Sunday, September 22, 2024
Homeព័ត៌មានជាតិរពឹសដៃកាប់ឡានគេខ្ទេច ជាប់ខ្នោះ២នាក់

រពឹសដៃកាប់ឡានគេខ្ទេច ជាប់ខ្នោះ២នាក់

ខេត្តរតនគិរី ៖ ក្មេងស្ទាវឈាមរាវ ចំនួន៣នាក់ ជិះម៉ូតូដឹកគ្នាតាមផ្លូវសុខៗ ឃើញរថយន្ត ១គ្រឿង ចតចោលនៅខាងមុខផ្ទះគេ ស្រាប់តែរមាស់ដៃ នាំគ្នាចូលទៅកាប់បំផ្លាញរថយន្តរបស់គេ បណ្តាលឱ្យរងការខូចខាត រួចព្យាយាមជិះម៉ូតូរត់គេច តែត្រូវសមត្ថកិច្ចប្រដេញចាប់ក្របួចជាប់ ២នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីកាប់បំផ្លាញរថយន្តរបស់អ្នកដទៃនេះ បានកើតឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៧៨ (ផ្លូវភ្លោះ) ត្រង់មុខផ្ទះឈ្មោះកុងលក់សាច់ពពែអាំង នៅខាងកើតផ្សារស្រុកបរកែវ ស្ថិតក្នុង ភូមិ១ ឃុំឡាមិញ ស្រុកបរកែវ។

ជនសង្ស័យជាក្មេងទំនើងទាំង៣នាក់ ដែលកាប់បំផ្លាញរថយន្តរបស់គេឱ្យរងការខូចខាត រួមមាន ទី១-ឈ្មោះប៊ិន សាវង្ស ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកបើកបរម៉ូតូ (ឃាត់ខ្លួន)។ ទី២-ឈ្មោះថែល គ្នា ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកជិះកណ្តាល (ឃាត់ខ្លួន) និងទី៣-ឈ្មោះ គិន ប៊ីន ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកកាប់ (បានលោតចុះ រត់គេចខ្លួនបាត់ ដោយយកកាំបិតផ្គាក់ទៅជាមួយផង)។ ជនសង្ស័យទាំង៣នាក់ខាងលើ មានលំនៅក្នងភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ជាមួយគ្នា។ ចំណែករថយន្តដែលរងការខូចខាត ម៉ាកតាកូម៉ា ហ៊ីលុច្ស ពណ៌ខៀវ ពាក់ស្លាកលេខ រតនគិរី 2A-2553 ជាកម្មសិទ្ធិរបស់ឈ្មោះបិន សីហា ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ។

លោកវរសេនីយ៍ឯក ថេង ច័ន្ទធី អធិការនគរបាលស្រុកបរកែវ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងតាមរយៈប្រព័ន្ធទូរស័ព្ទ មកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលឡាមិញ ថា មានករណីជនសង្ស័យ ៣នាក់ ជិះម៉ូតូ ១គ្រឿង យកកាំបិតមកកាប់លើរថយន្ត ១គ្រឿង នៅចំណុចផ្លូវជាតិលេខ៧៨ (ផ្លូវភ្លោះ) មុខផ្ទះឈ្មោះ កុងលក់សាច់ពពែអាំង នៅខាងកើតផ្សារស្រុកបរកែវ រួចមក កម្លាំងប៉ុស្តិ៍ឡាមិញ បានចេញស្ទាក់ ក៏ប្រទះឃើញម៉ូតូ ១គ្រឿង ជិះគ្នា ៣នាក់ ដោយម្នាក់ជិះខាងក្រោយ មានកាន់កាំបិតនៅនឹងដៃ ពេលនោះកម្លាំងប៉ុស្តិ៍ បានដេញតាមរហូតដល់ផ្លូវបំបែកចូលភូមិលូត ទើបចាប់បាន ២នាក់ និង ម៉ូតូ ១គ្រឿង ហើយម្នាក់ទៀតជិះខាងក្រោយ បានលោតចុះ រត់គេចខ្លួនបាត់ ដោយនាំយកទាំងកាំបិតទៅជាមួយផង។

លោកវរសេនីយ៍ឯក ថេង ច័ន្ទធី បានបញ្ជាក់ទៀតថា តាមការសាកសួរម្ចាស់រថយន្ត រវាងក្រុមជនសង្ស័យ និងម្ចាស់រថយន្ត ពុំធ្លាប់មានទំនាស់អ្វីនឹងគ្នានោះទេ ហើយនៅសុខៗ ខណៈដែល ក្រុមជនសង្ស័យឃើញរថយន្តជនរងគ្រោះចតចោលនៅមុខផ្ទះ ក៏កាប់តែម្តង។

បច្ចុប្បន្ន វត្ថុតាង រួមមាន ម៉ូតូ ១គ្រឿង ម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ ទូរស័ព្ទដៃម៉ាក vivo ចាស់ពណ៌ខ្មៅ ១គ្រឿង និងជនសង្ស័យ ២នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ  ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចាត់ការបន្តតាមនីតិវិធី។

ដោយឡែកជនដៃដល់ ដែលបានកាប់រថយន្ត កំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ឃាត់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES