Sunday, September 22, 2024
Homeព័ត៌មានជាតិខឹងវ៉ៃគោ ម្ចាស់សំពងរយះក្បាល

ខឹងវ៉ៃគោ ម្ចាស់សំពងរយះក្បាល

ខេត្តពោធិ៍សាត់ ៖ ក្រុមគ្រួសារ ចំនួន២ រស់នៅភូមិជាមួយគ្នា បានកើតមានជម្លោះនឹងគ្នាពីរឿងភាគីម្ខាងឃើញ គោចូលស៊ីដំណាំរបស់ខ្លួន ក៏វាយគោ លុះម្ចាស់គោខឹង ក៏វាយមនុស្សសងវិញ បណ្តាលឱ្យរងរបួស ជាហេតុធ្វើឱ្យកើតមានការប្តឹងផ្តល់អស់រយៈពេល ៨ខែ ទីបំផុតក្រោយពីមានការសម្របសម្រួលពីមេប៉ុស្តិ៍ និងមេឃុំ អស់ជាច្រើនដងរួចមក ក៏ឈានដល់ការព្រមព្រៀងបញ្ចប់ទំនាស់ ដោយភាគីរងគ្រោះ ព្រមទទួលយកសំណង និងដកពាក្យបណ្តឹង។

ករណីបង្ករបួសស្នាមខាងលើនេះ បានកើតឡើង តាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មកម៉្លេះ នៅចំណុចភូមិមាហទិល ឃុំតាលោ ស្រុកតាលោសែនជ័យ។ រហូតមកដល់វេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ទើបគូវិវាទយល់ព្រមសះជា បញ្ចប់ជម្លោះ។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា Hotline 117 បានឱ្យដឹងថា នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋម្នាក់ ភេទប្រុស បានរាយការណ៍ពីករណី បង្ករបួសស្នាម ដោយជនរងគ្រោះបានដាក់ពាក្យបណ្តឹងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅភូមិមាហទិល ឃុំតាលោ ស្រុកតាលោសែនជ័យ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ផូនព័ត៌មានទៅលោកម៉ែន សុឃី អធិការស្តីទី នគរបាលស្រុកតាលោសែនជ័យ ដើម្បីចុះអន្តរាគមន៍។ បន្ទាប់មក នៅវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃដដែល លោកនាយប៉ុស្តិ៍នគរបាលតាលោ បានបញ្ជាក់ឱ្យដឹងថា ករណីនេះ គឺជនបង្កហេតុបានវាយទៅលើជនរងគ្រោះចំក្បាលពីក្រោយ ដោយសារខឹងជនរងគ្រោះវាយគោរបស់ខ្លួន ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅសាលាឃុំតាលោ មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទេ។

ករណីនេះ លោកនាយប៉ុស្តិ៍ ដោយមានការចូលរួមពីលោកមេភូមិ បានធ្វើការទំនាក់ទំនងទៅកាន់ជនរងគ្រោះ និងជនបង្កហេតុ មកកាន់ទីស្នាក់ការ ដើម្បីធ្វើការដោះស្រាយ ឆ្លងកាត់ការសម្របសម្រួលជាច្រើនដង ជនរងគ្រោះបានសុខចិត្តទទួលយកសំណង និងដកពាក្យបណ្តឹងវិញ។ ចំណែកជនបង្កហេតុ ត្រូវសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ ដោយករណីនេះបានបញ្ចប់ទាំងស្រុង នៅវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៕

RELATED ARTICLES