Sunday, September 22, 2024
Homeព័ត៌មានជាតិប្រពន្ធប្រចណ្ឌ ប៉ូលិសបាញ់សម្លាប់ខ្លួន

ប្រពន្ធប្រចណ្ឌ ប៉ូលិសបាញ់សម្លាប់ខ្លួន

ខេត្តសៀមរាប ៖ បុរសម្នាក់ ជាមន្ត្រីនគរបាលខេត្តសៀមរាប ត្រូវបានក្រុមគ្រួសារអះអាងថា ឧស្សាហ៍កើតមានជម្លោះក្នុងគ្រួសារ (រវាងប្តីប្រពន្ធ) ណាស់ មូលហេតុដោយសារបុរសជាប្តីចូលចិត្តដើរលេង ផឹកស៊ីដល់យប់ជ្រៅ ទើបធ្វើឱ្យស្ត្រីជាប្រពន្ធ ចេះតែរករឿងឈ្លោះប្រកែក ដោយសារតែភ្លើងប្រចណ្ឌ លុះក្រោយមក ទំនងជាតូចចិត្តរឿងប្រពន្ធប្រចណ្ឌពេក ស្រាប់តែបុរសជាប្តី បែកគំនិតគិតខ្លី ដកកាំភ្លើងបាញ់ខ្លួនឯង ១គ្រាប់ ចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីមន្ត្រីប៉ូលិសបាញ់សម្លាប់ខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងក្រុមទី៨ ភូមិថ្នល់ សង្កាត់ស្រងែ ក្រុងសៀមរាប។

បុរសដែលបាញ់សម្លាប់ខ្លួន មានឈ្មោះសេង វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ មានឋានៈនាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប មានប្រពន្ធឈ្មោះតាំង សៀវម៉ី និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីបុរសចំណាស់ឈ្មោះសេង សំអាន អាយុ៦៣ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) ជាមនុស្សចូលចិត្តលេងសើចច្រើន ពុំមានជំងឺផ្លូវចិត្ត ឬរោគប្រចាំកាយអ្វីនោះទេ ប៉ុន្តែតែងតែមានទំនាស់ជាមួយប្រពន្ធជាញឹកញាប់ ដោយគេចូលចិត្តដើរផឹកស៊ីជាប្រចាំ។

បុរសជាឪពុកជនរងគ្រោះ បន្តរៀបរាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ គាត់ក៏មិនដឹងច្បាស់ថា កូនប្រុសគាត់ផឹកស្រាស្រវឹង ឬក៏អត់នោះទេ ស្រាប់តែនៅវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ គាត់ទទួលដំណឹងពីអ្នករស់នៅជាប់ផ្ទះកូនប្រុសគាត់ថា កូនរបស់គាត់ឈ្មោះសេង វុទ្ធី បានយកអាវុធខ្លី ជាកម្មសិទ្ធិផ្ទាល់ខ្លួន បាញ់ត្រង់ក្បាលខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះហើយ លុះក្រោយមក កូនប្រុសគាត់ក៏ដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យតែម្តង។

ដោយឡែក តាមប្រភពពីសាក្សីដែលជាអ្នករស់នៅជិតខាងផ្ទះជនរគ្រោះ បានបង្ហើបប្រាប់ថា កន្លងមក ជនរងគ្រោះ ធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ ញឹកញាប់ណាស់ ដោយសារប្រពន្ធប្រចណ្ឌរឿងប្តីដើរផឹកស៊ីដល់យប់ជ្រៅពេក។ លុះមកដល់យប់ថ្ងៃកើតហេតុ ពួកគាត់មិនដឹងថា ជនរងគ្រោះមានរឿងអ្វីដែរ ស្រាប់តែមកដល់វេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឈ្មោះតាំង សៀវម៉ី ត្រូវជាប្រពន្ធជនរងគ្រោះ បានមកគោះទ្វារផ្ទះហៅពួកគាត់ជាអ្នកជិតខាង ឱ្យជួយប្តីរបស់នាងផង លុះពេលអ្នកជិតខាងចូល ទៅដល់ក្នុងផ្ទះជនរងគ្រោះ ក៏ប្រទះឃើញជនរងគ្រាះដេកក្នុងថ្លុកឈាម ក្បាលបែរទៅទិសខាងកើត។ ភ្លាមនោះពួកគាត់នាំគ្នាលើកជនរងគ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ភ្លាមៗដែរ តែពេទ្យមិនទទួល ទើបក្រុមគ្រួសារជនរងគ្រោះ ដឹកបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះ តែអកុសល មកដល់វេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ប្រពន្ធជនរងគ្រោះ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា ប្តីរបស់នាង (ជនរងគ្រោះ) បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

តាមប្រភពពីសមត្ថកិច្ចជំនាញខេត្តសៀមរាប បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានខាងលើ នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន សហការជាមួយកម្លាំងនៃការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្ត្រ កម្លាំងការិយាល័យ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងកម្លាំងអធិការនគរបាលក្រុងសៀមរាប បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ ចំណែកជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញ បាត់ទៅហើយ។

ប្រភពដដែល បញ្ជាក់ថា ចំពោះសព សមត្ថកិច្ចពុំទាន់បានពិនិត្យនៅឡើយទេ ដោយក្រុមគ្រួសារកំពុងដឹកបញ្ជូនពីភ្នំពេញ ត្រឡប់មកសៀមរាបវិញ។ ករណីនេះ វត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន អាវុធខ្លី ១ដើម ម៉ាក Glock 9x19MM ផលិតនៅប្រទេសអូទ្រីស  បង់ចំនួន១ គ្រាប់ចំនួន១១គ្រាប់ ក្បាលគ្រាប់ ចំនួន១ និងសំបកគ្រាប់ ចំនួន១។

តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចជំនាញ នេះជាករណីអត្តឃាត (បាញ់សម្លាប់ខ្លួនឯង) ពិតប្រាកដមែន។ មូលហេតុដោយសារតូចចិត្តរឿងប្រពន្ធប្រចណ្ឌប្តីពេក៕

RELATED ARTICLES