Sunday, September 22, 2024
Homeព័ត៌មានជាតិវ៉ៃសម្លាប់តាអាយុ៦៤ ប្លន់ម៉ូតូនិងលុយ

វ៉ៃសម្លាប់តាអាយុ៦៤ ប្លន់ម៉ូតូនិងលុយ

ខេត្តកោះកុង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់នៅកណ្តាលផ្លូវលំ ច្រកចូលចម្ការមួយកន្លែង ដោយ មានស្លាកស្នាមរបួសជាច្រើនកន្លែង ក្នុងនោះផុងលលាដ៍ក្បាលផ្នែកខាងក្រោយផង ចំណែកក្រុមគ្រួសារជនរងគ្រោះ បាន អះអាងថា ម៉ូតូរបស់ជនរងគ្រោះ និងរបស់ទ្រព្យជាប់ខ្លួន បានបាត់អស់ ទើបសមត្ថកិច្ចបានដាក់ការសន្និដ្ឋានជំហានដំបូង ថា ជាករណីឃាតកម្ម វាយសម្លាប់ ប្លន់ម៉ូតូ។

ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅលើផ្លូវលំ ច្រកចូលចម្ការមួយកន្លែង ត្រង់ចំណុចខ្សាច់សរ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។

បុរសរងគ្រោះដែលត្រូវឃាតករវាយសម្លាប់យ៉ាងព្រៃផ្សៃនោះ មានឈ្មោះហុក សាង ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរជាអ្នកចាំចម្ការ ស្នាក់នៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល និងមានស្រុកកំណើតនៅខេត្តកំពត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានទទួលព័ត៌មានពីលោកហុង ប្រុស អភិបាលរងស្រុកស្រែអំបិល ថាមានមនុស្សស្លាប់នៅលើផ្លូវលំ ចូលចម្ការ ចំណុចខ្សាច់សរ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។

ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានបញ្ជាមកកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញពិនិត្យវិភាគ កម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងព្រាវ និងគ្រូពេទ្យបង្អែកស្រុក ចុះពិនិត្យភ្លាមៗ។

ក្នុងកិច្ចប្រតិបត្តិការនៅជុំវិញទីកន្លែងកើតហេតុ កម្លាំងប៉ុស្តិ៍បានធ្វើការព័ទ្ធជុំវិញទីកន្លែងកើតហេតុ បានរកឃើញថា នៅក្បែរសព មានស្បែកជើង ១គូ (ជារបស់ជនរងគ្រោះ)។ ចំណែកនៅលើខ្លួនប្រាណសព មានស្នាមរបួស ចំនួន៣កន្លែង ក្នុងនោះ ទី១-មានស្នាមបែកផុងលលាដ៍ក្បាល ផ្នែកខាងក្រោយ ចំនួន១កន្លែង។ ទី២-មានស្នាមបែកថ្ពាល់ឆ្វេង ១កន្លែង និងទី៣-មានស្នាមរយះដៃឆ្វេង ប្រវែង៥សង់ទីម៉ែត្រ ជម្រៅ ០,៥ស.ម ចំនួន១កន្លែង។

ដោយឡែកសម្ភារៈ តាមការអះអាងពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា មានបាត់បង់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពត 1T-6423 និងកាបូបដាក់លុយរបស់ជនរងគ្រោះ ចំនួន១ផងដែរ។

តាមការពិនិត្យសពជនរងគ្រោះ រួមនiងការបំភ្លឺពីសាច់ញាតិជនរងគ្រោះ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានជំហានដំបូងថា ករណីនេះ ជាករណីឃាតកម្ម ប្លន់សម្លាប់ ដោយជនដៃដល់ បានប្រើវត្ថុរឹង វាយសម្លាប់ជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ និងទ្រព្យជាប់ខ្លួន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនភរិយាឈ្មោះតែម សុវណ្ណ ដើម្បីដឹកទៅកាន់ស្រុកកំណើត ឯខេត្តកំពត រៀបចំធ្វើបុណ្យតាមប្រពៃណី។

ករណីនេះ សមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសឱ្យខាងតែបាន៕

RELATED ARTICLES