ខេត្តឧត្តរមានជ័យ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ឈឺពោះសម្រាល ត្រូវប្តីរត់ទៅជួលរថយន្តអ្នកជិតខាងដឹក ប្រពន្ធទៅសម្រាលកូននៅមន្ទីរពេទ្យ លុះដល់ពាក់កណ្តាលផ្លូវ រថយន្តជាប់ផុង ទៅមុខមិនរួច ត្រូវចំណាយ ពេលជិត១ម៉ោង ទម្រាំបានអ្នកភូមិជួយកម្លាំងគ្នារុញចេញពីភក់រួច បន្តដំណើរទៅដល់មណ្ឌលសុខភាព ក៏សម្រាលកូនល្មម តែសម្រាលរួច ក៏ឡើងសម្ពាធឈាម ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក បានទាន់ពេល និងត្រូវក្រុមគ្រូពេទ្យជំនាញ ជួយសង្គ្រោះជីវិត បានដោយសុវត្ថិភាព ទាំងម្តាយនិងកូន។

ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលំមួយខ្សែ ស្ថិតនៅត្រង់ភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

តាមសម្តីបុរសជាប្តី ឈ្មោះអ៊ឹម ចូក អាយុ៥៧ឆ្នាំ បានរៀបរាប់ថា ប្រពន្ធរបស់គាត់ ឈ្មោះឯម ស្រីណាង អាយុ៤០ឆ្នាំ មានកូន៤នាក់ (ស្រី១) ហើយគ្រួសាររបស់គាត់ជាកសិកររស់នៅក្នុងភូមិខាងលើ។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ប្រពន្ធរបស់គាត់ បានឈឺពោះឆ្លងទន្លេខ្លាំង ទើបគាត់បានទៅជួលរថយន្តអ្នកជិតខាង ដឹកប្រពន្ធ មកឆ្លងទន្លេនៅមន្ទីពេទ្យ ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ រថយន្តបានជាប់ផុងអស់រយៈពេលជិត១ម៉ោង ធ្វើឱ្យប្រពន្ធរបស់គាត់មានសភាពឈឺពោះស្ទើរស្លាប់ស្ទើររស់ ខណៈនោះ ក៏មានអ្នកភូមិជាច្រើននាក់ បាននាំគ្នាមកជួយរុញរថយន្ត ទើបរួចពីការជាប់ផុង បានធ្វើដំណើរបន្តទៅមុខទៀត។

បុរសជាប្តី បន្តថា នៅពេលមកដល់មណ្ឌលសុខភាពត្រពាំងប្រាសាទ ប្រពន្ធរបស់គាត់ ក៏បានឆ្លងទន្លេល្មម ដោយសម្រាលបានកូនប្រុសម្នាក់។ លុះសម្រាលរួច មិនបានប៉ុន្មានផង ប្រពន្ធគាត់មានអាការមិនស្រួល ដោយគ្រូពេទ្យបានប្រាប់ថា ប្រពន្ធរបស់គាត់ បន្ទាប់ពីឆ្លងទន្លេរួចនោះ កម្រិតសម្ពាតឈាមឡើងខ្ពស់ និងមានឈាមធ្លាក់ច្រើនផង។ ភ្លាមៗនោះដែរ លោកគ្រូពេទ្យ បានរៀបចំឯកសារបញ្ជូនប្រពន្ធរបស់គាត់ ទៅធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បន្តទៀត។
លោកនៅ សំអន ប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានបញ្ជាក់ប្រាប់ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ថា ស្ត្រីដែលឆ្លងទន្លេនៅក្នុងមណ្ឌលសុខភាពស្រុកត្រពាំងប្រាសាទខាងលើ មានអាការសម្ពាធឈាមឡើងខ្ពស់ ហើយបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ទាន់ពេលវេលា ក៏ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបានធូរស្រាលឡើងវិញហើយ ខណៈនេះ ស្ត្រីរូបនេះ និងទារកទើបសម្រាល កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដើម្បីតាមដានសុខភាពបន្តទៀត៕
ប៊ុនថេត