Friday, April 19, 2024
Homeព័ត៌មានជាតិប្តីដេក ប្រពន្ធដាស់ រឹងស្តូក

ប្តីដេក ប្រពន្ធដាស់ រឹងស្តូក

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ បានសម្រាន្តលង់លក់ខុសប្លែកពីធម្មតា មិនឃើញភ្ញាក់ដូចសព្វដងសោះ ទើបប្រពន្ធនឹកឆ្ងល់ ចូលទៅដាស់ ស្រាប់តែប្រទះឃើញប្តីស្លាប់រឹងស្តូកទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក។

បុរសរងគ្រោះ មានឈ្មោះនូ ខាន់ ហៅសៅ សាន ជាអតីតយុទ្ធជន មានប្រពន្ធឈ្មោះ ណែម សារវឿន អាយុ៥៧ឆ្នាំ និងមានលំនៅក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ ៦ព្រលប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ប្តីរបស់គាត់បានហូបបាយជុំប្រពន្ធកូន និងចៅៗរួច ក៏បានចូលដេកនៅលើគ្រែក្នុងផ្ទះ មើលទូរស័ព្ទធម្មតា តែម្នាក់ឯង រួចក៏សម្រាន្តលង់លក់ទៅ។

ស្ត្រីជាប្រពន្ធ បន្តថា រហូតដល់ម៉ោង ៥ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្តីរបស់គាត់មិនឃើញភ្ញាក់ពីដេកដូចសព្វដងប៉ុន្តែគាត់ក៏មិនបានចាប់អារម្មណ៍ និងចូលទៅដាស់ដែរ ទុកឱ្យប្តីសម្រាន្តបន្តទៀតចុះ។ លុះមកដល់វេលាម៉ោង ៨ព្រឹក ថ្ងៃដដែល គាត់ក៏បានឱ្យចៅទៅដាស់តា (ជនរងគ្រោះ) ដើម្បីជូនចៅទៅសាលារៀន តែប្តីមិនឆ្លើយតប ពេលនោះគាត់ក៏ចូលទៅអង្រួនប្តី ទើបដឹងថា ប្តីគាត់បានស្លាប់រឹងស្តូកទៅហើយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានសួរនាំស្ត្រីជាប្រពន្ធជនរងគ្រោះ ទើបដឹងថា បុរសរងគ្រោះ មានជំងឺប្រចាំកាយ ដូចជាក្រពះ ពោះវៀន និងត្រូវលេបថ្នាំជាប្រចាំ។ ចំណែករាងកាយសព ក៏មិនមានស្លាកស្នាមអ្វីគួរ ឱ្យកត់សម្គាល់ដែរ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES