Sunday, September 22, 2024
Homeព័ត៌មានជាតិចោរឆក់ភ្លាត់ស្នៀតធ្លាក់ពីម៉ូតូ ជាប់ខ្នោះ

ចោរឆក់ភ្លាត់ស្នៀតធ្លាក់ពីម៉ូតូ ជាប់ខ្នោះ

 ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤នាក់ បានធ្វើសកម្មភាពចេញឆក់កាបូប ពីអ្នកដំណើរ មួយភ្លែត២ដង ដោយលើកទី១ បានសម្រេច ប៉ុន្តែលើកទី២ ត្រូវជនរងគ្រោះប្រទាញប្រទង់បណ្តាលឱ្យធ្លាក់ជនសង្ស័យម្នាក់ ពីលើម៉ូតូ និងត្រូវបានប្រជាពលរដ្ឋ អ្នកដំណើរ ព័ទ្ធចាប់ក្របួចជាប់ បញ្ចេញកំហឹងម្នាក់ ១ដៃ១ជើង រហូតទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ច ខណៈដែលបក្ខពួក ៣នាក់ទៀត បាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់ភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយលើកទី១ នៅតាមផ្លូវជាតិលេខ៣ ភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូល និងលើកទី២ នៅតាមផ្លូវជាតិលេខ៣ ដូចគ្នា ប៉ុន្តែស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានប្រជាពលរដ្ឋចាប់ក្របួចជាប់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយសាររងរបួសយ៉ាងដំណំ ពុំអាចសួរនាំបាន។  ចំណែកជនរងគ្រោះ បានចាកចេញពីកន្លែងកើតហេតុភ្លាមៗ ទាំង២នាក់ផងដែរ។

ប្រភពដដែល បន្តថា ជនរងគ្រោះទី១ ត្រូវបានក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់បានសម្រេច ប៉ុន្តែជនរងគ្រោះទី២ ឆក់មិនបានសម្រេចទេ ដោយសារប្រទាញប្រទង់ជាមួយជនសង្ស័យ រហូតដល់បានកាបូបមកវិញ និងថែមទាំងធ្វើឱ្យជនសង្ស័យម្នាក់ ធ្លាក់ពីលើម៉ូតូទៀតផង។

ប្រភពខាងលើ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះទី១ បានធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ទឹកដីសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ក៏លេចមុខជនសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿង តាមពីក្រោយ រួចធ្វើសកម្មភាពឆក់បាន សម្រេចតែម្តង។ បន្ទាប់មក ក្រុមជនសង្ស័យ បានបន្តដំណើរទៅមុខទៀត តាមបណ្តោយផ្លូវជាតិលេខ៣ ដដែល ក្នុងទិសដៅពីជើង ទៅត្បូង លុះពេលចូលដល់ទឹកដីសង្កាត់កន្ទោក ខណ្ឌកំបូល ក៏ធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះទី២ ប៉ុន្តែពុំបានសម្រេចឡើយ ដោយស្ត្រីរងគ្រោះប្រទាញប្រទង់ ដណ្តើមបានកាបូបមកវិញ និងថែមទាំងធ្វើឱ្យជនសង្ស័យម្នាក់ ភ្លាត់ស្នៀតធ្លាក់ពីលើម៉ូតូទៀតផង ហើយភ្លាមនោះជនសង្ស័យបានព្យាយាមរត់ រហូតចូលដល់ទឹកដីភូមិក្រាំងដូនទៃ សង្កាត់ចាមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវប្រជាពលរដ្ឋចាប់ក្របួចជាប់ រួចនាំគ្នាព្រួតវាយម្នាក់ ១ដៃ១ជើង បណ្តាលឱ្យរងរបួសយ៉ាងដំណំតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុ នាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍នគរបាលចោមចៅទី២ និងស្វែងរកជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងបន្ត៕

RELATED ARTICLES