Monday, February 3, 2025
Homeព័ត៌មានជាតិស្ត្រីឃាតករច្របាច់កសម្លាប់ក្នុងឡាន ប្អូនស្រីបដិសេធមានសហាយ

ស្ត្រីឃាតករច្របាច់កសម្លាប់ក្នុងឡាន ប្អូនស្រីបដិសេធមានសហាយ

ភ្នំពេញ ៖ ករណីឃាតកម្ម ច្របាច់កសម្លាប់ស្ត្រីម្នាក់ រួចដឹកសពតាមរថយន្តយកទៅប្លុងចោលក្រោយផ្សារទំនើបភូពុយ ក្រុងបាត់ដំបង រហូតដល់សពហើមស្អុយ ទើបមានអ្នកប្រទះឃើញ ដែលត្រូវបានសមត្ថកិច្ចជំនាញកម្ពុជា-ថៃ សហការតាមចាប់ខ្លួនជនជាឃាតករដល់ក្នុងទឹកដីថៃ និងត្រូវបានជនសង្ស័យជាឃាតករ សារភាពថា រវាងរូបគេនិងស្ត្រីរងគ្រោះ ជាសង្សារ ហើយមូលហេតុដែលឈានដល់ការសម្លាប់ ព្រោះតែភ្លើងប្រចណ្ឌនោះ ត្រូវបានប្អូនស្រីបង្កើតរបស់សពស្ត្រីរងគ្រោះ ចេញមុខបដិសេធ ច្រានចោលចម្លើយសារភាពរបស់ជនដៃដល់ ដោយអះអាងថា រវាងបងស្រីរបស់ខ្លួន និងជនជាឃាតករ គ្មានទំនាក់ទំនងជាសហាយស្មន់នឹងគ្នានោះទេ។

គួរបញ្ជាក់ថា ជនដៃដល់ជាឃាតករដែលច្របាច់កសម្លាប់ស្ត្រីរងគ្រោះនៅក្នុងរថយន្ត និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ មាស ពេជ្របូរមី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះឌិន សោភា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរជាអ្នកសម្អាង និងកែសម្រស់ ព្រមទាំងគក់ជេរលក់ដីឡូត៍ និងលក់អនឡាញទៀតផង មានលំនៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករ ឈ្មោះមាស ពេជ្របូរមី បានឆ្លើយសារភាពថា តាមពិត រូបគេនិងស្ត្រីរងគ្រោះ គឺជាគូស្នេហ៍ ហើយរូបគេក៏ដឹងថាស្ត្រីរងគ្រោះ មានប្តីរួចទៅហើយដែរ តែក្រោយមក រូបគេបានដឹងថា ស្ត្រីរងគ្រោះនៅមានទាក់ទងស្នេហាជាមួយមនុស្សប្រុស ២-៣នាក់ផ្សេងទៀត ទើបធ្វើឱ្យរូបគេមានចិត្តប្រចណ្ឌ ទើបកើតជាជម្លោះ និងឈានដល់ការជ្រុលដៃសម្លាប់ស្ត្រីរងគ្រោះជាគូស្នេហ៍បែបនេះតែម្តង។

ជុំវិញចម្លើយសារភាពរបស់ជនសង្ស័យជាឃាតករខាងលើនេះ បានធ្វើឱ្យក្រុមគ្រួសារសពស្ត្រីរងគ្រាះ មានប្រតិកម្មយ៉ាងខ្លាំង ដោយក្នុងនោះ ប្អូនស្រីរបស់ស្ត្រីរងគ្រោះ បានចេញមុខបដិសេធ និងច្រានចោលនូវចម្លើយសារភាពរបស់ជនដៃដល់ ដោយអះអាងថា រវាងបងស្រី របស់ខ្លួន និងជនជាឃាតករ គ្មានទំនាក់ទំនងជាសហាយស្មន់នឹងគ្នាឡើយ ពោលគឺមានទំនាក់ទំនងត្រឹមតែជាអតិថិជន និងភ្នាក់ងារលក់ប៉ុណ្ណោះ ហើយករណីនេះ ជាករណីសម្លាប់ប្លន់យកទ្រព្យបងស្រីរបស់ខ្លួន។

ប្អូនស្រីរបស់ស្ត្រីរងគ្រោះ បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់ខ្លួន នៅព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ថា “ក្នុងនាមខ្ញុំជាប្អូនស្រីជនរងគ្រោះ ខ្ញុំសុំច្រានចោលនៃចម្លើយសារភាពរបស់ជនដៃដល់ វាមិនមែនជាកាពិតទេ ទំនាក់ទំនងរវាងឃាតករនិងជនរងគ្រោះ ត្រឹមតែជាអតិថិជន និងភ្នាក់ងារលក់ទេ វាប្លន់យកទ្រព្យជនរងគ្រោះ ខ្លាចជនរងគ្រោះប្តឹងវា ព្រោះជនរងគ្រោះ ស្គាល់ផ្ទះវា ស្គាល់ម៉ែឪវាច្បាស់ អ៊ីចឹងហើយបានវាសម្លាប់បំបិទមាត់តែម្តង។ អានរកហ្នឹង វាចេះនិយាយមួលបង្កាច់បងខ្ញុំ នេះជារូបថតវាបានទៅមើលដីឡូត៍ ដែលបងស្រីខ្ញុំលក់ អាថោកទាបហ្នឹង វានិយាយចង់យករួចទោស កុំសង្ឃឹមអានរកអើយ! អ៊ីចឹងហើយ ក្នុងនាមខ្ញុំ ជាប្អូនស្រីជនរងគ្រោះ សូមសំណូមពរដល់អ៊ំពូមីង បងប្អូន ដែលមិនបានដឹងរឿងច្បាស់ កុំចេះតែជេរ ឬថាឱ្យមនុស្សដែលបានស្លាប់ទៅហើយ មិនអាចងើបមកតវ៉ា ឬបកស្រាយអ្វីបានទេ ចង្កៀងផ្ទះណា ភ្លឺផ្ទះហ្នឹង កម្មពៀរមានពិត ប្រយ័ត្នធ្លាក់លើដំបូលផ្ទះខ្លួនឯងវិញ ទើបដឹងថាឈឺប៉ុនណា ពេលជួបរឿងបែបហ្នឹង…”។

គួររំលឹកថា ជនដៃដល់ជាឃាតករ ដែលបានធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ រួចដឹកតាមរថយន្តរបស់ជនរងគ្រោះ យកទៅប្លុងចោលនៅក្រោយផ្សារទំនើបភូពុយ ក្រុងបាត់ដំបង រហូតដល់សពហើមស្អុយ ទើបមានអ្នកប្រទះឃើញ កើតការភ្ញាក់ផ្អើលីឡើង កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានសមត្ថកិច្ចជំនាញកម្ពុជា សហការជាមួយសមត្ថកិច្ចថៃ តាមចាប់ខ្លួនបាន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងទឹកដីប្រទេសថៃ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាឃាតករខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់ស្ត្រីរងគ្រោះឈ្មោះឌិន សោភា ប្រាកដមែន ដែលការសម្លាប់នេះ ប្រព្រឹត្តនៅក្នុងរថយន្ត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីរូបគេនិងជនរងគ្រោះ កើតជម្លោះពាក្យ សម្តីជាមួយគ្នា ក្នុងពេលរួមធ្វើដំណើរតាមរថយន្ត ហើយចំណុចដែលរូបគេបានប្រព្រឹត្ត (សម្លាប់ស្ត្រីរងគ្រោះ) គឺធ្វើឡើងនៅឯជាយរាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ បានបន្តសារភាពថា ក្រោយពីសម្លាប់ស្ត្រីរងគ្រោះរួចហើយ រូបគេបានដាក់សពជនរងគ្រោះនៅក្នុងរថយន្តរហូត រួចក៏ចេះតែបើករថយន្តទាំងគ្មានគោលដៅច្បាស់លាស់ ទីបំផុតក៏ទៅដល់ទឹកដីខេត្តបាត់ដំបង នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់មក រូបគេក៏បានដឹកសពស្ត្រីរងគ្រោះដែលចាប់ផ្តើមមានសភាពហើម ធុំក្លិនស្អុយទៅហើយនោះ យកមកប្លុងចោលក្នុងឡាន នៅក្រោយផ្សារភូពុយ ក្រុងបាត់ដំបង ក្នុងរង្វង់ម៉ោង ១១ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ ក្រោយមក រូបគេ បានទុកសោរថយន្តនៅក្នុងរថយន្ត ហើយបានចាក់ឡុកសោ រួចក៏ចាកចេញពីរថយន្ត ដើររហូតដល់ផ្លូវធំ ក៏ហៅម៉ូតូឌុបជិះ ដើម្បីគេចខ្លួនជាបន្តបន្ទាប់ រហូតមកដល់ទឹកដីថៃតែម្តង។

គួររំលឹកថា ស្ត្រីរូបស្រស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយនៅក្នុងរថយន្ត ១គ្រឿង ដែលចតចោលនៅលើចិញ្ចើមផ្លូវ ត្រង់ចំណុចខាងក្រោយផ្សារទំនើប ភួពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ និងត្រូវបានសមត្ថកិច្ចជំនាញចុះពិនិត្យ ស្រាវជ្រាវ ពេញ១យប់ ទើបកំណត់បានថា ស្ត្រីរងគ្រាះ ស្លាប់ដោយសារអំពើឃាតកម្ម ដោយត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ច្របាច់ក ឬមួលកសម្លាប់ រួចប្លុងសពចោលក្នុងរថយន្ត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ បានរាយការណ៍មកថា ប្រទះឃើញសាកសពនារីម្នាក់ ដេកស្លាប់ក្នុងរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1371 ដែលចតលើចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុ។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញ បានចុះដល់ទីតាំងខាងលើ ក៏ប្រទះឃើញថា មានស្ត្រីម្នាក់ (មិនស្គាល់អត្តសញ្ញាណ) អាយុប្រហែលជាង៣០ឆ្នាំ ដេកស្លាប់ក្នុងរថយន្ត ដែលចតនៅត្រង់ចំណុចក្រោយផ្សារទំនើប ភួពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងខេត្តបាត់ដំបង។ ក្រោយមក បន្ទាប់ពីមានការចែកចាយព័ត៌មានផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក ទើបសាច់ញាតិក្រុមគ្រួសារ ស្ត្រីរងគ្រោះខាងលើបានឃើញចំណាំភិនភាគ និងស្លាកលេខរថយន្ត ក៏ប្រញាប់ធ្វើដំណើរមកដល់ទីតាំងកើតហេតុទាំងយប់តែម្តង។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានឱ្យដឹងថា ស្ត្រីរងគ្រោះបានចេញបាត់ពីផ្ទះ ជាមួយនឹងរថយន្តតូយ៉ូតា ព្រូស ខាងលើ តាំងពីថ្ងៃកាន់បិណ្ឌទី១ (ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២) មកម៉្លេះ ហើយក៏បាត់ដំណឹងឈឹងតែម្តង សូម្បីទូរស័ព្ទក៏មិនអាចទំនាក់ទំនងបានដែរ។ ការបាត់ដំណឹងរបស់ជនរងគ្រោះ ក្រុមគ្រួសារគ្មានតម្រុយ និងមិនបានដឹងពីគោលដៅរបស់ជនរងគ្រោះឡើយ លុះមានការផ្សព្វផ្សាយតាមបណ្តាញសង្គមព្រោងព្រាត ទើបក្រុមគ្រួសារបានដឹង ហើយក៏ធ្វើដំណើទៅមើលសាកសពទាំងយប់តែម្តង៕

RELATED ARTICLES