Sunday, September 22, 2024
Homeព័ត៌មានជាតិគំរាមសម្លាប់ ចាប់រំលោភឆ្អែតឆ្អន់២ឆ្នាំ រត់គេចពីព្រៃវែង ស្រីតាមរកឃើញនៅភ្នំពេញ

គំរាមសម្លាប់ ចាប់រំលោភឆ្អែតឆ្អន់២ឆ្នាំ រត់គេចពីព្រៃវែង ស្រីតាមរកឃើញនៅភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់ ជាបន្តបន្ទាប់ រយៈពេល ២ឆ្នាំ ថែមទាំងបានគំរាមសម្លាប់ និងដើរនិយាយបរិហារកេរ្តិ៍នារីរងគ្រោះយ៉ាងសុសសាយពេញភូមិ ក្នុងខេត្តព្រៃវែង លុះនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏បានរត់គេចខ្លួនបាត់ អស់រយៈពេលជាង ៦ឆ្នាំ។ ទីបំផុតនារីរងគ្រោះបានប្រទះឃើញជនសង្ស័យដែលធ្លាប់ចាប់រំលោភនិងគំរាមសម្លាប់នាងនៅភ្នំពេញ ក៏រាយការណ៍ប្រាប់កម្លាំងអាវុធហត្ថ ចុះចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងតាំងពីអំឡុងឆ្នាំ២០១៦ មកម៉្លេះ នៅឯស្រុកកំណើត ខេត្តព្រៃវែង។ រហូតមកដល់នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ទើបកម្លាំងអាវុធហត្ថ បានចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចបរិវេណស្ថានីយទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ជនសង្ស័យដែលចាប់រំលោភកូនក្រមុំគេ គំរាមសម្លាប់ និងបានរត់គេចខ្លួនអស់រយៈពេលជាង៦ឆ្នាំ ទើបត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននោះ មានឈ្មោះអ៊ីង ភារ៉ាត អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតនៅឯខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះ មានស្រុកកំណើត នៅខេត្តព្រៃវែង ដូចគ្នា មានលំនៅក្នុងភូមិជាមួយជនសង្ស័យ។

តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមាន នារីម្នាក់បានរាយការណ៍ថា រូបនាងបានឃើញជនសង្ស័យដែលធ្លាប់ចាប់រំលោភនាង និងគំរាមសម្លាប់ នៅខេត្តព្រៃវែង ដោយបានរំលោភនាងជាបន្តបន្ទាប់ អស់២ឆ្នាំ (ឆ្នាំ២០១៦ និង២០១៧) កំពុងនៅក្នុងបរិវេណស្ថានីយទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានប្រើវិធានការជំនាញ ចុះទៅឃាត់ខ្លួនជនសង្ស័យ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

តាមការរៀបរាប់របស់នារីរងគ្រោះ បានឱ្យដឹងថា នាងត្រូវបានជនសង្ស័យឈ្មោះអ៊ីង ភារ៉ាត ចាប់រំលោភ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅខេត្តព្រៃវែង ហើយគំរាមកំហែងថានឹងសម្លាប់ ព្រមទាំងដើរបរិហារកេរ្តិ៍រូបនាងជាសាធារណៈទៀតផង។ ក្រោយមក នាងបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តព្រៃវែង តែជនសង្ស័យបានរត់គេចចេញពីខេត្តព្រៃវែង បាត់ដំណឹងឈឹង។ ក្នុងអំឡុងពេលដែលជនសង្ស័យគេចខ្លួន នៅឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជននេះ មកប្រគល់ជូនតុលាការ តាមច្បាប់ ប៉ុន្តែសមត្ថកិច្ចតាមរកជនសង្ស័យពុំឃើញ។

រហូតដល់ឆ្នាំ២០២០ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនជនឈ្មោះអ៊ីង ភារ៉ាត់ ដាក់ពន្ធនាគារ កំណត់រយៈពេល ៧ឆ្នាំ ពីបទ រំលោភសេពសន្ថវៈ និងបទបរិហារកេរ្ត៍ជាសាធារណៈ ប៉ុន្តែសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ នៅតែមិនទាន់អាចស្វែងរកជនត្រូវចោទនេះឃើញ។

នារីរងគ្រោះ បន្តថា ទើបតែមកដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នាងបានប្រទះឃើញ ជនល្មើសនៅក្នុងបរិវេណស្ថានីយទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ (កំពុងចូលមើលកម្មវិធីប្រដាល់) ក៏បានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ ទូរស័ព្ទបន្ទាន់ ១២៩១ ឲ្យចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។

ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការឯកភាពពីលោកគឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទំនាក់ទំនងទៅកងរាជអាវុធហត្ថខេត្តព្រៃវែង ឲ្យឡើងមកទទួលយកជនជាប់ចោទរូបនេះ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រៃវែង៕

RELATED ARTICLES