Sunday, September 22, 2024
Homeព័ត៌មានជាតិភ្ជង់កាំបិត សុំទាន៨ម៉ឺន ប៉ូលិសចុះស៊ើប

ភ្ជង់កាំបិត សុំទាន៨ម៉ឺន ប៉ូលិសចុះស៊ើប

ខេត្តសៀមរាប ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប បានចាប់ផ្តើមបើកការសាវជ្រាវ ស៊ើបអង្កេត ករណីដែលមានព័ត៌មានបង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុក ថាមានអ្នកសុំទាន យកកូនកាំបិតភ្ជង់ចង្កេះប្រជាពលរដ្ឋ ដើម្បីសុំលុយ ៨ម៉ឺនរៀល។

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Bee Nang កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានបង្ហោះសារថា “02/10/2022 នៅវេលាម៉ោង ៤ជាង មានអ៊ីម្នាក់ សុំទាននៅផ្លូវ៦០ ពេលខ្ញុំឈប់ម៉ូតូទិញអីញ៉ាំ គាត់ដើរមកជិតខ្ញុំ ហើយនិយាយខ្សឹបៗ អូន សុំលុយ ៨ម៉ឺនមក! ខ្ញុំនិយាយថា សុំទោសផងអ៊ី ខ្ញុំអត់មានទេ ខ្ញុំជូនអ៊ី ១០០០០៛ គាត់និយាយថា បើមិនឱ្យទេ គាត់នឹងចាក់ ព្រោះគាត់ដាក់កូនកាំបិតកិបនឹងចង្កេះ តែសំណាងល្អ ពូសន្តិសុខ គាត់ដើរមក អ៊ីហ្នឹងគាត់ដើរចេញឡើងលឿន អ្នកលក់ហ្នឹងអត់បានចាប់អារម្មណ៍ទេ (ខណៈពេលហ្នឹង ខ្ញុំញ័រអស់ហើយ…) តែសូមប្រុងប្រយ័ត្នទាំងអស់គ្នាណា អ្នកនៅសៀមរាប និងអ្នកខេត្តផ្សេង…”។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា លោកទទួលបាន និងកំពុងបើកការស្រាវជ្រាវករណីនេះហើយ។

ចំណែកលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ទទួលផែនកម្លាំងនគរបាបព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ករណីនេះ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងស្រាវជ្រាវ។

ពាក់ព័ន្ធទៅនឹងករណីនេះ រហូតដល់ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ គេនៅពុំទាន់ដឹងច្បាស់ថា ព័ត៌មានដែលបានបង្ហោះតាមគណនីហ្វេសប៊ុក ខាងលើ ជាការពិតឬយ៉ាងណានោះទេ ខណៈដែលកងកម្លាំងសមត្ថកិច្ចជំនាញ កំពុងបើកការស្រាវជ្រាវ៕

RELATED ARTICLES