Sunday, September 22, 2024
Homeព័ត៌មានជាតិស្ទាក់វ៉ៃផុងលលាដ៍ក្បាល រត់គេច២ថ្ងៃ ជាប់ខ្នោះ

ស្ទាក់វ៉ៃផុងលលាដ៍ក្បាល រត់គេច២ថ្ងៃ ជាប់ខ្នោះ

ខេត្តកោះកុង ៖ បុរស ២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ជាហេតុធ្វើឱ្យភាគីម្ខាងមានគំនុំក្នុងចិត្ត ក៏ស្ទាក់ផ្លូវវាយប្រហារគូទំនាស់របស់ខ្លួននឹងដបស្រាបៀរ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឱ្យបែកក្បាល ផុងលលាដ៍ រងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកជនដៃដល់ បានព្យាយាមរត់គេច ២ថ្ងៃ ក៏ត្រូវសមត្ថកិច្ចជំនាញតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២១នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នៅម្តុំផ្លូវបំបែកច្រមុះជ្រូក ទៅផ្សារដងទង់ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ រហូតមកដល់វេលាម៉ោង ១១និង១៧នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ទើបសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន នៅចំណុចផ្សារដេប៉ូ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ាន ឌុលការីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករកោសដូង មានលំនៅបច្ចុប្បន្ន ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ចំណែកជនរងគ្រោះ មានឈ្មោះសួង ហុល្លី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងភ្លើង មានលំនៅបច្ចុប្បន្ន ភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង១៧នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីអំពើហិង្សាដោយចេតនាមួយបានកើតឡើង នៅចំណុចផ្លុវបំបែកច្រមុះជ្រុកទៅផ្សារដងទង់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះម៉ាន ឌុលការីម បានយកដបស្រាបៀរ វាយទៅលើជនរងគ្រោះឈ្មោះសួង ហុល្លី ដែលកំពុងជិះម៉ូតូ  បណ្តាលឱ្យមានរបួសបែកថ្ងាស លើចិញ្ចើមខាងឆ្វេង និងផុងលលាដ៍ក្បាល រងរបួសយ៉ាងធ្ងន់ និងត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរខ្លាំងពេក ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យភ្នំពេញ ដើម្បីសង្គ្រោះ។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ច។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតស្រាវជ្រាវ រហូតមកដល់វេលាម៉ោង ១១និង១៧នាទី ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ទើបកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្សារដេប៉ូ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ រួចក៏នាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES