Wednesday, April 24, 2024
Homeព័ត៌មានជាតិស្ទូចត្រី លង់ទឹកបាត់ខ្លួន២ថ្ងៃ អណ្តែតស្ពីង

ស្ទូចត្រី លង់ទឹកបាត់ខ្លួន២ថ្ងៃ អណ្តែតស្ពីង

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ បានចេញទៅស្ទូចត្រីជាមួយមិត្តភក្តិ នៅពេលយប់ លុះពេលកំពុងស្ទូចត្រី ស្រាប់តែពិលពាក់ជាប់ក្បាល បានជ្រុះចូលទៅក្នុងទឹក ក៏បានចុះទៅរាវរក បែរជាលង់ទឹក បាត់ខ្លួនអស់ ២ថ្ងៃ ទើបប្រទះឃើញសពជនរងគ្រោះអណ្តែតស្ពីង។

ករណីលង់ទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចស្ពានអូរសំរោង ក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ រហូតមកដល់រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ទើបប្រទះឃើញសាកសពជនរងគ្រោះ អណ្តែតទឹក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះ បានចេញទៅស្ទូចត្រី ជាមួយមិត្តភក្តិ លុះពេលកំពុងឱនយកសន្ទូច ធ្វើឱ្យជ្រុះពិលពាក់ក្បាល ហូរតាមទឹក ទើបជនរងគ្រោះបានចុះទៅយកពិល បណ្តាលឱ្យលង់ទឹក បាត់ខ្លួន តាំងពីវេលាម៉ោង ១០យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មកម៉្លេះ។

ប្រភពបន្តថា ភ្លាមៗនោះ មិត្តភក្តិដែលទៅស្ទូចត្រីជាមួយជនរងគ្រោះ បានរត់ទៅប្រាប់សាច់ញាតិ និងរាយការណ៍ជូនអាជ្ញាធរ និងត្រូវបានលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានដឹកនាំកម្លាំងមាននគរបាល កងរាជអាវុធហត្ថស្រុក និងកម្លាំងយោធា មានតំបន់ប្រតិបត្តិការ សឹករង និងកងពលតូចថ្មើជើងលេខ៥១ រួមជាមួយសាច់ញាតិជនរងគ្រោះ  ចុះមករកទាំងយប់ដែរ តែរកមិនឃើញ។ រហូតដល់ ២ថ្ងៃក្រោយមក ពោលគឺនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ទើបប្រទះឃើញសាកសពជនរងគ្រោះអណ្តែតឡើង។

សូមបញ្ជាក់ថា បើយោងតាមរបាយកាណ៍ខេត្តបន្ទាយមានជ័យ នៅអំឡុងទឹកជំនន់ជន់លិចក្នុងខែកញ្ញា ឆ្នាំ២០២២ បានធ្វើឱ្យស្រុក-ក្រុង ទាំង៩ នៃខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់ និងបណ្តាលឱ្យមានមនុស្សស្លាប់ ១២នាក់ (ស្រី២នាក់) និងជួយសង្គ្រោះបានទាន់ពេល  ២ករណី។

របាយការណ៍ខាងលើ បានបញ្ជាក់ថា ១-ស្រុកមង្គលបុរី មានករណីលង់ទឹកស្លាប់ ៤នាក់ (ស្រី ១នាក់)។ ២-ស្រុកភ្នំស្រុក មានករណីលង់ទឹក ៣ករណី ស្លាប់១ និងជួយសង្គ្រោះបាន ២នាក់ ឃុំស្ពានស្រែង ម្នាក់ ជួយដោយកម្លាំងកងរាជអាវុធហត្ថស្រុក និងឃុំស្រះជីក ម្នាក់ ជួយដោយកម្លាំងយោធា កងពលតូចថ្មើរជើងលេខ៥១។ ៣-ក្រុងសិរីសោភ័ណ មានករណីលង់ទឹកស្លាប់២នាក់ ម្នាក់ទៅដាក់មងវាលស្រែ លង់ទឹកស្លាប់ និងកុមារម្នាក់ទៀត ឪពុកម្តាយទៅថៃ ឱ្យជីដូនមើលថែ លង់ទឹកស្លាប់។ ៤-ក្រុងប៉ោយប៉ែត មានករណីលង់ទឹកស្លាប់ ២នាក់ (ស្រី១) ក្នុងនោះ ១ករណី ក្មេងស្រីលេងទឹកមុខផ្ទះ ជំនន់ទឹកភ្លៀងលិច ហូរកួចស្លាប់ ១យប់ ទើបរកសពឃើញ និងករណីទី២ ក្មេងប្រុសម្នាក់ ទៅស្ទូចត្រីជាមួយបងប្រុស នៅអូរព្រំដែន បណ្តាលឱ្យរអិលជើងធ្លាក់ទឹក លង់ស្លាប់ រយៈពេល៤ថ្ងៃ ទើបរកឃើញសាកសព។ ៥-ស្រុកព្រះនេត្រព្រះ មានករណីលង់ទឹកស្លាប់ ៣នាក់ (ប្រុសទាំងអស់) ក្នុងនោះ មានម្នាក់ ជាយុវជនរងគ្រោះខាងលើ ដែលចេញស្ទូចត្រី ពេលយប់ លង់ទឹក បាត់ខ្លួន២ថ្ងៃ ទើបរកឃើញសព៕

RELATED ARTICLES