Sunday, September 22, 2024
Homeព័ត៌មានជាតិប្រពន្ធមានប្រុសថ្មី ប្តីចងកស្លាប់

ប្រពន្ធមានប្រុសថ្មី ប្តីចងកស្លាប់

  ខេត្តកោះកុង ៖ បុរសជាកម្មករទូកនេសាទម្នាក់ បានកើតមានចិត្តប្រចណ្ឌ ចោទប្រពន្ធរបស់ខ្លួនថា កំពុងលួចលាក់មាន ប្រុសថ្មី ជាហេតុធ្វើឱ្យបុរសជាប្តីរូបនេះ ឈឺចិត្តស្អិតទ្រូង សម្រេចចិត្តរត់ចេញពីផ្ទះបាត់ ៤ថ្ងៃ ក៏ត្រូវបានប្រទះឃើញចងក ស្លាប់នៅជាប់ឆ្នេរសមុទ្រ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចដើមស្ងាវ នៅជាប់ឆ្នេរប៉ាកខ្លង ស្ថិតក្នុងភូមិ១ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

បុរសដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះសុខ សំបូរ អាយុ២៨ឆ្នាំ មុខរបរកម្មករទូកនេសាទ មានប្រពន្ធឈ្មោះកែវ សុភាព អាយុ៣៨ឆ្នាំ និងមានលំនៅ ភូមិ១ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មួយរយៈចុងក្រោយនេះ ប្តីរបស់នាង (ជនរងគ្រោះ) ចេះតែរករឿងប្រចែប្រចណ្ឌនាងមិនឈប់ ដោយចោទប្រកាន់ថា នាងកំពុងលួចលាក់មានប្រុសឈ្មោល ហើយទោះជានាងព្យាយាមពន្យល់ប្រាប់យ៉ាងណាក៏ប្តីមិនជឿដែរ។ លុះមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ប្តីរបស់នាង (ជនរងគ្រោះ) ក៏បានរករឿងឈ្លោះប្រកែកជាមួយនាងសាជាថ្មី ដោយចោទថា នាងមានប្រុសថ្មី បន្ទាប់មកក៏ដើរចេញពីផ្ទះបាត់ទៅ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា តាំងពីថ្ងៃនោះមក នាងបានតាមដើររកប្តីដែរ តែរកមិនឃើញសោះ មិនដឹងថាបាត់ប្តីទៅណា ហើយក៏មិននឹកស្មានថាប្តីគិតខ្លីបែបនេះដែរ។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានអ្នកភូមិ បានរត់មកប្រាប់ថា ប្រទះឃើញប្តីរបស់ នាង ចងកស្លាប់នៅចំណុចកើតហេតុ ទើបនាងប្រញាប់រត់ទៅមើល និងកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញ និងកម្លាំងក្រុមគ្រូពេទ្យ បានទៅដល់កន្លែងកើតហេតុ រួចសន្និដ្ឋានថា ជនរងគ្រោះ ឈ្មោះសុខ សំបូរ ពិតជាចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុដោយសារប្រចណ្ឌប្រពន្ធ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យស្ត្រីជាប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES