះ ម្តងម្នាក់ៗ ដោយប្រាប់ថា ចាំរូបគេលក់ផ្ទះល្វែង ឬដីឡូត៍ដាច់ នឹងសងវិញ ឬក៏អាចបង្វិលកាត់ជាផ្ទះល្វែង ក៏ដូចជាដីឡូត៍ឱ្យវិញក៏បាន។ ដោយសារតែជឿលើពាក្យផ្អែមល្ហែមលួងលោមរបស់ជនសង្ស័យខាងលើ ទើបពួកគាត់ជាជនរងគ្រោះ ក៏ព្រមឱ្យខ្ចីលុយជាបន្តបន្ទាប់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង ១១នាក់ ដែលមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ មានអ្នកខ្លះអស់លុយ ៧ពាន់ដុល្លារ ម៉ូតូ ១គ្រឿង  អ្នកខ្លះជាង ១ម៉ឺនដុល្លារ ខ្លះទៀត ៣ម៉ឺនដុល្លារ និងមានជាច្រើនទៀតផង។

ជនរងគ្រោះម្នាក់ បានប្រាប់ឱ្យដឹងថា រូបគាត់បានចាញ់បោកជនឆបោកខាងលើ អស់លុយចំនួន៧ពាន់ដុល្លារ និងម៉ូតូម៉ាក Zoomer-X មួយគ្រឿង ដោយដំបូងឡើយ ជនឆបោកខាងលើបានមកជួបគាត់ ដោយនិយាយថា គេត្រូវការលុយសុទ្ធជាប្រញាប់ ដោយទុកសែក ១សន្លឹកឱ្យ ក្នុងនោះមានទឹកប្រាក់ចំនួន ១៣០០០ដុល្លារ ជាថ្នូរ ហើយថែមទាំងខ្ចីម៉ូតូ ជិះទៅជួបគេសិនទៀតផង។

ជនរងគ្រោះ បន្តថា ដោយឃើញសែក ១សន្លឹកនោះ មានទឹកប្រាក់រហូតទៅដល់ ១៣០០០ដុល្លារ ទើបគិតថា គេមិនបោក ក៏ព្រមឱ្យខ្ចីលុយ ហើយឱ្យខ្ចីម៉ូតូទៅជិះទៀត ស្រាប់តែជនឆបោករូបនោះ ទៅបាត់រហូត ទាក់ទងមិនបាន ទើបគាត់ដាច់ចិត្តកាន់សែក ១សន្លឹកនោះ ទៅធនាគារ ដើម្បីពិនិត្យ ខណៈឱ្យធនាគារពិនិត្យ ទើបដឹងថា ជាសែកស្អុយ គ្មានសាច់ប្រាក់។

រហូតមកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះទទួលដំណឹងថា ជនឆបោក សំងំលាក់ខ្លួននៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ទើបជនរងគ្រោះប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឱ្យឃាត់ខ្លួន យកមកដោះស្រាយតែម្តង។

ក្រោយពីដឹងថា ឃាត់ខ្លួនជនឆបោកខាងលើបានហើយ ក្រុមជនរងគ្រោះផ្សេងៗទៀតបាន មកដាក់ពាក្យបណ្តឹងគ្រប់ៗគ្នា តែដោយសារនៅសង្កាត់ចោមចៅទី៣ មានជនរងគ្រោះតែម្នាក់ ទើបសមត្ថកិច្ចបញ្ជូនជនសង្ស័យ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា វិញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES