Sunday, September 22, 2024
Homeព័ត៌មានជាតិតើកូនទៅទីណា​ វិលវិញមក ម្តាយរង់ចាំ

តើកូនទៅទីណា​ វិលវិញមក ម្តាយរង់ចាំ

ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បានធ្វើដំណើរចេញពីផ្ទះ ទៅធ្វើការងារដូចសព្វដង ក្រោយមកស្រាប់តែបាត់ មិនឃើញត្រឡប់មកផ្ទះវិញសោះ លុះបុរសជាឪពុកព្យាយាមទូរស័ព្ទទៅកូនស្រី ជាច្រើនដងដែរ តែមិនមានអ្នកលើកសោះ ទើបចេញតាមរកកូនស្រី អស់រយៈពេល ៣ថ្ងៃ នៅតែមិនមានដំណឹង ក៏សម្រេចប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

នារីដែលបាត់ខ្លួន មានឈ្មោះ រី ចន្ថា អាយុ២២ឆ្នាំ មុខរបរបុគ្គលិក្រុមហ៊ុន អានកូ អេឡិទ្រិកខល ផៅវ័រគ្រុប មានលំនៅ ភូមិភូមិសុខសាន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ នារីរូបនេះ បានបាត់ខ្លួនតាំងពីវេលាម៉ោង ៦ព្រលប់ ថៃទី០៤ ខែតុលា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបានដំណឹងនៅឡើយ។

តាមសម្តីបុរសឈ្មោះគង់ សារ៉ុម ត្រូវជាឪពុកបង្កើតរបស់នារីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ កាលពីវេលាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានចេញទៅធ្វើការនៅក្រុមហ៊ុន ដូចសព្វដង ហើយពេលនាងចេញពីធ្វើការ នៅរង្វង់ម៉ោង ៦ព្រលប់ តែង ទូរស័ព្ទទៅអ៊ំប្រុសរបស់នាងឈ្មោះវ៉ាន់ រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដើម្បីឱ្យមកទទួលនាងជានិច្ច។

បុរសជាឪពុក បន្តថា ស្រាប់តែមកដល់ព្រលប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដល់ម៉ោងដែលកូនស្រីចេញពីធ្វើការទៅហើយ នៅតែមិនឃើញទូរស័ព្ទហៅអ្នកទៅទទួលទៀត ទើបក្រុមគ្រួសារនឹកឆ្ងល់ ក៏ទូរស័ព្ទទៅសួរ តែចូលច្រើនដង គ្មានអ្នកលើកសាះ រហូតដល់វេលាម៉ោង ៩ យប់ ថ្ងៃដដែល ស្រាប់តែទាក់ទងលែងចូលតែម្តង ទើបក្រុមគ្រួសារមានការព្រួយបារម្ភ ចេញតាមរកសព្វកន្លែងដែរ តែមិនមានតម្រុយអ្វីសោះ។

ក្រោយពីបាត់កូនស្រីពេញ ១យប់រួចមក នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បុរសជាឪពុក បានរាយការណ៍ប្រាប់សមត្ថកិច្ចប្រចាំបញ្ជា ១១៧ ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិចប្រចាំបញ្ជា បានបញ្ផូនព័ត៌មានទៅលោកវរសេនីយ៍ទោ ចាន់ សុភី អធិការរង នគរបាលក្រុងប៉ោយប៉ែត ដើម្បីជួយអន្តរាគមន៍ និងចាត់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរជ្រៅ ទៅទទួលពាក្យបណ្តឹងពីបុរសជាឪពុកនារីដែលបាត់ខ្លួន ខាងលើ  និងបានធ្វើការផ្សព្វផ្សាយករណីនេះ ទៅតាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុង ដើម្បីជួយស្រាវជ្រាវតាមរកនារីដែលមានភិនភាគដូចក្នុងរូបថតខាងលើ នាំយកមកប្រគល់ឱ្យក្រុមគ្រួសារវិញ៕

RELATED ARTICLES