Monday, September 23, 2024
Homeព័ត៌មានជាតិអតីតសង្ឃ សឹករួចទៅផ្ទះវិញ ម៉ែចាប់ដាក់ច្រវាក់ជើង

អតីតសង្ឃ សឹករួចទៅផ្ទះវិញ ម៉ែចាប់ដាក់ច្រវាក់ជើង

ខេត្តកំពត ៖ អតីតសង្ឃមួយអង្គ ពេលសឹករួច វិលត្រឡប់ទៅផ្ទះវិញ ត្រូវម៉ែចាប់ដាក់ច្រវាក់ជើង ដោយសារជំងឺសរសៃប្រាសាទរបស់គាត់ រើឡើង ខ្លាចរត់ចោលផ្ទះ ឬទៅទីកន្លែងណាឆ្ងាយពីផ្ទះ នាំឲ្យមានគ្រោះថ្នាក់ ។

          អតីតសង្ឃដែលមានជំងឺសរសៃប្រាសាទ ត្រូវម៉ែចាប់ដាក់ច្រវាក់ជើងនោះ មានឈ្មោះប្រឹង ភាឡឹង អាយុ២៤ឆ្នាំ រស់នៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ខេត្តកំពត ។ ជាកូនទី៤ ក្នុងចំណោមប្អូន៥នាក់ (ប្រុស២ ស្រី៣) នៃត្រកូលគ្រួសារក្រីក្រមួយ ដែលចូលបួសរៀននៅវត្តវាលពួច ក្នុងខេត្តកំពត តាំងពីអាយុ១១ឆ្នាំ រហូតអាយុ១៨ឆ្នាំ និងបានរៀនចេះដឹងជៅជ្រះទាំងផ្នែកធម៌ និងផ្នែកអក្សរសាស្រ្តខ្មែរ ព្រមទាំងភាសាបរទេស ដោយចេះនិយាយភាសាអង់គ្លេស និងភាសាចិន បានយ៉ាងស្ទាត់ជំនាញ អាចប្រកបការងារចិញ្ចឹមជីវិតបាន ។ ប៉ុន្តែពេលធ្លាក់ខ្លួនមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ អន្ទិតរូបនេះ មិនត្រឹមតែភ្លេចភ្លាំងអស់ទេ ថែមទាំងក្លាយជាមនុស្សដែលមានចរិតកាច លែងដឹងខុសត្រូវ ផ្ទុយពីកាលនៅបួស និងកាលមិនទាន់ឈឺ ជាមនុស្សស្លូតបូតម្នាក់ ។ ដូច្នេះទើបម្ដាយសម្រេចដាក់ច្រវាក់ជើងគាត់ កុំឲ្យដើរទៅណា ហើយកំពុងស្វែងរកការព្យាបាលឲ្យបានជាសះស្បើយឡើងវិញ ។

          អ្នកស្រីឈឹម សម្បត្តិ អាយុ៥៤ឆ្នាំ ត្រូវជាម្ដាយអន្ទិត ប្រឹង ភាឡឹង បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ថា កាលដើមឡើយ កូនរបស់អ្នកស្រី ពេលមិនទាន់ធ្លាក់ខ្លួនឈើ គឺជាមនុស្សម្នាក់មានចរិតស្លូតបូត ហើយថែមទាំងរៀនពូកែទៀតផង ជាពិសេសក្មេងម្នាក់ដែលមាននិស្ស័យនឹងព្រះពុទ្ធសាសនា ទើបគេបានសុំអ្នកស្រីជាម្ដាយ ចូលបួសក្នុងវត្តជិតផ្ទះ (វត្តវាលពួច) តាំងពីអាយុ១១ឆ្នាំ ដោយតាំងចិត្តថា នឹងបួសមិនសឹកទេ ហើយខំរៀនភាសាខ្មែរ និងភាសាបរទេសផង ។ ប៉ុន្តែពេលបួសដល់អាយុ១៨ឆ្នាំ ចាប់ផ្ដើមមានជំងឺធ្ងន់ធ្ងរ អ្នកស្រីក៏សម្រេចចិត្តឲ្យគេសឹកវិញ ហើយបានយកគេទៅព្យាបាលនៅប្រទេសវៀតណាម រហូតបានជាសះស្បើយឡើងវិញ និងបានរកការងារធ្វើ តែដោយសារតែកូននេះ នៅស្រឡាញ់ភេទជាអ្នកបួស ទើបកាលពីថ្ងៃពេញបូរណ៌មី ប៉ុន្មានថ្ងៃកន្លងទៅនេះ គេក៏បានចូលបួសវិញ ប៉ុន្តែបួសនេះ មិនមែនបួសរហួតទៀត គឺគាត់ឲ្យបួសលាបំណន់ ព្រោះកាលកំពុងមានជំងឺនោះ ក្រៅពីព្យាបាលតាមក្បួនវេជ្ជសាស្រ្ត អ្នកស្រីក៏បានធ្វើការបែរបន់តាមផ្លូវក្នុងដែរថា ឲ្យកូនបានជា នឹងឲ្យគេបួសម្ដងទៀត ។

           អ្នកស្រីជាម្ដាយ បានបន្តថា ក្នុងពេលបួសលាបំណន់នោះ ស្រាប់តែជំងឺកូនរបស់គាត់រើឡើងវិញ ធ្វើឲ្យគេលែងដីងអឺ សូម្បីតែពេលសឹកនោះ ក៏មិនដឹងថា មានមន្រ្តីសង្ឃដឹងឮ ឬរៀបចំធ្វើតាមបែបបទព្រះពុទ្ធសាសនា ដូចពេលចូលសាងផ្នួសឬយ៉ាងណាទេ គឺឃើញតែគេត្រឡប់មកផ្ទះវិញ ជាមួយសម្លៀកបំពាក់ធម្មតា គ្មានស្បង់ចីវរ ហើយក៏ប្រែចរិតជាកាច វាយកម្ទេចខ្ទេចខ្ទីនូវរបស់របរនៅក្នុងផ្ទះ ហើយចេះតែចង់រត់ចោលផ្ទះ ទៅបង្កបញ្ហានៅខាងក្រៅ ទើបធ្វើឲ្យអ្នកស្រីជាម្ដាយ បង្ខំចិត្តដាក់ច្រវាក់ជើងឲ្យនៅតែក្នុងផ្ទះ មិនឲ្យទៅណារួច ហើយក៏បានស្វែងរកការព្យាបាលទាំងផ្នែកសម័យ (គ្រូពេទ្យព្យាបាល) និងផ្នែកបុរាណ (គ្រូខ្មែរ) ដោយជាលទ្ធផល ខាងគ្រូខ្មែរថា កូនរបស់គាត់ត្រូវអំពើគេ ឯខាងគ្រូពេទ្យ ប្រាប់ថា កូនគាត់មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ។ លទ្ធផលនៃការបញ្ជាក់ពីខាងគ្រូខ្មែរ និងគ្រូពេទ្យនេះ គាត់ជឿទាំងពីរ ប៉ុន្តែអ្វីដែលសំខាន់នោះ គាត់អស់លទ្ធភាពក្នុងការរកប្រាក់ព្យាបាលគេនេះហើយ ព្រោះជីវភាពគាត់កំពុងតែខ្វះខាត ហើយក៏ធ្លាក់ខ្លួនឈឺអ៊ីចឹងទៀត គ្រួសារគាត់ពិតជាពិបាកណាស់ ហើយក៏កាន់តែអាណិតកូនខ្លាំងឡើង អាណិតត្រង់ថា គេមិនអាចទៅណាបាន ឬធ្វើអ្វីជាប្រក្រតីដូចមុនបានទៀត ។ គាត់មិនចង់ដាក់ច្រវាក់កូនបែបនេះទេ ប៉ុន្តែបើគាត់មិនដាក់ អាចមានបញ្ហាដល់កូនគាត់តែលើសដើម ។ ដូច្នេះអ្នកស្រីសូមឲ្យមហាជន កុំយល់ច្រឡំថា អ្នកស្រីធ្វើទារុណកម្មកូន តាមរយៈការដាក់ច្រវាក់ជើងនេះ គឺដោយសារតែអ្នកស្រីបារម្ភពីកូនពេក មានតែធ្វើបែបនេះ ហើយអ្នកសង្ឃឹមថា កូនអ្នកស្រី នឹងបានជាសះស្បើយដូចដើមឡើងវិញ និងលែងដាក់ច្រវាក់ជើងទៀត បើសិនជាប្រាក់ព្យាបាលគ្រប់គ្រាន់ ជាពិសេសព្យាបាលខាងពេទ្យសម័យ ច្រើនជាងបុរណ ។

ជាមួយគ្នានេះ អ្នកស្រីជាម្តាយ សូមលើកដៃសំពះសុំសប្បុរសជន ជួយដល់កូនប្រុសរបស់គាត់ផង តាមពិតកូនរបស់គាត់នេះក៏ជាទីពឹងសម្រាប់គាត់ទៅអនាគត គឺគាត់គិតថា ជីវិតគេនឹងបានល្អប្រសើរ ជាមួយនឹងចំណេះដឹងដែលមាននៅក្នុងខ្លួន តែគួរឲ្យស្ដាយ ដោយសារតែគេប្រឹងរៀនពេក ទើបជីវិតរបស់គេត្រូវជួបប្រទះនឹងជំងឺបែបនេះ អ្នកស្រីពិតជាអាសូរកូនខ្លាំង គ្មានអ្វីអាចជួយកូនបាន មានតែទឹកភ្នែក ។

          អ្នកស្រីឈឹម សម្បត្តិ បានមានប្រសាសន៍ទាំងទឹកភ្នែកថា “ចា! (យំ) ខ្ញុំចង់បញ្ជាក់ប្រាប់ថា បងប្អូនទាំងអស់កុំយល់ច្រឡំទឹកចិត្តម្ដាយ ដែលកូនយើងស្រឡាញ់អស់ពីដើមទ្រូង ស្ទើរតែប្ដូរជីវិតដើម្បីកូន ឲ្យតែកូនបានជា ទោះកូនឈឺប៉ុន្មាន ហើយបើអាចឲ្យជំងឺនេះមកម្ដាយ ម្ដាយនឹងយកទាំងអស់ មិនចង់ឃើញកូនវេទនាអ៊ីចឹងទេ គឺនេះជាទឹកចិត្តម្ដាយស្រឡាញ់កូនខ្លាំងណាស់ ស្រឡាញ់រកអ្វីប្រៀបផ្ទឹមពុំបានទេ ។ ដូច្នេះខ្ញុំមិនដឹងនិយាយយ៉ាងម៉េច ប៉ុន្តែខ្ញុំពិតជាចង់ឲ្យសប្បុរសជនជួយដល់កូនខ្ញុំផង ព្រោះបើកូនខ្ញុំជា ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ។ ដូច្នេះខ្ញុំចង់អំពាវនាវដែរថា បើបងប្អូនណាមានសន្តានចិត្តសប្បុរសធម៌ ជួយកូនខ្ញុំ ជួយខ្ញុំជាម្ដាយដែលកំពុងតែលង់ទឹក ឲ្យងើបរួចឡើងវិញបាន ខ្ញុំពិតជារកអ្វីសងគុណមិនបានទេ មានតែម្រាមដៃ១០ តបគុណដល់លោកអ្នកសប្បុរសដែលជួយដល់កូនប្រុសខ្ញុំ ព្រោះកូនប្រុសខ្ញុំមនុស្សល្អខ្លាំងណាស់ មិនមែនជាមនុស្សដូចគេនិយាយថា គ្មានដឹងខុសត្រូវនោះទេ គឺកូនខ្ញុំឈឺ ដោយសារតែកូនខ្ញុំខំរៀន ។ ហើយពេលកូនខំរៀននោះ ខ្ញុំក៏ធ្លាប់ប្រាប់គេដែរ កូនឯងកុំរៀនច្រើនពេក សម្រាកខ្លះទៅ ខ្លាចឈឺ ។ ទីបំផុតគេក៏ឈឺមែន ហើយមិនត្រឹមតែឈឺទេ ថែមទាំងក្លាយជាមនុស្សកាចទៀត ដែលផ្ទុយពីមុន គេស្លូត ចេះដឹងខុសត្រូវក្នុងនាមជាអ្នកបួសរៀនចេះ ឡើងទេសនាជារៀងរាល់ ១ឆ្នាំម្ដង គេតែងតែនាំបងប្អូន៥នាក់ ថ្វាយបង្គំម្ដាយ ងូតទឹកឲ្យម្ដាយ លាងបាតដៃ បាតជើងឲ្យម្ដាយ ។ ដូច្នេះខ្ញុំនឹកឃើញទិដ្ឋភាពនេះ ខ្ញុំពិតសង្វេគដល់កូនណាស់“ ។

          ជាមួយគ្នានេះដែរ អ្នកស្រីកែវ ស្រីលក្ខណ៍ រស់នៅឃុំបួរុន ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចាបងស្រីអន្ទិតខាងលើ បានឲ្យដឹងថា ក្នុងនាមជាបងស្រីជីដូនមួយអន្ទិត ប្រឹង ភាឡឹង អ្នកស្រីពិតជាមានការអាណិតអាសូរដល់ប្អូនប្រុសជីដូនមួយម្នាក់នេះណាស់ ហើយក៏នឹកស្ដាយចំណេះដឹងរបស់គេ ដែលខិតខំរៀនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ បែរជាត្រូវជំងឺរលាកស្រោមខួរក្បាលនេះ មកបំផ្លាញ ឲ្យក្លាយជាមនុស្សកាច លែងដឹងអី ។ ដូច្នេះហើយទើបអ្នកស្រីខិតខំស្វះស្វែងរកជំនួយមកជួយដល់គេ ព្រោះអ្នកមានជំនឿថា បើមានប្រាក់គ្រប់គ្រាន់ក្នុងការនាំគេទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម គេប្រាកដជាបានសះស្បើយឡើងវិញមិនខាន ព្រោះមន្ទីរពេទ្យប្រទេសវៀតណាម នោះបានជួយឲ្យគេបានជាសះស្បើយម្ដងហើយ ។

          អ្នកស្រីកែវ ស្រីលក្ខណ៍ បញ្ជាក់ថា “ខ្ញុំសូមអរគុណដល់អ្នកដែលបានជួយប្អូនខ្ញុំកន្លងមក ហើយបើសិនជាបងប្អូនណាមានទឹកចិត្តល្អជួយប្អូនខ្ញុំ ក៏សូមជួយគាត់បន្តផង ព្រោះអីអ៊ំខ្ញុំ (ម្ដាយប្រឹង ភាឡឹង) គាត់អស់លទ្ធភាពហើយ គាត់មានតែសុំជំនួយពីបងប្អូន ។ ម្យ៉ាងទៀត ដូចអ៊ំខ្ញុំបញ្ជាក់អ៊ីចឹង គឺកូនគាត់ជាមនុស្សស្លូត ជាមនុស្សល្អណាស់ ហើយបួសរៀនបានចេះដឹងច្រើនណាស់ គឺចេះដល់ទៅ៣ភាសាឯណោះ គាត់ចេះខ្មែរ អង់គ្លេស និងចិន ។ ដូច្នេះដោយសារស្ដារនូវអ្វីដែលប្អូនខ្ញុំមាននេះ បើសិនជាបានជំនួយសប្បុរសជនច្រើន ខ្ញុំគិតថា នឹងយកគាត់ទៅមើលនៅវៀតណាម ម្ដងទៀត ព្រោះធ្លាប់យកគាត់ទៅម្ដង ហើយគាត់បានជា ។ ដូចនេះបើបានទៅម្ដងទៀត សង្ឃឹមថា គាត់នឹងបានជា ហើយខ្ញុំក៏សុំបញ្ជាក់ដែរថា ការដែលម្ដាយគាត់ដាក់ច្រវាក់ជើងគាត់ មិនមែនជាការធ្វើទារុណកម្មទេ គឺទាល់តែចងគាត់ ព្រោះបើមិនចងគាត់ទេ គាត់រត់ពេញហ្នឹងអ៊ីចឹង ធ្វើឲ្យពិបាកតាមរកគាត់ ព្រោះដឹងហើយ ជំងឹហ្នឹងពិបាកណាស់ បើមិនដាក់ច្រវាក់គាត់ទេ ពេលគាត់ធ្វើទុក្ខអ៊ីចឹងទៅ គាត់អត់ដឹងអីទេ“ ។

          ចំណែកព្រះតេជគុណ វង្ស ប្រណី ដែលបានប្រកាសរកអំណោយសប្បុរសធម៌ជូនក្រុមគ្រួសារអន្ទិតប្រឹង ភាឡឹង បានបញ្ជាក់ថា ព្រះអង្គសូមប្រគេននិងជម្រាបទៅកាន់លោកម្ចាស់គ្រប់ព្រះអង្គ ពុកម៉ែបងប្អូនគ្រប់គ្នាផងដែរថា បន្ទាប់ពីព្រះតេជគុណ ប្រឹង ភាឡឹង មានអាការជំងឺរើឡើងវិញនោះ លោកត្រូវបានសឹកភ្លាមៗ ដោយមិនអាចខានបាន ហើយឥឡូវនេះ លោកត្រូវបានក្រុមគ្រួសារយកទៅព្យាបាលវិញហើយ តែដោយសេចក្ដីអាណិតទៅកាន់លោក និងដោយមានភាពខ្វះខាតខ្លាំងក្នុងការព្យាបាល (ច្រើនដំណាក់កាល) មកហើយនោះ សព្វថ្ងៃនេះក្រុមគ្រួសារលោក មិនមានលទ្ធភាពដើម្បីយកលោកទៅព្យាបាលបានគ្រប់ជ្រុងជ្រោយឡើយ។ ដូច្នោះហើយ ទើបព្រះអង្គមានសេចក្ដីអំពាវនាវ សូមឲ្យសប្បុរសជនទាំងអស់ ដែលមានបំណងចង់ជួយលោក ដើម្បីបានព្យាបាលជំងឺនោះ អាចចូលរួមជួយតាមរយៈព្រះអង្គបាន ដែលអង្គរាល់ថ្ងៃ គង់នៅវត្តទួលសន្តិវ័ន (ហៅទួលអស់លោក) រាជធានីភ្នំពេញ មានលេខទូរស័ព្ទ 0968924501 មានគណនី ABA 500272176 (VONG BRANEY), អេស៊ីលីដា 0968924501 (BRANEY VONG) ឬអាចផ្ទេវទៅបងស្រីបង្កើតរបស់អន្ទិតខាងលើ 001031995 (BRANG MINEA) ។

          ព្រះតេជគុណវង្ស ប្រណី បញ្ជាក់ថា មកដល់ពេលនេះ ប្រាក់ចំនួន ២០០០ ០០០លានរៀល ព្រះអង្គបានប្រគល់ដល់ដៃអ្នកម្ដាយរបស់អន្ទិតប្រឹង ភាឡឹង ហើយ ដើម្បីជួយសម្រួលដល់ការព្យាបាលដល់គាត់ ទុកប្រើប្រាស់រាល់ការចាំបាច់ផ្សេងៗ ពិសេសទៅលើការព្យាបាលជំងឺរបស់កូនប្រុសគាត់ ហើយជាមួយការថ្លែងអំណរគុណ ព្រះអង្គសង្ឃឹមថា នឹងមានសប្បុរសជន បន្តជួយតាមរយៈព្រះអង្គបន្តទៀត ដើម្បីបំពេញទានទាំងអស់គ្នា ទោះតិចក្ដី ច្រើនក្ដី គឺជាទាន… ៕ កុលបុត្រ

RELATED ARTICLES