ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវស្នេហាត្រីកោណ បុរស២នាក់ យកប្រពន្ធ១ រួមគ្នា និងបានរួមរស់ជាមួយគ្នាក្រោមដំបូលតែមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ស្រាប់តែចុងក្រោយ បែរជាកើតមានការទាស់ទែងខ្វែងគំនិតគ្នាពីរឿង ចែកវេនគ្នា ស៊ីចុក (រួមរ័ក) មិនស្មើ ទើបបណ្តាលឲ្យផ្ទុះភ្លើងប្រចណ្ឌ ក្លាយជាអំពើហិង្សា ដោយបុរសជាប្តីចុង បានទាញកាំបិតផ្គាក់ កាប់បុរសជាប្តីដើម បណ្តាលឱ្យរយះក្បាល។
ករណីអំពើហិង្សា ប្តីចុងកាប់ប្តីដើម រយះក្បាលនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង ៣០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងក្រុមហ៊ុន HLH ស្ថិតក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។
ភាគីជនរងគ្រោះដែលត្រូវជាប្តីដើម មានឈ្មោះយ៉ាង សាវន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ (រងរបួសរយះក្បាល ដេរ៨ថ្នេរ)។ ចំណែកភាគីជនដៃដល់ជាប្តីចុង ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះព្រិន ផាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ។ ជនរងគ្រោះ និងជនសង្ស័យ បានយកប្រពន្ធម្នាក់ រួមគ្នា និងស្នាក់នៅផ្ទះជាមួយគ្នា ស្ថិតក្នុងភូមិកើតហេតុខាងលើ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានបញ្ជាក់ប្រាប់ថា រវាងជនរងគ្រោះ និងជនដៃដល់ រួមទាំងប្រពន្ធ ឈ្មោះ ក.ខ អាយុ ៣២ឆ្នាំ គឺស្នាក់នៅជាមួយគ្នា ជាច្រើនឆ្នាំមកហើយ (ប្តី២ ប្រពន្ធ១)។ កន្លងមក អ្នកទាំង៣ បានរួមរស់ជាមួយគ្នា យ៉ាងរលូន ដោយមិនមានបញ្ហាអ្វីកើតឡើងធំដុំនោះឡើយ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏ផ្ទុះជម្លោះរវាងប្តីដើម និងប្តីចុង និងឈានដល់ការកាប់ប្រហារគ្នា បណ្តាលឱ្យរងរបួសធ្ងន់បែបនេះតែម្តង។
លោកអធិការ បន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាប្តីចុង ឈ្មោះព្រិន ផាន់ណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ ជាប្តីដើម ឈ្មោះយ៉ុង សាវន ប្រាកដមែន។ មូលហេតុដោយសារប្តីដើម បង្ករឿងក្នុងគ្រួសារ និងយកកូនរត់ចេញពីកន្លែងស្នាក់នៅ គួបផ្សំនឹងភ្លើងប្រចណ្ឌផង ក៏កាប់តែម្តង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕