Monday, September 23, 2024
Homeព័ត៌មានជាតិវាយសង្សារស្លាប់ អាករសម្លាប់ខ្លួន

វាយសង្សារស្លាប់ អាករសម្លាប់ខ្លួន

ភ្នំពេញ ៖ គូស្នេហ៍មួយគូ ត្រូវបានប្រទះឃើញដេកស្លាប់ទន្ទឹមគ្នាក្នុងបន្ទប់ជួល ដោយភាគីស្រី មានស្នាមរបួសបែកមុខមាត់ ចំណែកភាគីប្រុស មានស្លាកស្នាមអារបំពង់ក និងត្រូវបានសន្និដ្ឋានថា ជាករណីវាយសម្លាប់គូស្នេហ៍ រួចអារកសម្លាប់ខ្លួន តាមក្រោយ ដោយផ្តើមចេញពីភ្លើងប្រចណ្ឌ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចបន្ទប់ជួលលេខ១៦ ជាន់ទី២ ក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល។

ភាគីស្រីដែលត្រូវប្រុសស្នេហ៍វាយសម្លាប់យ៉ាងសាហាវឃោរឃៅ មានឈ្មោះវឿន សីហា ហៅក្តឹប អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ ទើបបាន១សប្តាហ៍ប៉ុណ្ណោះ និងមានស្រុកកំណើតនៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នារីរងគ្រោះ មានឪពុកឈ្មោះអ៊ន សាវឿន អាយុ៣៩ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះឃុន ធឿន អាយុ៤១ឆ្នាំ មុខរបរកសិករ ហើយនារីរងគ្រោះ ជាកូនទី២ ក្នុងចំណោមបងប្អូនបង្កើតចំនួន៥នាក់ (ប្រុស២ ស្រី៣)។ ដោយឡែក ភាគីខាងជនដៃដល់ជាគូស្នេហ៍ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានអាយុប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ។

តាមសម្តីស្ត្រីឈ្មោះយិន ភឿន អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រជាមួយនារីរងគ្រោះ និងត្រូវជាម្តាយមីងរបស់នារីរងគ្រោះ បានឱ្យដឹងថា ក្មួយស្រីរបស់គាត់បានស្រឡាញ់គ្នាជាមួយជនសង្ស័យខាងលើ ហើយកន្លងមក ក្មួយស្រី បានស្នាក់នៅជាមួយគាត់ ទើបតែ ១សប្តាហ៍កន្លងមកនេះទេ ក៏បានសុំគាត់ជួលបន្ទប់នៅបែកគ្នា ទើបតែបាត់ដំណឹង និងមិនឃើញមុខតែ២ថ្ងៃ ស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ គាត់បានចុចទូរស័ព្ទទៅរកក្មួយស្រីដែរ តែមិនចូលសោះ ទើបតាមរកមើលដល់បន្ទប់ជួល លុះមកដល់ឃើញបន្ទប់បិទទ្វារជិត (ជាប់គន្លឹះពីក្នុង) ក៏ស្រែកហៅ តែមិនឮសំឡេងឆ្លើយតបសោះ ទើបគាត់ក៏ហៅអ្នកជិតខាងឱ្យជួយគាស់បង្អួចមើល ស្រាប់តែប្រទះឃើញពួកគេ (ក្មួយស្រី និងប្រុសស្នេហ៍) ដេកស្លាប់ទាំង២នាក់ទន្ទឹមគ្នា នៅក្នុងបន្ទប់ជួល ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗតែម្តង។

តាមការបញ្ជាក់ពីស្ត្រីជាម្តាយមីងរបស់នារីរងគ្រោះ បានឱ្យដឹងថា កន្លងមក ក្មួយស្រី និងប្រុសស្នេហ៍របស់នាង រស់នៅមិនសូវចុះសម្រុងនឹងគ្នាទេ មូលហេតុដោយសារតែភ្លើងប្រចណ្ឌ។ ហេតុនេះ គាត់សង្ស័យថា មូលហេតុដែលក្មួយស្រីរបស់គាត់ស្លាប់ គឺដោយសារស្នាដៃជនដៃដល់ ដែលជាសង្សារ វាយសម្លាប់ រួចហើយជនដៃដល់ក៏អារកសម្លាប់ខ្លួនឯង តាមក្រោយតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា តាមការពិនិត្យបឋម សាកសពស្រីមានស្នានភាពរបួសបែកមុខ រីឯប្រុសមានស្នាមអារក ហើយសាកសពសពគូសង្សារនេះ មានធុំក្លិនទៅហើយ អាចស្លាប់តាំងពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ មកម៉្លេះ។

តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច ករណីនេះ ជាករណីឃាតកម្ម វាយសម្លាប់គូស្នេហ៍ រួចអារកសម្លាប់ខ្លួនតាមក្រោយ មូលហេតុផ្តើមចេញពីរឿងភ្លើងប្រចណ្ឌ។

សាកសពគូស្នេហ៍ទាំងពីរ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ និងក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីរៀងៗខ្លួន៕

RELATED ARTICLES