Friday, March 29, 2024
Homeព័ត៌មានជាតិទូកនេសាទលិចកណ្តាលសមុទ្រ ៣នាក់រួចជីវិត

ទូកនេសាទលិចកណ្តាលសមុទ្រ ៣នាក់រួចជីវិត

ខេត្តព្រះសីហនុ ៖  ឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប័រល្បឿនលឿន ចំនួន២គ្រឿង សហការជាមួយសមត្ថកិច្ច ចេញអន្តរាគមន៍ជួយសង្គ្រោះប្រជានេសាទដែលបានលិចទូក នៅចំណុចខាងក្រៅកោះដំឡូង សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

ឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថា ជនរងគ្រោះនៅលើទូកនេសាទ ចំនួន៣នាក់ ត្រូវបានជួយសង្គ្រោះ នាំមកកាន់ដីគោក ដោយសុវត្ថិភាព។

ជនរងគ្រោះទាំង៣នាក់ ដែលត្រូវបានសង្គ្រោះ រួមមាន ទី១-ឈ្មោះពេជ្រ ថ្មី អាយុ៤២ឆ្នាំ មុខរបរតៃកុងទូក មានស្រុកកំណើតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ទី២-ឈ្មោះទន់ វាសនា អាយុ៣២ឆ្នាំ មុខរបរកម្មករទូក មានស្រុកកំណើតនៅ ភូមិក្រាំងរំដេង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត និងទី៣-ឈ្មោះសៀម វិជ័យ អាយុ២៥ឆ្នាំ មុខរបរកម្មករទូក មានស្រុកកំណើត នៅភូមិរបោះខ្ទម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

តាមប្រភពពីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា មូលហេតុដែលនាំឱ្យលិចទូក គឺបណ្តាលមកពីឧបករណ៍បូមទឹករបស់មាស៊ីនទូកខូច និងចំពេលរលកធំៗទៀត ទើបបណ្តាលឱ្យទូកលិចតែម្តង។

ចំពោះសម្ភារ:ដែលបាត់បង់ក្នុងនៅពេលលិចទូក រួមមាន ទូកអូស ចំនួន១គ្រឿង ម៉ាស៊ីន ចំនួន១គ្រឿង មងអូស ចំនួន៤ជង់ ប្រេង ចំនួន ៦០០០លីត្រ ទូរស័ព្ទ ចំនួន២គ្រឿង និងរបស់ប្រើប្រាស់មួយចំនួនទៀត។

ជនរងគ្រោះទាំង៣នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ។

ឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ ខណៈក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

RELATED ARTICLES