ភ្នំពេញ ៖ មន្ត្រីនគរបាលចរាចរណ៍ ចំនួន៤រូប ដែលឈរជើងប្រចាំការនៅគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវម៉ៅសេទុង ត្រូវបានលោកស្នងការរាជធានីភ្នំពេញ បញ្ជាឱ្យកោះហៅមកសាកសួរ លុះក្រោយពីទទួលស្គាល់កំហុសរបស់ខ្លួនថា ពិតជាបានធ្វើការផាកពិន័យ ប្រជាពលរដ្ឋដែលគ្មានកំហុស (ភ្លើងបៃតង ហៅឡានផាកពិន័យ) ថែមទាំងមិនចេញវិក្កយបត្រទៀតនោះ ទើបលោកស្នងការសម្រេចដាក់ទណ្ឌកម្មវិន័យកងកម្លាំង ដោយដកស័ក្តិ និងបញ្ឈរជើង រយៈពេល៣ខែ។
យោងតាមសេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យស្នងការរង ទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វើការកោះហៅមន្ត្រីគោលដៅ ទាំង៤រូប មកសាកសួរនៅការិយាល័យ។ ក្រោយធ្វើការសាកសួររួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបើកបរ ធ្វើការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបើកបរ មិនមានកំហុសទាល់តែសោះ ។
ដោយទទួលបានបទបញ្ជា និងការឯកភាពពីលោកស្នងការ ផ្នែកវិន័យនៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤ រូបនេះ មកបញ្ឈរជើង រយៈពេល៣ខែ ដោយត្រូវបង្ហាញមុខជាប្រចាំ រាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក ធ្វើកិច្ចសន្យា ជាពិសេស មន្ត្រីដែលប្រព្រឹត្តកំហុស ត្រូវបានដកឋានន្តរស័ក្តិ មួយកម្រិត (ដក១ស័ក្តិ) ដើម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាម បណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅ គោលដៅនោះ ទៅលើរថយន្ត ១គ្រឿង ម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើស ភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភ័ស្តុតាងជាវីដេអូកាមេរ៉ា ភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប។ លុះដល់ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មានបែកសារជាសំឡេង ទទួលកំហុស ដែលលោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយកគណនីហ្វេសប៊ុក របស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្តបដិសេធ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕