Monday, September 23, 2024
Homeព័ត៌មានជាតិប្តីបែកថ្នាំ ចាក់ប្រពន្ធស្លាប់ចោលកូន៤នាក់

ប្តីបែកថ្នាំ ចាក់ប្រពន្ធស្លាប់ចោលកូន៤នាក់

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ តែងប្រើប្រាស់ថ្នាំញៀនជាប្រចាំ លុះក្រោយមក ទំនងជាប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ទើបរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតដល់ទាញកាំបិតចាក់ប្រពន្ធ ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ចំណែកជនដៃដល់ជាប្តីកំណាច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ យកទៅចាត់ការតាមច្បាប់ បន្សល់ទុកកូនស្រីតូចៗចំនួន៤នាក់ ឱ្យរស់នៅកំព្រាគ្មានទីពឹង។

ករណីអំពើឃាតកម្ម ប្តីចាក់សម្លាប់ប្រពន្ធនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅខាងកើតស្ពានរថភ្លើងចម្ងាយ៣៨០ម៉ែត្រ ក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នា ស្រុកបាកាន។

ជនដៃដល់ជាឃាតករដែលចាក់សម្លាប់ប្រពន្ធខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះភួង សុវណ្ណ ហៅឡាំ អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះដែលត្រូវប្តីចាក់សម្លាប់ មានឈ្មោះណន ស្រីមុំ អាយុ២៥ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធទាំងពីរខាងលើ មានកូនស្រីតូចៗចំនួន ៤នាក់ក្នុងបន្ទុក និងមានលំនៅក្នុងភូមិឧកញ៉ាមាន់ ឃុំអូរតាប៉ោង ស្រុកបាកាន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ជាប្តី គឺជាមនុស្សញៀនថ្នាំ តែងប្រើប្រាស់ថ្នាំញៀនជាប់ជាប្រចាំ និងចេះតែបង្ករឿង ប្រើហិង្សាវាយដំប្រពន្ធកូនស្ទើររាល់ថ្ងៃ។ លុះមកដល់ថ្ងៃកើតហេតុ ទំនងជាទើបនឹងប្រើប្រាស់ថ្នាំញៀនរួច (បែកថ្នាំ) ស្រាប់តែជនដៃដល់ជាប្តី បានមករករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតដល់ទាញកូនកាំបិត មកចាក់ប្រហារប្រពន្ធ ជាច្រើនកាំបិត ចំបំពង់ក និងដងខ្លួន បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធ ដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម នៅខាងក្រោមផ្ទះរបស់ខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនដៃដល់ជាឃាតករភ្លាមៗ រួចបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាកាន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែកសពស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

អ្វីដែលជារឿងដ៏គួរឱ្យសោកសង្រេង និងអាណិតអាសូរបំផុតនោះ គឺកូនស្រីតូចៗរបស់ជនរងគ្រោះ ដល់ទៅ៤នាក់ ត្រូវក្លាយជាក្មេងកំព្រា រស់គ្មានទីពឹង ខណៈដែលម្តាយបានស្លាប់ ចំណែកឪពុកត្រូវជាប់គុក៕

RELATED ARTICLES