Monday, November 25, 2024
Homeព័ត៌មានជាតិមន្ត្រីជំនាញ អំពាវនាវពលរដ្ឋពិនិត្យអត្តសញ្ញាណប័ណ្ណ ក្រែងផុតសុពលភាព

មន្ត្រីជំនាញ អំពាវនាវពលរដ្ឋពិនិត្យអត្តសញ្ញាណប័ណ្ណ ក្រែងផុតសុពលភាព

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិនិត្យមើលអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន ក្រែងផុតសុពលភាពប្រើប្រាស់ និងសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មី មានសុពលភាពត្រឹមរយៈពេល១០ឆ្នាំ គិតចាប់ពីថ្ងៃផ្តល់។ ដូច្នេះអត្តសញ្ញាណប័ណ្ណ ដែលបានផ្តល់ជូនប្រជាពលរដ្ឋ តាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្តើរៗ ចាប់ពីខែមិថុនា ឆ្នាំ២០២២ នេះតទៅ។

ដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី អស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹមរយៈពេល៩០ថ្ងៃ សូមអញ្ជើញមកបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី នៅតាមបណ្តាទីតាំងដូចខាងក្រោម ៖

ទី១- តាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃលំនៅឋានរបស់ខ្លួន។

ទី២- នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។

ទី៣- ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើប អ៊ីអនម៉ល២ (Aeon Mall II) សែនសុខ។

សូមភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលអស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹមរយៈពេល៩០ថ្ងៃ (និងឯកសារសំអាង ករណីមានការផ្លាស់ប្តូរទិន្នន័យ)។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សង្ឃឹមថា ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី អស់សុពលភាព ឬជិតអស់សុពលភាព សូមមេត្តាយកចិត្តទុកដាក់ និងរួសរាន់មកបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ឡើងវិញ។ បើមានចម្ងល់ឬសំណួរផ្សេងៗ សូមទាក់ទងទៅកាន់លេខ ៖ 1271  និង 017 898 915 ៕

RELATED ARTICLES