Sunday, September 22, 2024
Homeព័ត៌មានជាតិហាត់ប្រាណ ដួលស្លាប់ក្នុងក្លឹប

ហាត់ប្រាណ ដួលស្លាប់ក្នុងក្លឹប

ខេត្តសៀមរាប ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ជាច្រើនមុខ ទើបព្យាយាមហាត់ប្រាណ ដើម្បីឱ្យមានសុខភាពល្អ ទប់ទល់នឹងជំងឺទាំងនោះ ដោយព្យាយាមរត់ហាត់ប្រាណលើម៉ាស៊ីន នៅក្លឹបហាត់ប្រាណ ១កន្លែង ជាប្រចាំ លុះចុងក្រោយ បន្ទាប់ពីរត់លើម៉ាស៊ីន ជិតកន្លះម៉ោង ស្រាប់តែទន់ខ្លួនដួល បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងបរិវេណក្លឹបហាត់ប្រាណ «សាច់ដុំអង្គរ» មានទីតាំងទល់មុខស្ពានអាងក្រពើ ស្ថិតក្នុងក្រុមទី០៣ ភូមិវត្តដំណាក់ សង្កាត់សាសាលា កំរើក ក្រុងសៀមរាប។

បុរសរងគ្រោះ មានឈ្មោះគង់ បូណារ័ត្ន អាយុ៥៣ឆ្នាំ មុខរបរមន្ត្រីរាជការ បម្រើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទ មានលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមសម្តីរបស់ស្ត្រីឈ្មោះឃួន គង់ អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់ (ជនរងគ្រោះ) បានកើតមានជំងឺប្រចាំកាយ ជាច្រើនមុខ ដូចជា ជំងឺក្រពះ និងជំងឺលើសឈាម ហើយតែងប្រើប្រាស់ថ្នាំ ជាប់ជាប្រចាំ។ ចំណែករង្វាស់ឈាម ចន្លោះពី១៤ ទៅ១៥ រៀងរាល់ពេលដែលប្រឹងរត់ហាត់ប្រាណលើម៉ាស៊ីន ហើយប្តីរបស់គាត់ឧស្សាហ៍មានអាការវិលមុខ ឈឺក្បាល ទាមទារឱ្យមានការសម្រាកបានច្រើន ប៉ុន្តែគាត់នៅខំប្រឹងហាត់ប្រាណជាប្រចាំ ដើម្បីឱ្យមានសុខភាពល្អ អាចទប់ទល់នឹងជំងឺទាំងនោះបាន មិននឹកស្មានថា បែរជាមកជួបគ្រោះអកុសលបែបនេះទៅវិញ។

តាមប្រភពពីឈ្មោះហាន់ ច័ន្ទវ៉ា ភេទស្រី អាយុ២០ឆ្នាំ ជាបុគ្គលិកក្លឹបហាត់ប្រាណ (ទីតាំងកើតងហេតុ) ខាងលើ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះឈ្មោះ គង់ បូណារ័ត្ន គឺជាភ្ញៀវប្រចាំនៅក្នុងក្លឹបហាត់ប្រាណមួយនេះ ដោយគាត់តែងមកហាត់ប្រាណ (រត់លើម៉ាស៊ីន) ជារៀងរាល់ ថ្ងៃ។ មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល ៧យប់  ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះបានចូលមកហាត់ប្រាណ ដោយរត់លើម៉ាស៊ីន ដូចសព្វដង។ លុះក្រោយពីរត់បានរយៈពេល ២៥នាទី តាមទម្លាប់ ជនរងគ្រោះ ស្រាប់តែមានអាការទន់ខ្លួន ដោយដៃខាងស្តាំរបស់ ជនរងគ្រោះ បានច្រត់ទៅលើដៃម៉ាស៊ីន ចំណែកខ្លួនបានទន់ចុះក្រោម ទាំងទឹកមុខស្លេកស្លាំង បបូរមាត់ឡើងពណ៌ស្វាយ ហើយដួលទៅលើឥដ្ឋការ៉ូ ក្បាលបែរទៅទិសខាងលិចតែម្តង។ ភ្លាមនោះនាងក៏បានស្រែកហៅឱ្យភ្ញៀវដទៃទៀត ឱ្យមកជួយសង្គ្រោះបឋម និងទាក់ទងហៅឡានពេទ្យ មកដឹកជនរងគ្រោះដើម្បីបញ្ជូនទៅមន្ទីរពេទ្យដែរ ប៉ុន្តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ មុនពេលឡានពេទ្យមកដល់ទៅទៀត។  

ដោយឡែក តាមប្រភពពីសាក្សីម្នាក់ទៀត ឈ្មោះឈឿង សល់ ភេទប្រុស អាយុ៤៦ឆ្នាំ ជាភ្ញៀវដែលបានហាត់ប្រាណដូចគ្នា បានឱ្យដឹងថា នៅវេលាម៉ោង ៧យប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ខណៈពេលដែលគាត់កំពុងហាត់ប្រាណដោយធាក់កង់ ក៏ឃើញជនរងគ្រោះឈ្មោះគង់ បូណារ័ត្ន ដែលតែងតែមកហាត់ប្រាណនៅក្លឹបនេះជាប្រចាំជាមួយគាត់ បានចូលមកហាត់ប្រាណដែរ ដោយរត់ម៉ាស៊ីន នៅពីមុខគាត់ រីឯគាត់ធាក់កង់ពីក្រោយ។ លុះក្រោយពីរត់ចប់នាទីកំណត់លើម៉ាស៊ីន ស្រាប់តែជនរងគ្រោះ បានកើតមានអាការមិនស្រួលខ្លួន ហើយបានដួលទៅលើឥដ្ឋការ៉ូភ្លាមតែម្តង ទើបគាត់និងអ្នកហាត់ប្រាណផ្សេងទៀត បាននាំគ្នាជួយសង្គ្រោះបឋម ដោយធ្វើចលនាបេះដូងឱ្យជនរងគ្រោះ ចំណែកម្ចាស់ក្លឹបហាត់ប្រាណ បានទូរស័ព្ទហៅរថយន្តសង្គ្រោះមកដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការសាកសួរ និងពិនិត្យ ព្រមទាំងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវៈយវៈ ជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីនោះទេ។

ផ្អែកតាមការបំភ្លឺពីសាក្សី និងក្រុមគ្រួសារសព ព្រមទាំងលទ្ធផលកោសល្យវិច័យ បង្ហាញថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ពោលគឺពុំមានពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES