Sunday, September 22, 2024
Homeព័ត៌មានជាតិដេញក្របីឆ្លងអូរ ម្ចាស់លង់ទឹកស្លាប់

ដេញក្របីឆ្លងអូរ ម្ចាស់លង់ទឹកស្លាប់

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ បានដឹកក្របី ចេញពីផ្ទះ រួចឆ្លងអូរ ដើម្បីយកទៅឃ្វាល ស្រាប់តែអកុសល បែរជាលង់ទឹកស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចអូរខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្រះរុន ឃុំអូរតាប៉ោង ស្រុកបាកាន។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះម៉ាន ភឿក អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជារៀងរាល់ថ្ងៃ ប្តីរបស់គាត់ (ជនរងគ្រោះ) តែងដឹកក្របី ចេញពីផ្ទះ ទៅឃ្វាល នៅវាលស្រែ ដោយឆ្លងកាត់អូរខាងក្រោយផ្ទះ ជាប្រចាំ។ លុះមកដល់ថ្ងៃកើតហេតុ ដោយសារតែប្តីដឹកក្របី ចេញទៅឃ្វាល បាត់យូរពេក មិនឃើញត្រឡប់មកផ្ទះវិញ ទើបគាត់បានហៅអ្នកភូមិ ចេញជួយតាមរក លុះទៅដល់វាលស្រែ ឃើញតែក្របី ប៉ុន្តែមិនឃើញប្តីគាត់សោះ មិនដឹងថាបាត់ទៅណា?

ស្ត្រីជាប្រពន្ធជនរងគ្រោះ បានបន្តថា លុះមានការសង្ស័យថាប្តីរបស់គាត់លង់ទឹកអូរខាងក្រោយផ្ទះ ទើបនាំគ្នាចុះរាវរក ស្រាប់តែប្រទះឃើញសពប្តីនៅក្នុងអូរមែន ទើបស្រង់យកមកផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ។

ដោយមានការធានាអះអាងពីប្រពន្ធ អ្នកជិតខាង លោកមេភូមិស្រះរុន ផងនោះ ទើបសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុ ដោយសារជនរងគ្រោះបានចុះដេញក្របីឆ្លងអូរ យកទៅឃ្វាល ពេលឆ្លងទឹកជ្រៅ ហែលមិនផុត ក៏បានលង់ស្លាប់នៅកន្លែងកើតហេតុតែម្តង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES