Monday, September 23, 2024
Homeព័ត៌មានជាតិមេការហាងមីហឹរ ស៊ីដាច់លុយ៨លាន ជាប់ខ្នោះ

មេការហាងមីហឹរ ស៊ីដាច់លុយ៨លាន ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ បុរសជាមេការហាងមីហឹរម្នាក់ បានប្រើល្បិចកិបកេង ស៊ីដាច់ប្រាក់ហាងអស់ចំនួន ៨លានរៀល លុះថៅកែហាងស្រាវជ្រាវដឹង ក៏ប្តឹងកម្លាំងអាវុធហត្ថ ចុះឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យ ធ្វើឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២២ នៅចំណុចភូមិវត្តកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះស៊ិន ស៊ីមេឃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមេការហាងមីហឹរ SI មានលំនៅភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះជាដើមបណ្តឹង មានឈ្មោះអ៊ឹង ពន្លឺ  ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកគ្រប់គ្រងហាងមីហឹរ SI មានលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានទទួលពាក្យបណ្តឹងពីឈ្មោះអ៊ឹង ពន្លឺ  ជាអ្នកគ្រប់គ្រងហាងមីហឹរ SI ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះស៊ិន ស៊ីមេឃ មុខរបរមេការហាងមីហឹរ SI ពីបទរំលោភលើទំនុកចិត្ត (យកប្រាក់ចំនួន ៨លានរៀល របស់ហាងមីហឹរ SI ទៅចាយអស់) ប្រព្រឹត្តកាលពីខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិបោះពោធិ៍ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត សាកសួរ និងអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES