Sunday, September 22, 2024
Homeព័ត៌មានជាតិលោកសង្ឃស្ទាវ ៣អង្គ ព្រឹកនិមន្តបិណ្ឌបាត យប់ដោះស្បង់ចេញ វ៉ៃប្លន់ព្រះសង្ឃ

លោកសង្ឃស្ទាវ ៣អង្គ ព្រឹកនិមន្តបិណ្ឌបាត យប់ដោះស្បង់ចេញ វ៉ៃប្លន់ព្រះសង្ឃ

ខេត្តកំពង់ស្ពឺ ៖ ព្រះសង្ឃក្មេងចំនួន ៣អង្គ ពេលព្រឹក និមន្តបិណ្ឌបាតតាមធម្មតា លុះយប់ឡើង បានបែកគំនិតដោះស្បង់ចីវរចេញ ស្លៀកពាក់ជាជនស៊ីវិល ចេញធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិរបស់ព្រះសង្ឃដូចគ្នាដែលកំពុងនិមន្តចេញពីវត្ត ទៅរកជាវបារី លុះព្រះសង្ឃរងគ្រោះស្គាល់មុខមាត់ ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងត្រូវបានខាងមន្ត្រីធម្មការ ព្រមទាំងព្រះចៅអធិការវត្ត សម្រេចចាប់ផ្សឹកសង្ឃសង្ស័យទាំង៣អង្គ ប្រគល់ឱ្យសមត្ថកិច្ច នាំខ្លួនយកទៅចាត់ការតាមច្បាប់។

ករណីលោកសង្ឃស្ទាវដោះស្បង់ចេញប្លន់នេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្បែរវត្តធម្មមង្គល ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ។ រហូតមកដល់វេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនសង្ឃសង្ស័យទាំង៣អង្គ នាំយកមកចាត់ការតាមចាប់។

តាមប្រភពពីសមត្ថកិច្ចស្រុកបរសេដ្ឋ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ មានព្រះសង្ឃមួយអង្គ ព្រះនាមវ៉ាត សុខវៀត ព្រះជន្ម ២០វស្សា គង់នៅវត្តធម្មមង្គល ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ បាននិមន្តមកដាក់ពាក្យបណ្តឹងថា នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ព្រះអង្គ ត្រូវបានជនសង្ស័យ ១ក្រុម ស្ទាក់ប្លន់យកទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone និងលុយ ២ម៉ឺនរៀល ខណៈដែលព្រះអង្គនិមន្តចេញពីវត្ត ទៅរកទិញបារី។ ជាមួយនេះ ព្រះសង្ឃរងគ្រោះ បានបញ្ជាក់ថា ព្រះអង្គត្រូវបានគេវាយ បណ្តាលឱ្យប៉ោងមុខ និងជាំភ្នែកទៀតផង។

ប្រភពដដែល បន្តថា ក្រោយទទួលបានពាក្យបណ្តឹងនេះភ្លាម កម្លាំងជំនាញ បានបើកការស៊ីបអង្កេត រហូតឈានដល់កំណត់មុខសញ្ញាសង្ស័យ ហើយក៏បានឃាត់ខ្លួន មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ។ ក្នុងនោះបានឃាត់ខ្លួនព្រះសង្ឃ ៣អង្គ រួមមាន ៖ ទី១-ព្រះនាម ផុន មករា ព្រះជន្ម ១៦វស្សា ទី២-ព្រះនាម ឌឿន វណ្ណដេត ព្រះជន្ម ១៦វស្សា និងទី៣-ព្រះនាម រឿន ធារ៉ា ព្រះជន្ម ១៤វស្សា។ សង្ឃទាំង ៣អង្គ ខាងលើ បច្ចុប្បន្នកំពុងបួសរៀន និងគង់នៅវត្តស្វាយចារ្យ ស្ថិតក្នុងឃុំស្តុក ស្រុកគងពិសី។

នៅចំពោះមុខសមត្ថកិច្ច សង្ឃសង្ស័យទាំង៣អង្គខាងលើ បានឆ្លើយសារភាពថា ពិតជាបានដោះស្បង់ ស្លៀកពាក់ស៊ីវិល ធ្វើសកម្មភាពប្លន់ព្រះសង្ឃ ព្រះនាមវ៉ាត សុខវៀត នោះមែន ហើយពេលប្លន់រួច ក៏វិលចូលវត្តវិញ គ្រងស្បង់ចីវរធម្មតា។

ព្រះសង្ឃទាំង ៣អង្គ ខាងលើ ត្រូវបានមន្ត្រីធម្មការស្រុកគងពិសី សហការជាមួយព្រះគ្រូព្រះអនុគណស្រុកគងពិសី និងព្រះគ្រូចៅអធិការវត្តស្វាយចារ្យ សម្រេចចាប់ផ្សឹក រួចប្រគល់ជូនសមត្ថកិច្ចស្រុកបរសេដ្ឋ ចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី០២ តុលា ឆ្នាំ២០២២។

ជនសង្ស័យ ចំនួន៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES