Sunday, September 22, 2024
Homeព័ត៌មានជាតិប្តីនាំប្រពន្ធទៅលេងភ្នំឧដុង្គ មកផ្ទះវិញ ចងកស្លាប់

ប្តីនាំប្រពន្ធទៅលេងភ្នំឧដុង្គ មកផ្ទះវិញ ចងកស្លាប់

ខេត្តកណ្តាល ៖ ប្តីប្រពន្ធ ២នាក់ បាននាំគ្នាចេញទៅដើរលេងនៅភ្នំឧដុង្គ លុះពេលទៅដល់ បុរសជាប្តី បានផឹកស្រារហូតដល់ស្រវឹង រួចបើករថយន្តបុកខឿនវត្តង ធ្វើឱ្យកើតមានជម្លោះពាក្យសម្តីជាមួយគ្នា នៅពេលធ្វើដំណើរតាមរថយន្ត ត្រឡប់មកផ្ទះវិញ។ ក្រោយមក បុរសជាប្តី មួម៉ៅក្តៅចិត្តខ្លាំង ក៏បើករថយន្តមកផ្ទះ ចោលប្រពន្ធបាត់ ស្រាប់តែព្រឹកស្អែកឡើង ស្ត្រីជាប្រពន្ធ ទទួលបានដំណឹងថា ប្តីរបស់ខ្លួន បានចងកស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចដើមក្រូចថ្លុង ខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះ ងន ចាន់រិទ្ធា អាយុ២៧ឆ្នាំ មុខរបរបើកបរគ្រឿងចក្រ មានលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះ និងប្រពន្ធ បាននាំគ្នាទៅដើរលេងនៅវត្តឧដុង្គ ខេត្តកំពង់ស្ពឺ។ ពេលដើរលេងនោះ ជនរងគ្រោះ បានផឹកស្រាស្រវឹង និងបានកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធទៀតផង លុះក្រោយមក ក៏ឡើងបើករថយន្តទៅបុកខឿនវត្ត ទើបស្ត្រីជាប្រពន្ធ បានឱ្យប្តីឈប់ឡាន ចុះមកសម្រួលអារម្មណ៍ និងសម្រាកឱ្យស្វាងបន្តិចសិន  តែបុរសជាប្តី មិនព្រមស្តាប់ និងបានសួររកទូរស័ព្ទ តែប្រពន្ធឆ្លើយថា មិនឃើញទេ។ ពេលនោះ បុរសជាប្តី កាន់តែខឹងច្រឡោត ក៏ឡើងបើករថយន្តចេញទៅបាត់ ដោយទុកប្រពន្ធចោលនៅតែម្នាក់ឯង ហើយប្រពន្ធបានទៅដេកនៅផ្ទះសំណាក់ នៅភ្នំពេញ ម្នាក់ឯង។ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ស្ត្រីជាប្រពន្ធ បានទទួលទូរស័ព្ទពីសាច់ញាតិថា ប្តីរបស់ខ្លួន បានចងកនៅលើដើមក្រូចថ្លុង ស្លាប់បាត់ហើយ។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍បន្ទាយដែក ឱ្យចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍បន្ទាយដែក សហការជាមួយកម្លាំងផ្នែកកោសល្យវិច័យស្រុកកៀនស្វាយ អាជ្ញាធរភូមិ-ឃុំ គ្រូពេទ្យឃុំបន្ទាយដែក និងក្រុមគ្រួសារសព ចុះពិនិត្យសព រួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន។ មូលហេតុដោយសារផឹកស្រាស្រវឹង និងកើតមានជម្លោះពាក្យសម្តីជាមួយប្រពន្ធ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES