ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានចេញទៅរាយមង នៅក្នុងអូរខាងក្រោយផ្ទះ ដោយមិនបានដឹងថា កូនប្រុសរបស់ខ្លួនម្នាក់ ដែលទើបនឹងមានអាយុ៤ឆ្នាំ បានដើរតាមពីក្រោយ លុះពេលរាយមងរួច ត្រឡប់មកដល់ផ្ទះវិញ ទើបផ្អើលឆោឡោ រឿងបាត់កូន លុះសង្ស័យថាកូនលង់ទឹក ក៏នាំគ្នាចុះទៅរាវរកក្នុងអូរ ស្រាប់តែប្រទះឃើញកូនប្រុសស្លាប់ក្នុងទឹក បាត់ទៅហើយ។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រលប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចអូរមួយកន្លែង ស្ថិតក្នុងភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក។
ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះជាន វណ្ណៈ អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

ដោយឡែក បុរសជាឪពុកក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់មិនបានដឹងថា កូនដើរទៅតាមក្រោយទេ ពេលគាត់ដើរទៅដាក់មង នៅក្នុងអូរខាងក្រោយផ្ទះ។ លុះពេលដែលគាត់ដាក់មងរួច ដើរត្រឡប់មកផ្ទះវិញ បាត់កូនពីផ្ទះ ក៏ដើរទៅរកកូននៅមាត់អូរ តែមិនឃើញកូនទេ ហើយមានការសង្ស័យ ក៏ចុះរាវក្នុងទឹកអូរ ស្រាប់តែប្រទះឃើញកូនប្រុសគាត់ស្លាប់បាត់ទៅហើយ ធ្វើឱ្យគាត់រន្ធត់ចិត្តយ៉ាងខ្លាំង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញ បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសពក្មេងប្រុសរងគ្រោះ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕