Sunday, September 22, 2024
Homeព័ត៌មានជាតិខឹងញ៉ែសង្សារ កាប់ម៉ូតូគំរាម

ខឹងញ៉ែសង្សារ កាប់ម៉ូតូគំរាម

ខេត្តសៀមរាប ៖ យុវជនទំនើង ១ក្រុម ប្រដាប់ដោយដាវនិងកាំបិត បានលើកគ្នាធ្វើសកម្មភាពកាប់ម៉ូតូភាគីទំនាស់របស់ខ្លួន ២គ្រឿង បណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង មូលហេតុ ដោយសារខឹងភាគីរងគ្រោះ ញ៉ែសង្សាររបស់ខ្លួន ទីផុតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់វាយខ្នោះ ២នាក់ ខណៈដែលបក្ខពួកផ្សេងទៀត បានរត់គេចបាត់អស់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចម្រើន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតកាប់ម៉ូតូ) នៅចំណុចខាងជើង ឈាបនដ្ឋានវត្តស្វាយ ចម្ងាយ ១៥ម៉ែត្រ ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប។

ករណីខាងលើនោះ បង្កឡើងដោយជនសង្ស័យ ២នាក់ រួមទាំងបក្ខពួក (កំពុងគេចខ្លួន) បានរួមគ្នាធ្វើសកម្មភាពយកដាវនិងកាំបិតផ្គាក់ កាប់ទៅលើម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប 1AD-2383 លេខតួ-លេខម៉ាស៊ីន 5428296 ជារបស់ជនរងគ្រោះឈ្មោះអាំង ប៊ុនថាវ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម បណ្តាលឱ្យបែកក្បាលម៉ូតូខ្ទេច បែកបាក់អាវទាំងសងខាង បែកស្តុបក្រោយ ដាច់កាតាប៊ូពាក់ស្លាកលេខម៉ូតូ បែកបាក់កង់មុខ និងកាប់លើម៉ូតូ ១គ្រឿង ទៀត ម៉ាក EXCITER ពណ៌ខ្មៅក្រហម ស៊េរី២០១៦ ពាក់ស្លាកលេខ បាត់ដំបង លេខតួ 17149 លេខម៉ាស៊ីន 41256 របស់ជនរងគ្រោះឈ្មោះញួស វិឈិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង បណ្តាលឱ្យខូតខាតអាវម៉ូតូសងខាង កុងទ័រ ស្តុបមុខ ស្ទើរខូចខាតទាំងស្រុង។

ប្រភពដដែល បន្តថា បន្ទាប់មក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដដែលនោះ ក្រោយពីទទួលបណ្តឹងនិងបំភ្លឺពីសាក្សីរួច កម្លាំងសមត្ថកិច្ចជំនាញបានកំណត់អត្តសញ្ញាណជនសង្ស័យ ហើយនាំខ្លួនជនសង្ស័យខាងលើ ទាំង២នាក់ ជាបន្តបន្ទាប់ យកមកសាកសួរ។

ជនសង្ស័យ ឈ្មោះ ឌ.វ.រ.យ បានឆ្លើយសារភាពថា ខ្លួនបានខឹងនឹងក្រុមជនរងគ្រោះដែល តែងតែឌឺដងដាក់ខ្លួន និងញ៉ែសង្សារពួកខ្លួន ទើបបក្ខពួកគេទ្រាំមិនបាន ក៏លើកគ្នាទៅកាប់ម៉ូតូជនរងគ្រោះតែម្តង ទុកជាការព្រមាន។ ចំណែកជនសង្ស័យ ឈ្មោះពៅ សំណាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមដឹកបក្ខពួកមែន ប៉ុន្តែមិនបានកាប់ម៉ូតូជាមួយនិងបក្ខពួក ដែលគេចខ្លួននោះទេ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។ ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចជំនាញ កំពុងតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES