Sunday, September 22, 2024
Homeព័ត៌មានជាតិសពយោធិន ២រូប ពលីជីវិតជួយក្មេងលង់ទឹក ធ្វើបុណ្យនៅគេហដ្ឋាន និងអង្គភាព

សពយោធិន ២រូប ពលីជីវិតជួយក្មេងលង់ទឹក ធ្វើបុណ្យនៅគេហដ្ឋាន និងអង្គភាព

ខេត្តឧត្តរមានជ័យ ៖ តាមការបញ្ជាក់របស់មន្ត្រីមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានឱ្យដឹងថា សពយោធិន ២រូប ដែលពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក ២នាក់ ត្រូវបានគ្រួសារសព ធ្វើបុណ្យតាមប្រពៃណីសាសនា ក្នុងនោះ សពទី១- ពលទោ វ៉ាន ថុន មានអាយុ ២៣ឆ្នាំ នៅលីវ ត្រូវបានក្រុមគ្រួសារសព យកមកធ្វើបុណ្យនៅគេហដ្ឋានសព នៅភូមិចាន់ក្រហម ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។ ដោយឡែកសពទី២- ពលបាលឯក ឈន ស៊ីដេត មានអាយុ ៣៩ឆ្នាំ មានប្រពន្ធ ត្រូវបានអង្គភាពរៀបចំធ្វើពិធីបុណ្យនៅបន្ទាយប្រាសាទតាមាន់  ខេត្តឧត្តរមានជ័យ។

សូមរំលឹកថា កាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២  នៅចំណុចអាងអូរអង្ក្រង មានករណីយោធិន ២រូប បានពលីជីវិត ក្រោយពីជួយសង្គ្រោះជីវិតក្មេងប្រុសពីរនាក់រួចផុតពីគ្រោះថ្នាក់លង់ទឹក តែជាអកុសល ជនរងគ្រោះ ត្រូវបានទឹកកួចលិចរហូតបាត់បង់ជីវិតទាំង២រូប ដែលបំពេញការងារក្នុងអង្គភាពវរសេនាតូច ៤៤២ របស់កងពលតូចថ្មើរជើងលេខ ៤២ ចំណុះយោធភូមិភាគទី៤។

តាមប្រភពព័ត៌មាន បានបញ្ជាក់ថា យោធិនទាំង២ បានទៅបង់ត្រី នៅចំណុចអាងអង្ក្រង ក្នុងឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ក៏ប្រទះឃើញក្មេង ២នាក់ កំពុងលង់ទឹក ទើបចុះជួយសង្គ្រោះ។ ពេលសង្គ្រោះក្មេងទាំង ២នាក់បានហើយ តែជាអកុសល ទឹកហូរកួចខ្លាំង បណ្តាលឱ្យលង់ស្លាប់ទាំង ២នាក់ តែម្តង។

សពយោធិនទាំង២រូប ត្រូវបានរកឃើញនៅវេលាម៉ោង ១១:៣០នាទី ម្នាក់  និងម៉ោង ១៧:១០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានរកឃើញម្នាក់ទៀត។

ដោយក្តីអាណិតអាសូរ និងកោតសរសើរចំពោះគំរូវីរភាពចំពោះយោធិន ២រូប ដែលបានពលីជីវិត ដើម្បីជួយសង្គ្រោះក្មេងប្រុស ២នាក់ ដែលបានលង់ទឹក រហូតបាត់បង់ជីវិតខ្លួនឯង រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានផ្តល់ជូនគ្រួសារសពនីមួយៗ នូវថវិកាចំនួន ២លានរៀល។ ទន្ទឹមនឹងនេះ ក៏មានសប្បុរសជនជាច្រើនទៀត បានផ្តល់ជូនថវិកា ដើម្បីជួយសម្រាលបន្ទុកគ្រួសារសពយោធិនទាំង២រូបនេះផងដែរ ៕

RELATED ARTICLES