Sunday, September 22, 2024
Homeព័ត៌មានជាតិស្ត្រីមេឆ្នោត ប៉ូលិសចាប់វ៉ៃខ្នោះ

ស្ត្រីមេឆ្នោត ប៉ូលិសចាប់វ៉ៃខ្នោះ

ខេត្តស្វាយរៀង ៖ ស្ត្រីជាមេឆ្នោតម្នាក់ ត្រូវបានសមត្ថកិច្ចចុះអប់រំ ធ្វើកិច្ចសន្យារួចទៅហើយ ពាក់ព័ន្ធនឹងករណីលក់និងកត់ឆ្នោត ប៉ុន្តែហាក់មិនព្រមរាងចាល នៅតែបន្តធ្វើសកម្មភាពលួចលក់និងកត់ឆ្នោតដដែល ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនមេឆ្នោតនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។

 តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ ដឹកនាំដោយលោកវរសេនីយ៍ត្រី អឿន អ៊ន នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រៃអង្គញ់ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ និងបានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ឈ្មោះប៊ុន ស៊ីណាន អាយុ៤០ឆ្នាំ មានលំនៅ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត មុខរបរលក់ដូរ និងដើរលក់ឆ្នោតមហាសំណាង និងដើរកត់លេខកន្ទុយលេខក្នុងម៉ាស៊ីន។

ប្រភពដដែល បន្តថា សមត្ថកិច្ចនគរបាល ធ្លាប់បាននាំខ្លួនស្ត្រីខាងលើ មកប៉ុស្តិ៍ និងបានធ្វើកិច្ចសន្យា អប់រំរួចទៅហើយ ប៉ុន្តែឈ្មោះប៊ុន ស៊ីណាន មិនរាងចាល បានទូរស័ព្ទទៅឈ្មោះជីវន្ត ភេទប្រុស នៅខេត្តស្វាយរៀង ឱ្យដើរលក់ និងកត់កន្ទុយលេខក្នុងម៉ាស៊ីន បន្តទៀត ទើបសមត្ថកិច្ចមានវិធានការបង្ក្រាប។

សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងដែលជាលទ្ធផលបង្ក្រាបបាន រួមមាន ម៉ាស៊ីនកត់កន្ទុយលេខចំនួន ១គ្រឿង ឆ្នោតកោសមហាសំណាង ចំនួន ៣៩៤សន្លឹក និងលុយ ចំនួន ១០២ ០០០រៀល។

ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕

RELATED ARTICLES