Friday, March 29, 2024
Homeព័ត៌មានជាតិទឹកហូរច្រោះ ស្រុតផ្ទះពលរដ្ឋ១ខ្នង ចូលអូរ

ទឹកហូរច្រោះ ស្រុតផ្ទះពលរដ្ឋ១ខ្នង ចូលអូរ

ខេត្តឧត្តរមានជ័យ ៖ ដីផ្ទះ និងរោងជួសជុលឡានប្រជាពលរដ្ឋ ១ខ្នង ដែលសាងសង់នៅជាប់នឹងមាត់អូរ ត្រូវបានកម្លាំងទឹកហូរបុកខ្លាំង បណ្តាលឱ្យច្រោះបាក់ស្រុត រងការខូចខាតស្ទើរទាំងស្រុង សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះឡើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើ មានឈ្មោះ ឈន តេកឡុង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត  មានប្រពន្ធឈ្មោះតឹ លីកា អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកផ្ទះដែលបានបាក់ស្រុត មានទំហំ ១៦ម៉ែត្រ គុណនឹង ៤៥ម៉ែត្រ សាងសង់អំពីថ្ម លាយដែក ប្រក់ស័ង្កសី។

យោងតាមរបាយការរបស់សមត្ថកិច្ច បានបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីបាក់ស្រុតផ្ទះ ភ្លាមៗនោះ លោកអធិការនគរបាលស្រុក បានដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅកាន់ន្លែងកើតហេតុភ្លាមៗ និងបានចូលរួមជាមួយកម្លាំងចម្រុះ ដឹកនាំរួមដោយលោកងួន ទ្ធីរិទ្ធ អភិបាលស្រុក ជួយអន្តរាគមន៍ដឹកជញ្ជូនសម្ភារៈចេញទៅកន្លែងសុវត្ថិភាព និងកាត់ផ្ទះដែលបាក់ចេញ កុំឱ្យទាញគ្នាបាក់បន្តទៀត ។

ពាក់ព័ន្ធករណីបាក់ផ្ទះនេះដែរ តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានឃុំអន្លង់វែង ថាមូលហេតុមកពីកត្តាជំនន់ទឹកភ្លៀង ហូរបុកខ្លាំងផង ហើយមួយទៀត ផ្ទះរបស់ជនរងគ្រោះ ជាប់នឹងមាត់អូរ ម៉្យាងសំណង់ខាងលើនេះ ទើបតែនឹងចាក់ដីផង។

សូមបញ្ជាក់ថា បើតាមការឱ្យដឹងពីម្ចាស់ផ្ទះខាងលើ នៅវេលាម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ គាត់មានការសង្ស័យចំពោះការបាក់ស្រុតនេះដែរ ព្រោះថាផ្ទះរបស់គាត់ជាប់មាត់អូរ ហើយស្ថានភាពទឹកហូរខ្លាំងផងនោះ តែដោយសាររវល់នឹងរឿងការងាររកស៊ីផង ក៏មិនបានចាប់អារម្មណ៍ លុះដល់វេលាម៉ោងប្រហែល ៣រសៀល ក៏ជួបហេតុការបែបនេះតែម្តង តែសំណាងល្អ ពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែខូតខាតរបស់របរមួយចំនួនប៉ុណ្ណោះ៕

ប៊ុនថេត

RELATED ARTICLES