Sunday, September 22, 2024
Homeព័ត៌មានជាតិលួចកាប់ដើមធ្នង់ ១ដើម យកចេញអត់ទាន់

លួចកាប់ដើមធ្នង់ ១ដើម យកចេញអត់ទាន់

ខេត្តសៀមរាប ៖ ដើមឈើប្រណីត ប្រភេទធ្នង់ ដ៏ធំ ១ដើម ត្រូវបានជនមិនស្គាល់មុខលួចកាប់បានសម្រេច កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែក្រុមជនសង្ស័យជញ្ជូនចេញមិនទាន់។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឱ្យដឹង កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ថា ដើមឈើធ្នង់ ១ដើម មានមុខកាត់គល់ ទំហំ១,២០ម៉ែត្រ និងប្រវែង ៦ម៉ែត្រ ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ត្រូវបានជនសង្ស័យលួចកាប់នៅពេលយប់។ លោកថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះមានរដ្ឋបាលព្រៃឈើ អាជ្ញាធរអប្សរា និងអាជ្ញាធរដែនដី បានចុះទៅពិនិត្យនៅទីតាំងកើតហេតុ។

លោកម៉ុង ប៊ុនលីម លើកឡើងថា ដើមធ្នង់ខាងលើ ស្ថិតនៅក្នុងដីអាស្រ័យផលរបស់ពលរដ្ឋ ដែលស្ថិតក្នុងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ឥឡូវដោយសារវានៅសើម យកអត់ទាន់រួច ក៏ផ្ញើទុកនៅនឹងកន្លែងជាមួយអ្នកជិតខាងសិន រង់ចាំដល់ស្ងួតដី ចាំដឹកយកទៅរក្សាទុក។

បើតាមលោកនាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឱ្យដឹងថា ដើមឈើដែលត្រូវគេកាប់នេះ ជនសង្ស័យនៅមិនទាន់បានយកចេញ ១ផ្នែកណានៅឡើយទេ។ តែយ៉ាងណា កម្លាំងសមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យ យកមកផ្តន្ទាទោសឱ្យខាងតែបាន៕

RELATED ARTICLES