Friday, April 26, 2024
Homeព័ត៌មានជាតិប្អូនថ្លៃស្រវឹង វ៉ៃបង៣ដំបងស្លាប់

ប្អូនថ្លៃស្រវឹង វ៉ៃបង៣ដំបងស្លាប់

ខេត្តសៀមរាប ៖ បុរស ២នាក់ ត្រូវជាបងប្អូនថ្លៃ បានអង្គុយផឹកស៊ីជាមួយគ្នារហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏កើតមានជម្លោះនឹងគ្នា តែមិនឈានដល់អំពើហិង្សានោះទេ ក្រោយមកបុរសជាបងថ្លៃ បានដើរទៅដេកក្នុងអង្រឹងក្រោមផ្ទះ ស្រាប់តែរំពេចនោះ បុរសជាប្អូនថ្លៃដែលជាមនុស្សគផងនោះ បានទាញដំបង ដើរទៅធ្វើសកម្មភាពវាយទៅលើបងថ្លៃរបស់ខ្លួន ចំនួន៣ដំបង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម លើអង្រឹងតែម្តង ចំណែកជនដៃដល់ជាប្អូនថ្លៃ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកតៅចាត់ការតាមច្បាប់។

ករណីឃាតកម្ម ប្អូនថ្លៃវាយបងថ្លៃ ៣ដំបង បណ្តាលឱ្យស្លាប់ក្នុងអង្រឹងនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចលើអង្រឹង ខាងក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបាឡាំង ឃុំល្វែងឫស្សី ស្រុកជីក្រែង។

ជនសង្ស័យជាឃាតករដែលវាយសម្លាប់បងថ្លៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហាច ហាវ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ (ជាមនុស្សគ) មានលំនៅក្នុងភូមិបាឡាំង ឃុំល្វែងឫស្សី ស្រុកជីក្រែង។ ចំណែកជនរងគ្រោះជាបងថ្លៃ មានឈ្មោះសាន់ សល់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិបាឡាំង ឃុំល្វែងឫស្សី ស្រុកជីក្រែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីដូចសព្វដង។ លុះក្រោយពីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ទាំង២នាក់បងប្អូនថ្លៃ ក៏កើតមានជម្លោះនឹងគ្នា តែមិនឈានដល់ការប្រើអំពើហិង្សានោះទេ។

ប្រភពដដែល បន្តថា ក្រោយមក ភាគីជនរងគ្រោះជាបងថ្លៃ បានដើរទៅប្រះខ្លួនដេកលើអង្រឹងខាងក្រោមផ្ទះ លង់លក់ទៅ ស្រាប់តែមួយសន្ទុះក្រោយមក ភាគីជនដៃដល់ជាប្អូនថ្លៃ បានកាន់ដំបងឈើជ្រុង ប្រវែងកន្លះម៉ែត្រ ទំហំ ៥១០សង់ទីម៉ែត្រ គុណនឹង ១០សង់ទីម៉ែត្រ ទៅវាយជនរងគ្រោះដែលកំពុងដេកនៅក្នុងអង្រឹង ចំនួន៣ដំបង ត្រូវចំស្មា ១ដំបង ចង្កា ១ដំបង និងកញ្ចឹងក ១ដំបង បណ្តាលឱ្យជនរងគ្រោះស្លាប់នៅក្នុងអង្រឹងយ៉ាងអាណោចអាធ័មតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនេះ មូលហេតុដោយអ្នកទាំង២ ផឹកស្រាស្រវឹងហើយកើតមានជម្លោះនឹងគ្នា។

ក្រោយពេលកើតហេតុ ជនដៃដល់ត្រូវបានប្រជាការពារ និងមេភូមិ ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចដើម្បីនាំយកទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES