Sunday, September 22, 2024
Homeព័ត៌មានជាតិក្មេងទំនើងលេងស៊ីម៉ាំងម៉ូតូ ប៉ូលិសឃាត់ខ្លួន៤នាក់

ក្មេងទំនើងលេងស៊ីម៉ាំងម៉ូតូ ប៉ូលិសឃាត់ខ្លួន៤នាក់

ខេត្តប៉ៃលិន ៖ ក្មេងទំនើង ១ក្រុម បាននាំគ្នាពពាក់ពពូនទៅលេងគ្រឿងម៉ូតូ ដោយដាក់បំពង់ស៊ីម៉ាំងកែច្នៃ និងដូរកង់ម៉ូតូ រួចបើករោទ៍ លាន់ឮសំឡេងកងរំពងពេញភូមិ និងតាមដងផ្លូវជាតិ ផ្លូវលំ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅក្នុងភូមិ ទើបនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចខេត្តប៉ៃលិន ចុះបង្ក្រាប ដោយចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ យកទៅអប់រំណែនាំ ឱ្យធ្វើកិច្ចសន្យា ព្រមទាំងហៅឪពុកម្តាយមកធានា ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឱ្យដឹងថា ក្មេងស្ទាវទាំងនោះ មិនសូវបាននាំគ្នាចូលរៀនសូត្រដូចសិស្សដទៃនោះទេ ពោលគឺនាំគ្នាយកម៉ូតូដែលឪពុកម្តាយខិតខំប្រឹងរកថវិកាទាំងត្រដាបត្រដួស សន្សំទិញឱ្យជិះទៅរៀនសូត្រ តែបែរជានាំគ្នាយកម៉ូតូទាំងនោះ ទៅដោះដូរបំពង់ស៊ីម៉ាំងដើមចេញ រួចដាក់បំពង់ស៊ីម៉ាំងដែលពួកគេបានទិញពីកន្លែងកែច្នៃ បង្កជាសំឡេងលាន់ខ្លាំងៗ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈថែមទៀតផង។

ប្រភព បន្តទៀតថា មន្ត្រីនគរបាល បានឃាត់ខ្លួនក្មេងទំនើងទាំងនោះ មកអប់រំ ធ្វើកិច្ចសន្យា និងហៅឪពុកម្តាយ មកណែនាំឱ្យបន្តអប់រំកូនរបស់ខ្លួន។ ក្នុងកិច្ចសន្យា សរសេរថា បើសិនជាក្មេងទំនើងទាំងនោះ នៅតែបន្តនាំគ្នាដាក់បំពង់ស៊ីម៉ាំងកែច្នៃ និងដូរកង់ម៉ូតូខុសលក្ខណៈបច្ចេកទេសទៀត ពោលគឺមិនឱ្យប្រព្រឹត្តខុសជាលើកទី២ឡើយ ហើយបើសិនជាឃើញមានឈ្មោះពួកគេម្តងទៀត នឹងរៀចំចាត់ការតាមនីតិវិធី។

ចំណែកឪពុកម្តាយក្មេងទំនើងទាំងអស់ខាងលើ ក៏បានសុំទោសដល់មន្ត្រីនគរបាល និងសាធារណជន ជំនួសកូនៗរបស់ខ្លួន ដែលបង្កភាពគ្មានសណ្តាប់ធ្នាប់ និងជាគំរូមិនល្អដល់ក្មេងដទៃទៀត ដោយសន្យាណែនាំឱ្យពួកគេក្លាយទៅជាមនុស្សល្អក្នុងសង្គម។

ជាមួយនេះ មហាជនក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែចាប់ដកហូតបំពង់ស៊ីម៉ាំងកែច្នៃឮសំឡេងខ្លាំងៗ និងកង់ម៉ូតូខុសលក្ខណៈដើមទាំងអស់ នៅតាមហាងលក់គ្រឿងម៉ូតូ និងកន្លែងជួសជុលម៉ូតូ។ មូលហេតុបើមិនមានអ្នកលក់ទេ ក៏មិនមានអ្នកទិញដែរ៕

RELATED ARTICLES