ភ្នំពេញ ៖ ជំនួយការលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានលើកឡើងថា ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍ មិនគួរយកទៅចែកប៉ូលិសដែលខិតខំសម្លឹងរកបទល្មើសចរាចរណ៍ ដើម្បីផាកពិន័យនោះទេ គឺគួរយកទៅអភិវឌ្ឍន៍សង្គម បម្រើឱ្យផលប្រយោជន៍សាធារណៈ ឬកិច្ចការមនុស្សធម៌ផ្សេងៗ។
លោកមុត ចន្ថា ជំនួយការលោកកឹម សុខា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ថា «ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍! យើងយល់ថា ប្រាក់ផាកពិន័យលើបទល្មើសចរាចរណ៍ គឺប្រាក់ក្រហាយដែលជាញើសឈាមរបស់ប្រជាពលរដ្ឋ ទាំងអ្នកមាន និងអ្នកក្រ កសិករ ជាដើម។

ការដែលយកប្រាក់ផាកពិន័យ ទៅបែងចែកឱ្យអ្នកផាក ជាការលើកទឹកចិត្តវិញ ហាក់បង្កើតឱ្យមានភាពក្តៅក្រហល់ក្រហាយពីអ្នកដែលត្រូវបានគេផាក រួមទាំងអ្នកប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ពិត និងអ្នកដែលយល់ថា ខ្លួនឯងមិនបានប្រព្រឹត្តខុស។ អ្នកដែលត្រូវបានគេផាកពិន័យខ្លះ អាចខឹងសម្បា រហូតដាក់បណ្តាសាទៀតផង។
ដូច្នេះប្រាក់ផាកពិន័យ គួរតែត្រូវបានយកទៅអភិវឌ្ឍន៍ ឬបម្រើឱ្យផលប្រយោជន៍សាធារណៈវិញ ជាជាងយកវាទៅបែងចែកឱ្យអ្នកដែលខិតខំសម្លឹងរកបទល្មើសចរាចរណ៍ ដើម្បីផាកពិន័យ។ ប្រាក់ផាកពិន័យនេះ អាចជាប្រាក់ក្តៅក្រហាយ ឬប្រាក់បាប ព្រោះវាជាប្រាក់បានមកពីកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋ។
ខ្ញុំសប្បាយចិត្ត បើសិនជាប្រាក់ពិន័យរបស់ខ្ញុំ ត្រូវបានគេយកទៅអភិវឌ្ឍន៍សង្គម ឬបម្រើឱ្យផលប្រយោជន៍សាធារណៈ ដូចជា ៖ មន្ទីរពេទ្យកុមារគន្ធបុប្ផា មណ្ឌលកុមារកំព្រា ឬកិច្ចការមនុស្សធម៌ផ្សេងៗ»៕ ខៀវទុំ