Sunday, September 22, 2024
Homeព័ត៌មានជាតិប្រពន្ធដូររូបហ្វេសប៊ុក ប្តីស្តីបន្ទោស ផឹកថ្នាំពុលស្លាប់

ប្រពន្ធដូររូបហ្វេសប៊ុក ប្តីស្តីបន្ទោស ផឹកថ្នាំពុលស្លាប់

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ បានបើកលេងទូរស័ព្ទប្តី រួចក៏ចូលទៅប្តូររូបប្រូហ្វាល់ហ្វេសប៊ុក របស់ប្តី ដោយដករូបប្តីចេញ ដាក់រូបខ្លួនឯង (ប្រពន្ធ) ចូលវិញ លុះប្តីបើកឃើញ ក៏ស្តីបន្ទោស ធ្វើឱ្យកើតជាជម្លោះបែកផ្សែង និងឈានដល់ស្ត្រីជាប្រពន្ធគិតខ្លី ផឹកថ្នាំពុល សម្លាប់ខ្លួន និងត្រូវបានបុរសជាប្តីព្យាយាមដឹកទៅមន្ទីរពេទ្យ សង្គ្រោះអស់រយៈពេលជិត ២សប្តាហ៍ដែរ តែសង្គ្រោះមិនបាន ទីបំផុតក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង២៥នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នៅចំណុចមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន។

ស្ត្រីដែលផឹកថ្នាំពុលសម្លាប់ខ្លួន មានឈ្មោះភិច ចិន អាយុ២៧ឆ្នាំ មានប្តីឈ្មោះហេង ជីវៈ អាយុ២៣ឆ្នាំ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ដើមចមដែលនាំឱ្យផ្ទុះជម្លោះរវាងប្តីប្រពន្ធមួយគូខាងលើ រហូតឈានដល់ស្ត្រីជាប្រពន្ធសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួននេះ គឺដោយសារដំបូងឡើយ ស្ត្រីជាប្រពន្ធ បានយកទូរស័ព្ទប្តី មកលេងហ្វេសប៊ុក រួចបានប្តូររូបក្នុងប្រូហ្វាល់ហ្វេសប៊ុក របស់ប្តី ដោយប្តូររូបប្តីចេញ ហើយដាក់រូបខ្លួនឯង (រូបប្រពន្ធ) ចូលជំនួសវិញ។

ប្រភពដដែល បន្តថា លុះពេលបុរសប្តីបានបើកលេងហ្វេសប៊ុក របស់ខ្លួន ឃើញបែបនេះ ក៏សួរនាំប្រពន្ធ និងបានស្តីបន្ទោសប្រពន្ធថា បើប្តូរដាក់រូបប្រពន្ធក្នុងប្រូហ្វាល់ហ្វេសប៊ុក របស់ខ្លួនបែបនេះ ពេលគេឃើញ គេមិនហ៊ានឆាតហៅទៅធ្វើការងារទេ។ ចំណែកស្ត្រីជាប្រពន្ធ យល់ឃើញផ្សេងថា ប្តីរបស់ខ្លួន មិនចង់ឱ្យតាំងរូបខ្លួនជាប្រពន្ធក្នុងហ្វេសប៊ុក សង្ស័យខ្លាចគេដឹងថាខ្លួនមានប្រពន្ធ ទើបធ្វើឱ្យប្រកាន់ចិត្តខឹងរៀងខ្លួន រហូតដល់កើតជាជម្លោះពាក្យសម្តីបែកផ្សែង ដោយប្រពន្ធចេះតែលើកហេតុផលចោទប្រកាន់ប្តី តាមបែបប្រចណ្ឌ ទីបំផុតក៏ឆេះឆួល កំហឹងខ្លាំង ទប់លែងជាប់ រត់ទៅយកថ្នាំបាញ់ស្មៅ មកផឹកភ្លាមៗ បណ្តាលឱ្យពុលប្រកាច់ប្រកិនតែម្តង។

ក្រោយកើតហេតុ បន្ទាប់ពីដឹងថា ស្ត្រីជាប្រពន្ធផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន បុរសជាប្តី និងក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសំពៅលូន អស់រយៈពេលជិត ២សប្តាហ៍មកហើយ ទីបំផុតដោយសារស្ថានភាពធ្ងន់ពេក គ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតបានឡើយ ទើបមកដល់ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ស្ត្រីជាប្រពន្ធ ក៏បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

សពស្ត្រីរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួច ក៏បានប្រគល់ឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES