Sunday, September 22, 2024
Homeព័ត៌មានជាតិចៅស្រីលង់ទឹកស្លាប់ តាយំបន្ទោសខ្លួនឯង

ចៅស្រីលង់ទឹកស្លាប់ តាយំបន្ទោសខ្លួនឯង

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីវ័យ ៥ឆ្នាំម្នាក់ បានជិះទូកជាមួយជីតារបស់ខ្លួន ដើម្បីទៅរៀបចង្ហាន់ប្រគេនព្រះសង្ឃ លុះក្រោយមក ខណៈដែលជីតាកំពុងរវល់ភ្លេចខ្លួន ចៅស្រីបានចុះលេងទឹកតែម្នាក់ឯង បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យបុរសជាជីតា ទ្រហោយំបោកខ្លួន បន្ទោសខ្លួនឯងថា បណ្តោយឱ្យចៅលង់ទឹកស្លាប់។

ករណីក្មេងស្រីអាយុ៥ឆ្នាំ លង់ទឹកស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចស្ពានតាវ៉ន ចម្ងាយ ២៥០០ម៉ែត្រ ខាងលិចភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ។

ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះហុង ស្រីនាង អាយុ៥ឆ្នាំ ឪពុកម្តាយរវល់ទៅធ្វើការនៅប្រទេសថៃ សព្វថ្ងៃស្នាក់នៅជាមួយជីតា ឈ្មោះ ហ៊ាំង តឿម អាយុ៥៩ឆ្នាំ នៅភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រោយពីបុណ្យភ្ជុំបិណ្ឌរួច ព្រះសង្ឃនៅវត្តសំរោង ឃុំទឹកជោរ តែងតែរៀបចំពិធីឆាន់បាយថ្ងៃត្រង់ នៅចំណុចស្ពានតាវ៉ន ខាងលិចវត្តសំរោង ចម្ងាយ ២៥០០ម៉ែត្រ ស្ថិតក្នុងភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ជាប្រចាំ។ នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានតាមជីតា ជិះទូកស្មាច់ម៉ាស៊ីន និមន្តព្រះសង្ឈចំនួន ២៥អង្គ ទៅឆាន់បាយថ្ងៃត្រង់ នៅចំណុចស្ពានតាវ៉ន (ទីតាំងកើតហេតុខាងលើ) លុះក្រោយពេលព្រះសង្ឈឆាន់ចង្ហាន់ត្រង់រួច នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃដដែល ខណៈដែលជីតារវល់ភ្លេចខ្លួន ស្រាប់តែចៅស្រី បានចុះលេងទឹកប្រឡាយក្បែរនោះ ក៏បណ្តាលឱ្យលង់តែម្តង។

ប្រភពដដែល បន្តថា នៅពេលកើតហេតុភ្លាមៗ មានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាជួយសង្គ្រោះ ស្រង់ក្មេងស្រីរងគ្រោះឡើងគោក រួចប្រញាប់ដឹកទៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីសង្គ្រោះដែរ តែពេលទៅដល់ គ្រូពេទ្យបានពិនិត្យឃើញថា មានសភាព ធ្ងន់ធ្ងរ ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប តែជាអកុសល កុមារីរងគ្រោះបានបាត់បង់ជីវិត ក្រោយទៅដល់មន្ទីរពេទ្យខេត្តសៀមរាប។

ហេតុការណ៍នេះ បានធ្វើឱ្យបុរសជាជីតាក្មេងស្រីរងគ្រោះ ទួញសោកយ៉ាងខ្លាំង ដោយបន្ទោសថា មកពីខ្លួនធ្វេសប្រហែស ទើបបណ្តាលឱ្យចៅស្រីលង់ទឹកស្លាប់បែបនេះ។

សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យបុរសជាជីតា ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES