ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ក្រោយចប់ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣២០០គ្រួសារ ដែលបានផ្លាស់ប្ដូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់អភិវឌ្ឍន៍ ពាក់ស្នែង សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួយអន្តរាគមន៍ក្នុងការព្យាបាលដល់កុមារីម្នាក់ ដែលកើតជំងឺអូទីហ្សឹម កម្រិតធ្ងន់។
ដោយក្តីអាណិតអាសូរជាពន់ពេក ខណ:ដែលស្ត្រីជាម្ដាយ បានបីកូនដែលមានជំងឺអូទីហ្សឹម នេះ មកចូលរួមក្នុងកម្មវិធីនោះ សម្តេចនាយករដ្ឋមន្ត្រី បានឲ្យលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចាត់ចែងភ្លាមៗក្នុងការបញ្ជូនកុមារីមានជំងឺនេះ ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបានផ្តល់ជាថវិកាមួយចំនួន សម្រាប់ដោះស្រាយជីវភាពផងដែរ។
កុមារីកើតជំងឺអូទីហ្សឹម កម្រិតធ្ងន់នោះ មានឈ្មោះ ដន គ្រីស្ទីនរ៉ូសាណា អាយុ ៩ឆ្នាំ ។
ម្តាយកុមារីរូបនេះ ឱ្យដឹងថា កូនរបស់គាត់ ពេលមានអាយុ ១ខែ ៣ថ្ងៃ មានអាការមិនប្រក្រតី ហើយម្តាយបាននាំទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា សៀមរាប តែមិនបានប្រសើរ លុះដល់កុមារអាយុ ២ឆ្នាំ ទើបទៅទទួលសេវាព្យាបាលនៅកុមារអង្គរ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យ នឹងខិតខំជួយសង្គ្រោះជីវិតកុមារីរូបនេះឱ្យអស់ពីលទ្ធភាព៕ ខៀវទុំ