Monday, November 25, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រី ចំអន់អ្នកសារព័ត៌មាន រឿងឲ្យលុយធីបស្រីខារ៉ាអូខេ ៥ដុល្លារ

នាយករដ្ឋមន្ត្រី ចំអន់អ្នកសារព័ត៌មាន រឿងឲ្យលុយធីបស្រីខារ៉ាអូខេ ៥ដុល្លារ

ខេត្តបាត់ដំបង ៖  សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយស្រូវពូជ ជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ បានថ្លែងបើកវង់ក្រចក និយាយរឿងសប្បាយៗ លេងសើចជាមួយអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការផុសតាមបណ្តាញសង្គម ហ្វេសប៊ុក របស់នារីខារ៉ាអូខេ រឿងមិនពេញចិត្តចំពោះភ្ញៀវដែលឲ្យលុយធីបពួកនាង ត្រឹម ៥ដុល្លារ ។

          សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងទាំងសំណើចថា តាមព័ត៌មានអនឡាញពីកន្លែងនោះមក (ខារ៉ាអូខេ) ពួកអ្នកសារព័ត៌មាន តាំងពីទទួលបានអនុញ្ញាតនៅឯខេត្តសៀមរាប បានសាកល្បងចូលខារ៉ាអូខ យប់មិញ អង្គុយមួយគូៗ រួចហើយឲ្យធីបនាងៗខារ៉ាអូខេ ត្រឹមតែ ៥ដុល្លារ មានឯណា ត្រូវពួកនាងបង្ហោះហ្វេសប៊ុក ត្អូញត្អែរថា ៥ដុល្លារ មិនរួចថ្លៃកៀបសក់ផង ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា «…ពិតមែនតែបញ្ហាវាជាបញ្ហាមួយដ៏សោកសៅសម្រាប់យើង ក៏ប៉ុន្តែយើងក៏មិនអស់សង្ឃឹម និងចាំបាច់តែដេកយំ ស្រែកយំនោះទេ ប៉ុន្តែត្រូវតែក្លាហានឡើង ដើម្បីជម្នះនូវការលំបាកដែលយើងកំពុងប្រឈមទាំងអស់គ្នានេះ សូម្បីតែខ្ញុំ ជាមួយនិងសហការី យប់មិញនេះ ក៏ (សើច) ព្រឹកឡើងសើចទៀត រឿងដីកាន់តែតូច ស្អីទៅរឿងដីកាន់តែតូច? ថ្ងៃនេះ មុននឹងនិយាយរឿងដីកាន់តែតូច ឥឡូវហ្នឹងទាក់ទងជាមួយនឹងបញ្ហាភ្លៀង វាអត់ទាន់ដាច់ទេ…។ ងាកទៅមើលពួកសារព័ត៌មាន សុទ្ធតែពួកចូលខារ៉ាអូខ យប់មិញ និយាយពីដល់ហើយ តាំងពីអនុញ្ញាតនៅឯខេត្តសៀមរាប យប់មិញគឺថាពួកនេះសាកល្បងនៅក្នុងនេះ ខ្ញុំមានអនឡាញ​ពីកន្លែងនោះមក និយាយពីអង្គុយមួយគូៗ រួចហើយ (សើច) មានឯណា ទៅឲ្យធីបគេ ត្រឹមតែ ៥ដុល្លារ ដល់តែ៥ដុល្លារ គេបង្ហោះហ្វេសប៊ុក ពឹប! គេថាណែ ៥ដុល្លារ មិនរួចថ្លៃកៀបសក់ផង (សើច) គេខំពាក់ឃ្នាបសក់ថ្លៃជាង៥ដុល្លារហ្នុងទៀត ឯងចូលទៅឱបគេមួយល្ងាច ឲ្យគេ ៥ដុល្លារម៉េចបាន (សើច) ហេ ! ពួកនេះអត់បានទេ ប៉ុន្តែប្រពន្ធៗទាំងឡាយ ប្រយ័ត្នត្រឡប់ទៅវិញទៅវ៉ៃប្តីណា (សើច)…»។  

គួរបញ្ជាក់ថា ការថ្លែងលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ខាងលើនេះ គ្រាន់តែជាការនិយាយបើកវង់ក្រចក ឲ្យបរិយាកាសសប្បាយរីករាយ ដើម្បីបន្លប់ទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់តែប៉ុណ្ណោះ ។ ប៉ុន្តែការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី គឺជារឿងដែលកើតមានពិតក្នុងសង្គម សម័យសន្តិភាព បន្ទាប់ពីមាននារីម្នាក់ ជាមេការហាងខារ៉ាអូខេមួយ បានបង្ហោះតាមគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន រិះគន់ពួកបុរសមួយចំនួន ពីរឿងដៃមិនទូលាយ ចូលច្រៀងខារ៉ាអូខេ ឲ្យលុយធីបនារីខារ៉ាអូខេ តែ ៥ដុល្លារ និងឲ្យមេការ តែ១ម៉ឺនរៀល។ នារីរូបនោះ បានប្រាប់ទៅបុរសទាំងនោះថា បើមិនចេះចាយលុយទេ កុំចូលខារ៉ាអូខេ (KTV) ច្រៀងជំទាលនៅផ្ទះ ឱបច្របាច់ប្រពន្ធខ្លួនឯងទៅ ព្រោះលុយ ១ម៉ឺន ២ម៉ឺនរៀល ឬ៥ដុល្លារនោះ មិនរួចថ្លៃនាងធ្វើសក់ផង។

នារីរូបស្រស់ម្នាក់ (សុំមិនបង្ហាញឈ្មោះ) បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាងថា «២០២២ហើយ ចូល KTV ឲ្យធីបនារី ៥ដុល្លារ មេការ ១ម៉ឺនរៀល។ បើមិនចេះចាយលុយទេ ច្រៀងស្រែកជំទាលនៅផ្ទះ ហើយឱបច្របាច់ប្រពន្ធទៅ! ១ម៉ឺន ២ម៉ឺន មិនរួចថ្លៃធីបធ្វើសក់ ជិះតាក់ស៊ីផង អ៊ីចឹងកុំឆ្ងល់ ម៉េចស្រីៗចូលចិត្តតែពួកចិនៗនោះ! ឆាវនីម៉ា ចាំចេះចាយលុយ ចាំចូល KTV »។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង ចំនួន ១១ ៥២៨គ្រួសារ។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅព្រលានយន្តហោះខេត្តបាត់ដំបង។

តាមរបាយការណ៍របស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ ដោយទឹកភ្លៀង បានប៉ះពាល់ដល់ ១៤ក្រុង ស្រុក (លើ ៩១ឃុំ-សង្កាត់ និង ៥០២ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩ ៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាព ចំនួន ១០៥១គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែង សរុប ២៩ ៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦កន្លែង មណ្ឌលសុខភាព ០៦កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។ លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចំនួន ៤៥ ៨១២ហិកតារ និងខូចខាតចំនួន ២៧ ២៣៣ហិកតារ។ ដោយឡែក តាមការពិនិត្យ និង ស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែង ផ្ទៃដីដែលអាចធ្វើការស្តារឡើងវិញបាន មានចំនួន ១១ ៥២៨ហិកតា ស្មើ ១១ ៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣ ៧៩៧ហិកតារ និងខូចខាត ១៦ ២១៩ហិកតារ។

សម្ដេចហ៊ុន សែន ថ្លែងថា សម្តេច ពិតជារីករាយដែលបានជួបបងប្អូនប្រជាកសិករ នាពេលនេះ និងបានចូលរួមសោកស្ដាយនិងរំលែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់។ សម្តេចហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉េ សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលព្រះអង្គ តែងតែយកព្រះទ័យទុកដាក់ចំពោះបងប្អូនប្រជាកសិករគ្រប់ៗរូប។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិសាលភាពប៉ះពាល់ទឹកជំនន់ នៅឆ្នាំនេះ ធំជាងឆ្នាំ២០២០ ដូច្នេះរំពឹងថា អាជ្ញាធរនិងប្រជាពលរដ្ឋយើង នឹងរួមគ្នាជម្នះការលំបាកដែលបង្កដោយទឹកជំនន់ នាពេលនេះ។ សម្តេច ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងទៅនេះ។

ជាងថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តចែកពូជដំណាំផ្សេងៗ ជូនប្រជាកសិករដែលមិនអាចធ្វើស្រែឡើងវិញបាន និងណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មពិចារណាផលិតពូជស្រូវ ទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើនផលឡើងវិញ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការធ្វើកសិកម្ម មិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករ មានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន។

ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញនេះ មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ ហើយនេះជាថ្ងៃទី៤ ហើយ ដែលកម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ សូម្បីតែម្នាក់។ ប៉ុន្តែទោះជាមិនមានឆ្លងថ្មីក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្តន៍វិធានការនានា ដើម្បីការពារជំងឺកូវីដ-១៩ ពីព្រោះកូវីដ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេស: ហើយសម្តេច ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាបន្តទៀត។ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ ជាពិសេសពេលពលរដ្ឋមានទុក្ខលំបាក គណបក្សប្រជាជនកម្ពុជា តែងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា៕ ខៀវទុំ

RELATED ARTICLES