ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធមួយគូ រស់នៅមិនសូវចុះសម្រុងនឹងគ្នា ព្រោះតែបុរសជាប្តី គឺមនុស្សមានចិត្តប្រចណ្ឌ ប្រពន្ធខុសរឿង និងចេះតែបង្កជម្លោះ ព្រមទាំងប្រើហិង្សាលើប្រពន្ធ ជាញឹកញាប់ រហូតដល់ប្រពន្ធទ្រាំលែងបាន ក៏ទាមទារលែងលះ ស្រាប់តែបុរសជាប្តី ផ្ទុះភ្លើងប្រចណ្ឌកាន់តែខ្លាំង ចោទថាប្រពន្ធបែកចិត្តមានប្រុសថ្មី ក៏ទាញមួកការពារសុវត្ថិភាព វាយប្រពន្ធ រងរបួសពេញខ្លួន និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកបុរសជាប្តី ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធនេះ បានកើតឡើងកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៩ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
ជនសង្ស័យជាប្តីដែលវាយប្រពន្ធ បណ្តាលឱ្យរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះរ៉ឺន សុខប៊ុន អាយុ៣០ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះផេង ស្រីនិច អាយុ១៦ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្តឹងពីឈ្មោះដួង សុខខុម ភេទស្រី អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ដែលត្រូវជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះ បានប្តឹងទៅលើកូនប្រសាឈ្មោះរ៉ឺន សុខប៊ុន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស វាយដំប្រពន្ធ (កូនស្រីរបស់គាត់) ឈ្មោះផេង ស្រីនិច បណ្តាលឱ្យរបួសស្នាម ជាកន្លែងសុសពេញខ្លួន រួមមាន ស្នាមជាំខ្នង ហើមកញ្ចឹងក ពកក្បាលពីក្រោយ ហើមកំភួនដៃខាងឆ្វេង និងដើមដៃខាងស្តាំ។
ប្រភពដដែល បន្តថា ក្រោយពីទទួលបណ្តឹងភ្លាម អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះរ៉ឺន សុខប៊ុន មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តី បានឆ្លើយសារភាពថា រូបគេពិតជាបានប្រើហិង្សា (វាយប្រពន្ធ) បណ្តាលឱ្យរងរបួសប្រាកដមែន ដោយរូបគេបានប្រើមួកការពារសុវត្ថិភាព វាយទៅលើជនរងគ្រោះជាប្រពន្ធ ដោយសារមូលហេតុខឹងប្រពន្ធសុំលែង និងសង្ស័យថានាងបែកចិត្តមានប្រុសថ្មី។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕