ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ បានចូលទៅកក់សក់នៅក្នុងហាងមួយកន្លែង លុះកក់សក់រួច បាត់លុយអស់ ៨០០ដុល្លារ ក៏ចោទប្រកាន់បុគ្គលិកស្រីម្នាក់ថា បានលួចយកលុយរបស់ខ្លួន រួចក៏ចាប់ឆែកឆេរ លុះរកមិនឃើញ បែរជាប្រើហិង្សាដាក់បុគ្គលិកស្រីរូបនេះ បណ្តាលឱ្យរងរបួសធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ឃើញថាបុគ្គលិកស្រី មិនបានលួចលុយ ទើបស្ត្រីជាភ្ញៀវ បានធ្វើការសុំទោស និងសងជំងឺចិត្តខ្លះៗដល់នារីរងគ្រោះ ដើម្បីបញ្ចប់រឿង។
ករណីបាត់លុយ បង្កជាអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចហាងរក្សាសម្រស់មួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
តាមប្រភពពីក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានបុគ្គលិកស្រីហាងរក្សាសម្រស់ម្នាក់ បានទូរស័ព្ទរាយការណ៍មកកាន់លេខ ១១៧ ដោយប្តឹងពីករណី “បាត់លុយបង្ក ជាហិង្សា” នៅចំណុចហាង ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ មានភ្ញៀវស្រីម្នាក់ បានមកកក់សក់នៅក្នុងទីតាំងដែលនាងបម្រើការងារ លុះក្រោយពីកក់សក់រួចហើយ ស្រាប់តែស្ត្រីជាភ្ញៀវរូបនោះ បានឆោឡោថាបាត់លុយអស់ចំនួន ៨០០ដុល្លារ ហើយក៏បានចោទប្រកាន់មកលើរូបនាងថាបានលួចលុយរបស់គាត់ជាភ្ញៀវ ទោះជានាងខំប្រកែកនិងពន្យល់ហេតុផលយ៉ាងណា ក៏ភ្ញៀវស្រីរូបនោះ មិនជឿ និងថែមទាំងបានចាប់នាងឆែកឆេរទៀតផង ប៉ុន្តែរកមិនឃើញលុយនោះទេ។
ស្ត្រីរងគ្រោះ បានបន្តថា ក្រោយពីរកលុយមិនឃើញ ស្រាប់តែស្ត្រីជាភ្ញៀវរូបនោះ បានខឹងសម្បាយ៉ាងខ្លាំង រហូតដល់ប្រើអំពើហិង្សា ទះតប់មកលើនាងយ៉ាងចាស់ដៃ បង្កឱ្យមានការភ្ញាក់ផ្អើល និងត្រូវបានម្ចាស់ហាង ព្រមទាំងបុគ្គលិកដែលបម្រើការងារជាមួយគ្នា ចូលមកជួយឃាត់ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅកាន់លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ ដើម្បីចុះជួយអន្តរាគមន៍បន្ទាន់។
លុះមកដល់វេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការសាកសួរ ព្រមទាំងឆែកតាមកាមេរ៉ាសុវត្ថិភាព តែពុំឃើញបុគ្គលិកស្រីរងគ្រោះរូបនោះ លួចលុយពីភ្ញៀវ ដូចការចោទប្រកាន់នោះទេ។ បន្ទាប់មក ភ្ញៀវស្រីដែលបាត់លុយនោះ បានប្រាប់ថា ខ្លួនមានការយល់ច្រឡំដោយខ្លួនឯង និងមិនដឹងថាលុយនោះបាត់តាំងពីពេលណាមកទេ។
ក្រោយពីមានការសម្របសម្រួលពីសមត្ថកិច្ចជំនាញ ភាគីស្ត្រីជាភ្ញៀវ ក៏បានធ្វើការសុំទោស និងសងសំណងជំងឺចិត្តមួយចំនួនជូននារីរងគ្រោះដែលជាបុគ្គលិកហាងខាងលើ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕