Sunday, September 22, 2024
Homeព័ត៌មានជាតិលួចម៉ូតូឆ្លងខេត្ត ជាប់ខ្នោះ២នាក់

លួចម៉ូតូឆ្លងខេត្ត ជាប់ខ្នោះ២នាក់

ខេត្តក្រចេះ ៖ ជនសង្ស័យ ចំនួន២នាក់ រស់នៅខេត្តត្បូងឃ្មុំ ប៉ុន្តែត្រូវសមត្ថកិច្ចខេត្តក្រចេះ កំណត់មុខសញ្ញាបានថា ជាមុខសញ្ញាយ៉ាងសកម្ម លួចកាច់កម៉ូតូ នៅឯទឹកដីខេត្តក្រចេះ លុះក្រោយពីនាំគ្នាធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង មិនបានសម្រេច ដោយត្រូវម្ចាស់គេឃើញទាន់ ក៏ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ច ចាប់វាយខ្នោះជាប់ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចម៉ូតូខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះម៉េត ចំរើន អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះនី សុឡម អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ មានលំនៅក្នុងភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលក្រុងក្រចេះ បានចេញល្បាត ដើម្បីការពារសន្តិសុខ សុវត្ថិភាពនៅក្នុងមូលដ្ឋានដូចសព្វដង ស្រាប់តែពេលចេញល្បាតដល់ត្រង់ចំណុចភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ប្រទះឃើញជនសង្ស័យ ២នាក់ កំពុងធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូរបស់ជនរងគ្រោះ ១គ្រឿង តែត្រូវម្ចាស់ម៉ូតូឃើញទាន់ ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចចាប់ឃាត់ខ្លួនបានទាំង២នាក់តែម្តង។

ប្រភពដដែល បន្តថា ជនសង្ស័យទាំង ២នាក់ខាងលើ គឺជាមុខសញ្ញាដើរលួចកាច់កម៉ូតូយ៉ាងសកម្មនៅក្នុងមូលដ្ឋានក្រុងក្រចេះ ប៉ុន្តែពួកគេមានលំនៅឯខេត្តត្បូងឃ្មុំ ឯណោះ តែបានឆ្លងចូលមកធ្វើសកម្មភាពក្នុងទឹកដីខេត្តក្រចេះ ទីបំផុតអស់លក្ខណ៍ ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES