Monday, September 23, 2024
Homeព័ត៌មានជាតិឡើងតំណែងថ្មី ស្នងការរង វ៉ៃកូនចៅប៉ោងមុខ

ឡើងតំណែងថ្មី ស្នងការរង វ៉ៃកូនចៅប៉ោងមុខ

ខេត្តពោធិ៍សាត់ ៖ មន្ត្រីនគរបាលវ័យក្មេងមួយរូប ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ជាស្នងការរងនគរបាល ខេត្តពោធិ៍សាត់ បានទទួលរងការចោទប្រកាន់ថា បានប្រើអំពើហិង្សាទៅលើមន្ត្រីនគរបាលវ័យចំណាស់មួយរូប (វាយ ដោយកណ្តាប់ដៃ) បណ្តាលឱ្យរងរបួសប៉ោងជាំមុខ ខណៈដែលមន្ត្រីនគរបាលវ័យចំណាស់ ព្យាយាមចូលទៅឃាត់លោក ស្នងការរង កុំឱ្យឈ្លោះប្រកែកគ្នាក្នុងកម្មវិធីជប់លៀងមួយ។

ស្នងការរងដែលទទួលរងការចោទប្រកាន់ពីករណីហិង្សានេះ មានឈ្មោះភុំ ផៃឌឿន ជាមន្ត្រីនគរបាលជាតិ មានអត្តលេខ ៥៥៥៩១ ឋានន្តរស័ក្តិ វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) តួនាទីជាស្នងការរងនគរបាលខេត្តពោធិ៍សាត់ ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។ ចំណែកមន្ត្រីនគរបាលរងគ្រោះ មានឈ្មោះឃឹម ប៊ុនថង ជាមន្ត្រីនគរបាលចរាចរណ៍។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ មានកម្មវិធីជប់លៀងប្រកាសតំណែងអភិបាលស្រុកថ្មី នៃស្រុកវាលវែង ដោយក្នុងនោះ មានមន្ត្រីរាជការធំៗក្នុងខេត្តជាច្រើន បានទៅចូលរួម ហើយក្នុងនោះ ក៏មានលោកភុំ ផៃឌឿន ដែលទើបទទួលបានការតែងតាំងជាស្នងការរងថ្មីៗ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក៏បានចូលរួមផងដែរ។ លុះក្រោយមក បន្ទាប់ពីមានការហូបចុកគ្រឿងស្រវឹងខ្លះៗរួច មិនដឹងថារវាងលោកភុំ ផៃឌឿន និងឈ្មោះរិទ្ធ ដែលជាអ្នកចូលរួមកម្មវិធីដូចគ្នា មានរឿងអ្វី ក៏កើតមានជម្លោះនឹងគ្នា ឃើញបែបនេះ មន្ត្រីនគរបាលចរាចរណ៍វ័យចំណាស់ ឈ្មោះឃឹម ប៊ុនថង បានចូលទៅឃាត់ ស្រាប់តែត្រូវលោកភុំ ផៃឌឿន ប្រើកណ្តាប់ដៃវាយទៅលើលោកឃឹម ប៊ុនថង បណ្តាលឱ្យរងរបួសប៉ោងមាត់តែម្តង។

ជុំវិញករណីខាងលើនេះ ទាំងសាមីខ្លួនជនរងគ្រោះ ទាំងមន្ត្រីនគរបាលស្រុកវាលវែង ក៏ដូចជាលោកអធិការស្រុក មិនអត្ថាធិប្បាយអ្វីឡើយ ព្រោះតាមប្រភពព័ត៌មាន បានបង្ហើបថា រឿងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសម្របសម្រួលបញ្ចប់បញ្ហា។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួន លោកភុំ ផៃឌឿន បានទេ កាលពីម្សិលមិញ ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES