Sunday, September 22, 2024
Homeព័ត៌មានជាតិឆែកហាងបញ្ចាំ៥៤ទីតាំង ដកហូតឡាន ម៉ូតូ ជាង១ពាន់គ្រឿង

ឆែកហាងបញ្ចាំ៥៤ទីតាំង ដកហូតឡាន ម៉ូតូ ជាង១ពាន់គ្រឿង

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌទួលគោក លោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក និងអាជ្ញាធរពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ចខណ្ឌទួលគោក ត្រូវរួមសហការគ្នាឱ្យបានល្អបំផុត ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ ឱ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណាឱ្យតំបន់មួយនេះ មានភាពល្អប្រសើរឡើងវិញ។

លោកឃ្លាំង ហួត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យគណៈបញ្ជាការឯកភាពខណ្ឌទូលគោក ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ ឱ្យអស់ពីមូលដ្ឋាន តាមរយៈការតាមដានស្រាវជ្រាវ ដោយដាក់ការសង្ស័យទៅលើទីតាំងដែលយើងទទួលបានព័ត៌មានថា អាចនឹងមានការប្រព្រឹត្តបទល្មើសខាងលើ ទៅតាមប្រសាសន៍ណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការដាក់បទបញ្ជានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដោយមានការចូលរួមពីលោកអធិការ អធិការរងនរគបាល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ មេប៉ុស្តិ៍ ចៅសង្កាត់ និងមេភូមិ ជាច្រើននាក់ទៀត។

លោកឃ្លាំង ហួត បានបន្តទៀតថា ចំពោះការអនុវត្តលើការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំនេះ គណៈបញ្ជាការឯកភាពខណ្ឌ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ត្រូវធ្វើរបាយការណ៍ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីតាមដាននិងពិនិត្យ ធ្វើយ៉ាងណាឱ្យការងារបង្ក្រាប និងទប់ស្កាត់នេះ ប្រព្រឹត្តទៅប្រកបដោយរលូន និងមានប្រសិទ្ធភាពបំផុត។

អភិបាលរងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា កិច្ចការងារនេះ ពិតជាទទួលបាននូវការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ដែលនេះជាកម្លាំងចិត្តមួយ នាំឱ្យយើងទទួលបានជោគជ័យក្នុងយុទ្ធនាការនៃការបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំខុសច្បាប់ទាំងនេះ។

លោកស្នើឱ្យការអនុវត្ត ត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ មានន័យថា កុងស៊ីបញ្ចាំខុសច្បាប់ បញ្ចាំទ្រព្យសម្បត្តិចោរ ត្រូវតែលុបបំបាត់ ហើយលើកទឹកចិត្តចំពោះកុងស៊ីបញ្ចាំស្របច្បាប់។

ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់នេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានឱ្យដឹងថា លទ្ធផលការងារដែលអនុវត្តកន្លងមក រួមមាន ៖ ឆែកឆេរ ត្រួតពិនិត្យនិងបង្ក្រាបទីតាំងទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងមូលដ្ឋានខណ្ឌទួលគោក សរុបចំនួន ៥៤ទីតាំង នៅសង្កាត់ទឹកល្អកទី៣ ក្នុងនោះ បង្ក្រាបទីតាំងទទួលបញ្ចាំ (ទ្រព្យបញ្ចាំមិនប្រក្រតី) ចំនួន១៦ទីតាំង ឃាត់ខ្លួន ១០នាក់ និងដកហូតម៉ូតូ  ១២៥៣គ្រឿង រថយន្ត ១៤គ្រឿង ម៉ូតូរ៉ឺម៉ក ៩គ្រឿង និង ម៉ូតូ កងបី ១២គ្រឿង បញ្ជូនទៅរក្សាទុកនៅឃ្លាំងក្រុមហ៊ុន OCIC ជ្រោយចង្វា ដើម្បីចាត់ការតាមនីតិវិធី និងទីតាំងចំនួន៣៤ ត្រួតពិនិត្យឃើញមានច្បាប់អនុញ្ញាត និងទទួលទ្រព្យបញ្ចាំត្រឹមត្រូវតាមនីតិវិធី។

សូមបញ្ជាក់ថា បើគិតពីថ្ងៃទី១៧ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ បានត្រួតពិនិត្យនិងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ សរុបចំនួន ១៣៣៨ទីតាំង។ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសកុងស៊ីបញ្ចាំខុសច្បាប់ សរុបចំនួន ៧៤ទីតាំង៕

RELATED ARTICLES