Thursday, April 25, 2024
Homeព័ត៌មានជាតិប្តីចេញមុខច្រានចោល ឃាតករថាជាសហាយប្រពន្ធ

ប្តីចេញមុខច្រានចោល ឃាតករថាជាសហាយប្រពន្ធ

ភ្នំពេញ ៖ ករណីឃាតកម្ម ច្របាច់កសម្លាប់ស្ត្រីម្នាក់ រួចដឹកសពតាមរថយន្ត យកទៅប្លុងចោលក្រោយផ្សារទំនើបភូពុយ ក្រុងបាត់ដំបង ចំណែកជនដៃដល់ជាឃាតករ ត្រូវបានសមត្ថកិច្ចជំនាញកម្ពុជា-ថៃ សហការតាមចាប់ខ្លួនដល់ទឹកដីថៃ ហើយបានឆ្លើយសារភាពថា មូលហេតុ ដែលឈានដល់ការសម្លាប់ស្ត្រីរងគ្រោះ ព្រោះតែភ្លើងប្រចណ្ឌ ដោយសារពួកគេមានទំនាក់ទំនងសហាយស្មន់នឹងគ្នានោះ បានធ្វើឱ្យសាមីខ្លួនបុរសជាប្តីរបស់ស្ត្រីរងគ្រោះ ផ្ទុះប្រតិកម្មយ៉ាងខ្លាំង ដោយបានចេញមុខច្រានចោលទាំងស្រុងនូវចម្លើយសារភាពរបស់ជនដៃដល់ជាឃាករ ថាជាជារឿងមិនពិត និងចាត់ទុកជនដៃដល់ ជាសត្វតិរច្ឆាន ដែលហ៊ានលើកដៃសម្លាប់មនុស្សស្រីហើយ ថែមទាំងឆ្លើយបំផ្លើសជាន់ឈ្លីកិត្តិយសជនរងគ្រោះ ដើម្បីសម្រាលទោសរបស់ខ្លួនទៀត ធ្វើឱ្យប្រពន្ធរបស់ខ្លួន ជួបគ្រោះជាន់លើគ្រោះ។

គួរបញ្ផាក់ថា ជនដៃដល់ជាឃាតករ ដែលច្របាច់កសម្លាប់ស្ត្រីរងគ្រោះនៅក្នុងរថយន្ត និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ មាស ពេជ្របូរមី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះឌិន សោភា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរជាអ្នកសម្អាង និងកែសម្រស់ ព្រមទាំងគក់ជេរដីឡូត៍ និងលក់អនឡាញទៀតផង មានលំនៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករ ឈ្មោះមាស ពេជ្របូរមី បានឆ្លើយសារភាពថា តាមពិត រូបគេនិងស្ត្រីរងគ្រោះ គឺជាគូស្នេហ៍នឹងគ្នា ហើយរូបគេក៏ដឹងថា ស្ត្រីរងគ្រោះមានប្តីរួចទៅហើយដែរ តែក្រោយមករូបគេបានដឹងទៀតថា ស្ត្រីរងគ្រោះ ទាក់ទងស្នេហាជាមួយមនុស្សប្រុស ២-៣នាក់ផ្សេងទៀត ទើបធ្វើឱ្យរូបគេមានចិត្តប្រចណ្ឌ ទើបកើតជាជម្លោះ និងឈានដល់ការជ្រុលដៃសម្លាប់ស្ត្រីរងគ្រោះបែបនេះតែម្តង។

ជុំវិញចម្លើយសារភាពរបស់ជនសង្ស័យជាឃាតករខាងលើនេះ បានធ្វើឱ្យក្រុមគ្រួសារសពស្ត្រីរងគ្រាះ មានប្រតិកម្មយ៉ាងខ្លាំង ដោយក្នុងនោះ ប្អូនស្រីរបស់ស្ត្រីរងគ្រោះ ធ្លាប់បានចេញមុខបដិសេធនិងច្រាលចោលរួចមកហើយ ដោយអះអាងថា រវាងបងស្រីរបស់ខ្លួន និងជនជាឃាតករ គ្មានទំនាក់ទំនងជាសហាយស្មន់នឹងគ្នាឡើយ ពោលគឺមានទំនាក់ទំនងត្រឹមតែជាអតិថិជន និងភ្នាក់ងារលក់ប៉ុណ្ណោះ ហើយករណីនេះ ជាករណីសម្លាប់ប្លន់យកទ្រព្យបងស្រីរបស់ខ្លួន។

ស្រាប់តែថ្មីៗនេះ បុរសជាប្តីរបស់ស្ត្រីរងគ្រោះដែលត្រូវឃាតករសម្លាប់នោះ បានចេញមុខបកស្រាយបន្ថែមទៀត ដោយអះអាងថា ជនជាឃាតករ បានប្រឌិតរឿងដើម្បីសម្រាលកំហុសរបស់ខ្លួន តែបែរជាធ្វើឱ្យមហាជនមានការយល់ច្រឡំ ជេរប្រមាថមកលើសពប្រពន្ធរបស់ខ្លួនទៅវិញ ពោលគឺធ្វើឱ្យព្រលឹងប្រពន្ធរបស់ខ្លួន ស្លាប់ទៅមិនស្ងប់ ដោយសាររងគ្រោះ ជួបគ្រោះជាន់លើគ្រោះ ពោលគឺត្រូវឃាតករសម្លាប់ហើយ ថែមទាំងត្រូវមហាជនដែលមានការយល់ច្រឡំ ជេរប្រមាថ រិះគន់ថែមទៀត ដោយសារតែការឆ្លើយបំផ្លើសរបស់ជនសង្ស័យជាឃាតករ។

បុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានបំភ្លឺតាមវីដេអូឃ្លីប រយៈពេលជាង ១០នាទី ថា “សូមគោរពជម្រាបសួរ បងប្អូនជនរួម ជាតិទាំងអស់! ថ្ងៃនេះ ខ្ញុំចេញវីដេអូមួយ ដើម្បីបកស្រាយ ក៏ដូចជាបំភ្លឺបញ្ជាក់ឱ្យច្បាស់ ទាក់ទងជាមួយនឹងករណីឃាតកម្មមកលើប្រពន្ធរបស់ខ្ញុំ ដោយផ្ទាល់ ដោយសារ ២ថ្ងៃមុន ជាពិសេសម្សិលមិញ គឺមានការបែកធ្លាយវីដេអូនៃការសួរចម្លើយពីសមត្ថកិច្ច ទៅលើជនដៃដល់ ហើយវីដេអូនេះ គឺបែកធ្លាយតែបន្តិចទេ ដែលគេយកមកកាត់វីដេអូ  ទាក់ទងទៅនឹងចម្លើយសារភាពរបស់ជនដៃដល់។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនទាំងអស់ឱ្យបាន ដឹងថា រាល់ចម្លើយសារភាពរបស់វា គឺមិនមែនជាការពិត វាកុហកទាំងអស់ តែអ្វីដែលវាជាការពិត គឺវាបានសម្លាប់ វាគឺជាឃាតករសម្លាប់ប្រពន្ធរបស់ខ្ញុំ។ ទាក់ទងនឹងចម្លើយសារភាពរបស់វា ខ្ញុំសូមបញ្ជាក់ថា វាឆ្លើយសារភាពថា វាស្គាល់ប្រពន្ធខ្ញុំ រយៈពេល៦ខែ ហើយស្គាល់ក្នុងទំនាក់ទំនងស្នេហា ខ្ញុំសូមច្រានចោល បដិសេធទាំងស្រុង រាល់ចម្លើយដែលវាសារភាពនេះ គឺប្រពន្ធខ្ញុំ បានស្គាល់វា រយៈពេលត្រឹមតែ២ខែ ហើយស្គាល់នេះ គឺទំនាក់ទំនងក្នុងការទិញដីឡូត៍ ដោយសារជនដៃដល់ គាត់ធ្វើជាអ្នករកទិញដី ហើយប្រពន្ធខ្ញុំ គាត់ជាអ្នកលក់ មូលហេតុដែលស្គាល់គ្នានោះ គឺប្រពន្ធខ្ញុំគាត់ចេញពីធ្វើការជារៀងរាល់ថ្ងៃ គាត់តែងទៅក្រុមហ៊ុន នៅឈូកវ៉ា២ ហើយកន្លែងសាឡនរបស់គាត់ គឺនៅឈូកវ៉ា២ដែរ ហើយនៅពេលរសៀល ម៉ោង៥ ឬម៉ោង៦ គាត់តែងមកហាត់ប្រាណ នៅជិតបុរីនេះ ហើយដោយសារជនល្មើស វាបានស្គាល់ ឬក៏តាមដានយើងពីមុនមកថា យើងជាអ្នកលក់ដីឡូត៍ ក៏វាបង្កើតជាទំនាក់ទំនង ដើម្បីចូលកៀកប្រពន្ធខ្ញុំ គឺរកទិញដីឡូត៍ ហើយក៏បានទំនាក់ទំនងគ្នា សុំលេខទូរស័ព្ទគ្នា ធម្មតាបងប្អូនអ្នកលក់ដីឡូត៍ ដឹងស្រាប់ហើយ ឱ្យតែគេសួររកទិញដីឡូត៍ តែងសុំលេខគេ ដើម្បីអែដតេឡេក្រាម ឬក៏អែដហ្វ្រេនហ្វេសប៊ុក ក៏មាន អ៊ីចឹងរាល់ពេលមកសួរព័ត៌មាន គឺយើងតែងផ្តល់តាម លក្ខណៈទូរស័ព្ទ តាមលក្ខណៈឆាត តាមលក្ខណៈតេឡេក្រាម ទៅអតិថិជន ហើយយើងត្រូវបង្កើតទំនាក់ទំនងល្អជាមួយនឹងអតិថិជន ព្រោះយើងជាអ្នកលក់ គេជាភ្ញៀវ ត្រូវផ្តល់ព័ត៌មានគ្រប់បែបយ៉ាង។ នេះសូមបញ្ជាក់ត្រឹមប៉ុណ្ណឹង ប៉ុន្តែជាក់ស្តែង ជនល្មើសនោះ គោលបំណងវា គឺវាមិនទិញទេ ដោយសារវាគឺជាមនុស្សដែលបោកប្រាស់គេ វាក្លែងបន្លំថាខ្លួនវាជាប៉ូលិស ថាមានលុយរាប់ម៉ឺន ដើម្បីប្រាកប្រាស់គេ ហើយរាល់ថ្ងៃ វាគ្មានមុខរបរអីច្បាស់លាស់ ដើរប៉ោឡែ ផឹកស្រា ជក់ថ្នាំ ៘…”។

បុរសជាប្តីស្ត្រីរងគ្រោះ បានបន្តរៀបរាប់ថា “ទំនាក់ទំនងក៏ឈានដល់ការណាត់គ្នាទៅមើលដីនៅគម្រោងកំពង់ស្ពឺ គឺស្គាល់ហ្នឹង ស្គាល់នៅដើមខែ៧ ហើយរហូតដល់ថ្ងៃទី២៩ ខែ៧ ជនល្មើសហ្នឹង ក៏បានឱ្យប្រពន្ធខ្ញុំ និងក្រុមការងារ មានទាំងអ្នកបើកឡានម្នាក់ គឺតៃកុងឡាន ក៏បានជូនវាទៅមើលដី នៅកំពង់ស្ពឺ នៅគម្រោងកំពង់ស្ពឺ ជិះឡានជាមួយគ្នា ឡានក្រុមហ៊ុន ហើយវាពេលដែលវាទៅមើលដីហ្នឹង គឺខាងទីផ្សារ គាត់បានជំរុញឱ្យវាហ្នឹងកក់ ឬក៏បិទឡូត៍ តែវាថា អត់ទាន់ទេ ចាំវាពិភាក្សាជាមួយអ្នកផ្ទះវាសិន។ លុះដល់ត្រឡប់មកវិញ ធម្មតាយើងអ្នកលក់ ត្រូវទំនាក់ទំនងជាមួយអ្នកទិញ ព្រោះអ្នកទិញ បានបង្ហើបថា វានឹងទិញដីហ្នឹង ចន្លោះពី ២ឡូត៍ ទៅ៣ឡូត៍ ហើយវានឹងនាំពួកម៉ាកវាមកទិញបន្ថែមទៀត។ យើងជាអ្នកលក់ មានអារម្មណ៍ថាអរណាស់ អរមែនទែន ព្រោះធម្មតាឮថាដាច់ ២-៣ឡូត៍ គឺអរណាស់ សំខាន់មានភ្ញៀវមកទិញ អ៊ីចឹងទំនាក់ទំនងហ្នឹង ត្រូវធ្វើម៉េចឱ្យមានភាពស្និទ្ធស្នាល។ ហើយដោយឡែក អ្វីដែលប្រពន្ធខ្ញុំទុកចិត្តនោះ គឺផ្ទះរបស់វានៅកៀកហ្នឹង ហើយខ្ញុំក៏មិននឹកស្មានថា វាហ៊ានធ្វើ ដល់ថ្នាក់ហ្នឹងដែរ ប្រពន្ធខ្ញុំជឿទុកចិត្តវា វាធ្វើឱ្យប្រពន្ធខ្ញុំជឿទុកចិត្ត ទី១- វានាំទៅស្គាល់ផ្ទះ ស្គាល់ម្តាយស្គាល់ឪពុក ហើយទី២- ផ្ទះខ្ញុំហ្នឹងក៏នៅកៀកគ្នាហ្នឹងដែរ នៅជិតគ្នាដែរ អ៊ីចឹងទំនាក់ទំនងគឺស្គាល់គ្នាកាន់តែច្បាស់ ធ្វើឱ្យទុក្ខចិត្តគ្នា រាប់អានគ្នា ប៉ុន្តែចំពោះគំនិតរបស់អាជនល្មើសហ្នឹង វាមិនគិតអ៊ីចឹងទេ គឺវាគិតថា វាមើលទៅលើទ្រព្យសម្បត្តិ និងលុយ ដោយសារអំឡុងពេលដែលស្គាល់គ្នាហ្នឹង គឺវាបានតាមដាន ទី១-តាមដានគ្រួសារខ្ញុំ មានកូនប៉ុន្មាននាក់? មានអ្នកណានៅផ្ទះខ្លះអីខ្លះ? ចេញចូលម៉ោងប៉ុន្មាន? ទី២- វាតាមដានខ្ញុំ វាដឹងថា ខ្ញុំនៅគម្រោងគិរីរម្យ ព្រោះខ្ញុំរាល់ថ្ងៃ ខ្ញុំកាន់ការងារផ្សេងគ្នា គឺខ្ញុំកាន់នៅគម្រោងគិរីរម្យ អ៊ីចឹងខ្ញុំរយៈពេល ១អាទិត្យ ឬក៏១០ថ្ងៃ ឬក៏កន្លះខែអី បានខ្ញុំមកផ្ទះម្តង អ៊ីចឹងវាតាមដានដឹងទាំងអស់ អំឡុងពេលហ្នឹងហើយ ដែលវាតាមដានថា ប្រពន្ធខ្ញុំមានអីខ្លះក្នុងខ្លួន ទី១-ប្រពន្ធខ្ញុំ មានភាគហ៊ុននៅក្នុងគម្រោងដីឡូត៍ស្រាប់ ទី២-មានមុខរបរជំនួញផ្ទាល់ខ្លួន ទី៣-គឺជាប្អូនស្រីបង្កើតរបស់ថៅកែដីឡូត៍ វាគិតថា ប្រពន្ធខ្ញុំ គឺមានលុយច្រើន សម្រាប់វាចាប់ជំរិត ឬក៏គំរាមយកលុយ។ វាបានអូសពេលវេលា ចំណាយពេល ពន្យារពេលរហូត ព្រោះវាគ្មានឱកាសម្រាប់ចាប់ប្រពន្ធខ្ញុំ ឬក៏គំរាម ដោយសារតែប្រពន្ធខ្ញុំ គាត់ទៅណាទៅណី មានគ្នា ២នាក់ ទៅ៣នាក់ឡើងទៅ ទើបគាត់ទៅ…”។

បុរសជាប្តីស្ត្រីរងគ្រោះ បានបញ្ជាក់ថា “មុនពេលកើតហេតុ ១០ថ្ងៃ ប្រពន្ធខ្ញុំបានដឹងរឿងខ្លះៗ ទាក់ទងនឹងវាជាមនុស្សបោកប្រាស់ វាមិនមែនជាអ្នកទិញ អ៊ីចឹងក៏គាត់ចាប់ផ្តើមប្រមូលព័ត៌មាន ប្រមូលភ័ស្តុតាង វាធ្លាប់គំរាមថា បើមិនធ្វើតាមវា វានឹងធ្វើឱ្យគ្រួសារខ្ញុំបែកបាក់ ហើយមួយទៀត គឺពេលដែលថ្ងៃកើតហេតុ ជាថ្ងៃសែនលោកខែ ប្រពន្ធខ្ញុំ មានកម្មវិធីទៅខួបកំណើតគេនៅផ្សារឈូកមាស ហើយជិះឡានទៅតែឯង ហើយជនល្មើសហ្នឹង គឺបានតាមដាន តាមរហូតតាំងពីព្រឹក គឺតាមរហូត តែប្រពន្ធខ្ញុំគាត់អត់ដឹងខ្លួនទេ រហូតដល់ប្រពន្ធខ្ញុំទៅខួបកំណើតគេហ្នឹង គាត់បានឆាតទាក់ទងជាមួយខ្ញុំធម្មតា ម៉ោង៨កន្លះ ហើយអាជនល្មើសហ្នឹង ក៏វាបានតាមដានដែរ។ អ៊ីចឹងអ្វីដែលខ្ញុំចង់បញ្ជាក់ជូនបងប្អូន គឺគម្រោងរបស់វាគឺគិតទុកហើយ គឺសម្លាប់ចោល បំបិទមាត់ ព្រោះវាខ្លាចប្រពន្ធខ្ញុំប្តឹង អ៊ីចឹងធ្វើឱ្យវាកើតគំនិតថា ត្រូវតែសម្លាប់ចោល ដើម្បីបំបិទមាត់ ព្រោះគ្មានអ្នកណាដឹងរឿងនេះទេ ក្រៅពីប្រពន្ធខ្ញុំ ព្រោះប្រពន្ធខ្ញុំបាទ គាត់ធ្វើរឿងនេះតែឯង ប៉ុន្តែបងប្អូន ដូចជាបងស្រីគាត់ ហើយនិងចែ ក៏គាត់បានប្រាប់ដែរ តែ ដោយសារជនល្មើសវាដឹងខ្លួន វារកឱកាសបាន នៅថ្ងៃទី១០ ជាឱកាសល្អរបស់វា ដោយសារប្រពន្ធខ្ញុំ គាត់ទៅខួបកំណើតគេតែឯង វាតាមពីក្រោយរហូត ហើយវាបានកាក់ប្រពន្ធខ្ញុំ បើកទ្វារឡាន ក៏ធ្វើសកម្មភាពសម្លាប់តែម្តង»។

បុរសជាប្តីស្ត្រីរងគ្រោះ បានបញ្ជាក់បន្ថែមថា “ទាក់ទងទៅនឹងរឿងនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនថា មិនមែនជារឿងស្នេហា ឬក៏រឿងអីទេ គឺជារឿងគំរាមសម្លាប់ ប្លន់យកលុយ ព្រោះវាជាមនុស្សបាតសង្គម ជាមនុស្សញៀនថ្នាំ ជំពាក់គេជុំទិស វារកគោលដៅអ្វីអត់ឃើញ អ៊ីចឹងវាត្រូវរកមនុស្សម្នាក់ ដើម្បីជាគោលដៅរបស់វា ជំរិតយកលុយ ដើម្បីវារត់ចេញ។ រាល់ចម្លើយសារភាពរបស់វាទាំងអស់ ក្នុងនាមខ្ញុំជាប្តី គឺខ្ញុំសូមច្រានចោលនូវចម្លើយសារភាពទាំងអស់ វាឆ្លើយទម្លាក់កំហុសទៅលើប្រពន្ធខ្ញុំ មនុស្សដែលបានស្លាប់ទៅ ដែលមិនអាចងើបមកតាំងជាមួយវាបាន គឺជាន់ឈ្លីកិត្តិយសគ្នា វាសម្លាប់មនុស្សហើយ វាថែមទាំងជាន់ឈ្លី អ្វីដែលខ្ញុំឈឺចាប់បំផុត គឺវាជាន់ឈ្លីកិត្តិយសតែម្តង ប្រពន្ធខ្ញុំដែលបានស្លាប់ទៅ ព្រោះកេរ្តិ៍ឈ្មោះប្រពន្ធខ្ញុំស្អាតស្អំ គាត់មិនដែលធ្វើរឿងអាក្រក់ ឬរឿងអាក្រក់ក្នុងសង្គម អ្នកជិតខាង តែងស្រលាញ់រាប់អានគាត់គ្រប់គ្នា ចុះហេតុអ្វីបានជាវាហ៊ាននិយាយបែបនេះ? ខ្ញុំគិតថា វាមិនមែនជាមនុស្ស វាជាសត្វតិរច្ឆាន វាហ៊ានលើកដៃសម្លាប់ហើយ វាថែមទាំងជាន់ឈ្លីកិត្តិយសមនុស្សដែលបាន ស្លាប់ទៅទៀត អ៊ីចឹងខ្ញុំសូមសំណូមពរបងប្អូនជនរួមជាតិទាំងអស់ បងប្អូនជួយពិចារណាផង គិតគូរថ្លឹងថ្លែងថា អ្វីដែលពិត អ្វីដែលមិនពិត ព្រោះនេះគឺជាចម្លើយរបស់ជនល្មើស ជនដៃដល់វាឆ្លើយដើម្បីឱ្យទោសវាស្រាល វាមិនអាចឆ្លើយថា វាសម្លាប់គេ គំរាមកំហែងគេ ឬក៏គំរាមសម្លាប់គិតទុកជាមុនទេ ចោរមិនអាចសារភាពថាខ្លួនឯងចោរទេ ក្នុងករណីនេះ ខ្ញុំសូមសំណូមពរដល់បងប្អូនជនរួមជាតិទាំងអស់ មេត្តាពិចារណា និងគិតគូរថ្លឹងថ្លែង ជួយរកយុត្តិធម៌ ជួយផ្តល់កិត្តិយសដល់ប្រពន្ធខ្ញុំ ដែលបានស្លាប់ទៅហើយ ដែលអាឃាតករហ្នឹង វាបានសម្លាប់ វាថែមទាំងបានជាន់ឈ្លីកិត្តិយស កេរ្តិ៍ឈ្មោះទៀត។ អ៊ីចឹងខ្ញុំសូមលើកម្រាមដៃ១០ សូមសំណូមពរដល់ជនរួមជាតិទាំងអស់ថា ជួយផ្តល់យុត្តិធម៌ដល់អ្នកស្លាប់ទៅផង! ហើយជាចុងក្រោយ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ ដែលតាមដានករណីឃាតកម្មនេះ និងចូលរួមរំលែកទុក្ខ និងចូលរួមឈឺឆ្អាលដល់ក្រុមគ្រួសារខ្ញុំ ជាពិសេសដល់បងៗសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសគឺសមត្ថកិច្ចខេត្តបាត់ដំបង ដែលបានដុតដៃដុតជើងធ្វើការយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃ រហូតដល់កំណត់មុខសញ្ញា តាមចាប់អាឃាតករហ្នឹង មកផ្តន្ទាទោសបាន ហើយខ្ញុំសង្ឃឹមថា ខាងតុលាការ នឹងវិនិច្ឆ័យទោសកំហុសវាឱ្យបានធ្ងន់ធ្ងរបំផុត ដែលវាបានប្រព្រឹត្តមកលើប្រពន្ធខ្ញុំ និងក្រុមគ្រួសារបងប្អូន សូមផ្តន្ទាទោសវាឱ្យបានធ្ងន់ធ្ងរបំផុត…”។

គួររំលឹកថា ជនដៃដល់ជាឃាតករដែលបានធ្វើសកម្មភាពសម្លាប់ស្ត្រីរងគ្រោះ រួចដឹកតាមរថយន្តរបស់ជនរងគ្រោះ យកទៅប្លុងចោលនៅក្រោយផ្សារទំនើបភូពុយ ក្រុងបាត់ដំបង រហូតដល់សពហើមស្អុយ ទើបមានអ្នកប្រទះឃើញ កើតការភ្ញាក់ផ្អើលីឡើង កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នោះ ត្រូវបានសមត្ថកិច្ចជំនាញកម្ពុជា សហការជាមួយសមត្ថកិច្ចថៃ តាមចាប់ខ្លួនបាន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងទឹកដីប្រទេសថៃ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាឃាតករខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់ស្ត្រីរងគ្រោះឈ្មោះឌិន សោភា ប្រាកដមែន ដែលការសម្លាប់នេះ ប្រព្រឹត្តនៅក្នុងរថយន្ត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីរូបគេនិងស្ត្រីរងគ្រោះ កើតជម្លោះពាក្យ សម្តីជាមួយគ្នាក្នុងពេលរួមធ្វើដំណើរតាមរថយន្ត ហើយចំណុចដែលរូបគេបានប្រព្រឹត្ត (សម្លាប់ស្ត្រីរងគ្រោះ) គឺធ្វើឡើងនៅឯជាយរាជធានីភ្នំពេញ។

ជនសង្ស័យ បានសារភាពបន្តថា ក្រោយពីសម្លាប់ស្ត្រីរងគ្រោះរួចហើយ រូបគេបានដាក់សពជនរងគ្រោះនៅក្នុងរថយន្តរហូត រួចក៏ចេះតែបើករថយន្តទាំងគ្មានគោលដៅច្បាស់លាស់ ទីបំផុតក៏ទៅដល់ទឹកដីខេត្តបាត់ដំបង នៅវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់មក រូបគេក៏បានដឹកសពស្ត្រីរងគ្រោះ ដែលចាប់ផ្តើមមានសភាពហើម ធុំក្លិនស្អុយទៅហើយនោះ មកប្លុងចោលនៅក្រោយផ្សារភូពុយ ក្រុងបាត់ដំបង ក្នុងរង្វង់ម៉ោង ១១ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ ក្រោយមក រូបគេបានទុកសោរថយន្ត នៅក្នុងរថយន្ត ហើយបានចាក់ឡុកសោ រួចក៏ចាកចេញពីរថយន្ត ដើររហូតដល់ផ្លូវធំ ក៏ហៅម៉ូតូឌុបជិះ ដើម្បីគេចខ្លួនជាបន្តបន្ទាប់ រហូតទៅដល់ទឹកដីថៃ តែម្តង។

ជនសង្ស័យជាឃាតករ បាននិយាយថា តាមពិតរូបគេនិងស្ត្រីរងគ្រោះ គឺជាគូស្នេហ៍ ហើយរូបគេក៏ដឹងថា ស្ត្រីរងគ្រោះ មានប្តីរួចទៅហើយដែរ តែក្រោយមក រូបគេបានដឹងថា ស្ត្រីរងគ្រោះ នៅមានទាក់ទងស្នេហាជាមួយមនុស្សប្រុស ២-៣នាក់ផ្សេងទៀត ទើបធ្វើឱ្យរូបគេមានចិត្តប្រចណ្ឌ ទើបកើតជាជម្លោះ និងឈានដល់ការជ្រុលដៃសម្លាប់ស្ត្រីរងគ្រោះជាគូស្នេហ៍បែបនេះតែម្តង។

គួររំលឹកថា ស្ត្រីរូបស្រស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយ នៅក្នុងរថយន្ត ១គ្រឿង ដែលចតចោលនៅលើចិញ្ចើមផ្លូវ ត្រង់ចំណុចខាងក្រោយផ្សារទំនើប ភួពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ និងត្រូវបានសមត្ថកិច្ចជំនាញចុះពិនិត្យស្រាវជ្រាវពេញ ១យប់ ទើបកំណត់បានថា ស្ត្រីរងគ្រាះ ស្លាប់ដោយសារអំពើឃាតកម្ម ដោយត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ច្របាច់ក ឬមួលកសម្លាប់ រួចប្លុងសពចោលក្នុងរថយន្ត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ បានរាយការណ៍មកថា ប្រទះឃើញសាកសពនារីម្នាក់ដេកស្លាប់ក្នុងរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1371 ដែលចតលើចិញ្ចើមផ្លូវ ត្រង់ចំណុចកើតហេតុ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ បានចុះដល់ទីតាំងខាងលើ ក៏ប្រទះឃើញថា មានស្ត្រីម្នាក់ (មិនស្គាល់អត្តសញ្ញាណ) អាយុប្រហែលជាង៣០ឆ្នាំ ដេកស្លាប់ក្នុងរថយន្ត ដែលចតនៅត្រង់ចំណុច ក្រោយផ្សារទំនើប ភួពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងខេត្តបាត់ដំបង។ ក្រោយមក បន្ទាប់ពីមានការចែកចាយព័ត៌មានផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក ទើបសាច់ញាតិ ក្រុមគ្រួសារស្ត្រីរងគ្រោះ បានឃើញ ចំណាំភិនភាគនិងស្លាកលេខរថយន្ត ក៏ប្រញាប់ធ្វើដំណើរទៅដល់ទីតាំងកើតហេតុទាំងយប់តែម្តង។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានឱ្យដឹងថា ស្ត្រីរងគ្រោះ បានចេញបាត់ពីផ្ទះ ជាមួយរថយន្តតូយ៉ូតា ព្រូស ខាងលើ តាំងពីថ្ងៃកាន់បិណ្ឌទី១ (ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២) មកម៉្លេះ ហើយក៏បាត់ដំណឹងឈឹងតែម្តង សូម្បីទូរស័ព្ទក៏មិនអាចទំនាក់ទំនងគ្នាបានដែរ។ ការបាត់ដំណឹងរបស់ជនរងគ្រោះ ក្រុមគ្រួសារគ្មានតម្រុយ និងមិនបានដឹងពីគោលដៅរបស់ជនរងគ្រោះឡើយ លុះមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ព្រោងព្រាត ទើបក្រុមគ្រួសារបានដឹង ហើយក៏ធ្វើដំណើទៅមើលសាកសពតែម្តង៕

RELATED ARTICLES