Thursday, April 25, 2024
Homeព័ត៌មានជាតិបង្ក្រាបឆ្នោតវៀតណាម

បង្ក្រាបឆ្នោតវៀតណាម

ខេត្តស្វាយរៀង ៖ ក្រោយពីមានការបញ្ជាដាច់ណាត់ពីប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរនិងសមត្ថកិច្ចទូទាំងប្រទេស បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់។ ជាក់ស្តែងសម្រាប់ក្រុងបាវិត ខេត្តស្វាយរៀង រយៈពេល ២ថ្ងៃ ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២២ នគរបាលក្រុងបាវិត បានបង្ក្រាបអ្នកលក់ឆ្នោតវៀតណាម ខុសច្បាប់ បានចំនួន៨នាក់ ដើម្បីធ្វើការអប់រំឱ្យបញ្ឈប់ការលក់ឆ្នោតខុសច្បាប់តទៅទៀត។

នគរបាលក្រុងបាវិត បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានចុះបង្ក្រាបជនជាតិវៀតណាម និងខ្មែរ ដែលលក់ឆ្នោតវៀតណាមខុសច្បាប់ ចំនួន៨នាក់ (ស្រី១) ក្នុងនោះជនជាតិខ្មែរ ១នាក់ និងជនជាតិវៀតណាម ៧នាក់ និងដកហូតឆ្នោត ចំនួន១១៧៥សន្លឹក។

ក្រោយចាប់ខ្លួន សមត្ថកិច្ចបានធ្វើកិច្ចសន្យា អប់រំ ណែនាំឱ្យបញ្ឈប់លក់ឆ្នោតបន្តទៀត បើសិនមិនអនុវត្តតាមកិច្ចសន្យា សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា លោកម៉ែន វិបុល អភិបាលខេត្ត បានបញ្ជារដ្ឋបាលក្រុងស្រុកទាំង៨ ត្រូវបន្តទប់ស្កាត់និងបង្ក្រាបចំពោះទីតាំងធ្វើអាជីវកម្មភ្នាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលគ្មានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល៕

RELATED ARTICLES