ខេត្តកំពង់ធំ ៖ ក្រុមគ្រួសារមួយ កំពុងមានជីវភាពទីទ័លក្រលំបាក រកព្រឹកខ្វះល្ងាចផង ស្រាប់តែស្ត្រីជាប្រពន្ធ បានកើតមានជំងឺប្រចាំកាយ ដេកដួលលើកន្ទេល ស្គមរីងរៃ សល់តែស្បែកដណ្តប់ឆ្អឹង។ ចំណែកបុរសជាប្តី គ្មានចំណេះជំនាញអីក្រៅពីដើររាវក្តាម ខ្យង លក់ចិញ្ចឹមជីវិត និងទិញថ្នាំព្យាបាលប្រពន្ធ ធ្វើឱ្យជីវភាពគ្រួសារលំបាកតោកយ៉ាកជាទីបំផុត។

ស្ត្រីអភ័ព្វដែលឈឺដេកដួលលើកន្ទេល សល់តែស្បែកដណ្តប់ឆ្អឹងនោះ មានឈ្មោះសូត្រ ណាង អាយុ៣៥ឆ្នាំ សព្វថ្ងៃស្នាក់នៅឡឥដ្ឋ ស្ថិតក្នុងភូមិគិរីវ័ន ឃុំកកោះ ស្រុកសន្ទុក។

តាមប្រភពមន្ត្រីអាវុធហត្ថ មួយរូប ឈ្មោះសួស សុវណ្ណា បានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន នូវរូបភាពបង្ហាញពីស្ថានភាពរបស់ស្ត្រីរងគ្រោះ ដែលកំពុងឈឺដេកកន្ទេល ភ្ជាប់ជាមួយសំណេរថា “ប្អូនស្រីមានឈ្មោះសូត្រ ណាង អាយុ៣៥ឆ្នាំ រស់នៅឡឥដ្ឋ ភូមិគីរីវ័ន ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ប្អូនស្រីទីទ័លក្រ ជួបការលំបាក ដោយមានជំងឺកាចសាហាវ ប្រចាំកាយថែមទៀត បើសិនបងប្អូនមានសទ្ធាជ្រះថ្លា សូមមេត្តាជួយដល់ប្អូនស្រីផង គ្រួសារប្អូនស្រីមានសមាជិកចំនួន៣នាក់ ប្តីរកស៊ីរាវខ្យង ក្តាម ចងសន្ទួច បាន១ថ្ងៃ ហូប១ថ្ងៃ ខ្ញុំសែនអាសូសូរ និងអាណិតដល់រូបប្អូនស្រីណាស់។ គាត់មិនមានទូរស័ព្ទប្រើទេ សម្រាប់បងប្អូនសួររកកុង Aba : 002559350 chea sipha…”៕